ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​ដាវីឌ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល

1. គ្រា​នោះ សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ប្រមូល​គ្នា​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុន ទូល​ថា មើល​យើង​ខ្ញុំ​រាល់​គ្នា​ជា​សាច់​ឈាម​ជា​មួយ​នឹង​លោក

2. កាល​ពី​ដើម​ដែល​សូល​ធ្វើ​ជា​ស្តេច​នៅ​ឡើយ នោះ​គឺ​លោក​ហើយ ដែល​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ចូល ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដល់​លោក​ថា គឺ​ឯង​ហើយ ដែល​ត្រូវ​ឃ្វាល​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​ធ្វើ​ជា​អ្នក​នាំ​មុខ​នៃ​រាស្ត្រ​អញ​ផង

3. គឺ​យ៉ាង​នោះ ដែល​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​មក​ឯ​ស្តេច នៅ​ក្រុង​ហេប្រុន ហើយ​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ក្រុង​ហេប្រុន រួច​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ‌សារ​សាំយូ‌អែល។

ស្តេច​ដាវីឌ​លើក​រាជ‌ធានី​មក​នៅ​ក្រុង​យេរូ‌សាឡិម

4. លំដាប់​នោះ ដាវីឌ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម (គឺ​ជា​ក្រុង​យេប៊ូស) ឯ​ពួក​សាសន៍​យេប៊ូស ជា​ពួក​អ្នក​របស់​ស្រុក​នោះ ក៏​នៅ​ទី​ក្រុង​នោះ​នៅ​ឡើយ

5. ហើយ​ពួក​អ្នក​ក្រុង​យេប៊ូស គេ​ស្តី​ដល់​ដាវីឌ​ថា ឯង​នឹង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ ប៉ុន្តែ ដាវីឌ​វាយ​ចាប់​យក​ទី​មាំ‌មួន​ស៊ីយ៉ូន​បាន នោះ​គឺ​ជា​ក្រុង​របស់​ដាវីឌ

6. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​ណា​ដែល​វាយ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​អ្នក​មុខ ហើយ​ជា​មេ‌ទ័ព​ធំ ដូច្នេះ យ៉ូអាប់ ជា​កូន​សេរូយ៉ា ក៏​ឡើង​ទៅ​ជា​មុន​គេ ហើយ​បាន​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព

7. ឯ​ដាវីឌ​ទ្រង់​គង់​នៅ​ក្នុង​ទី​មាំ‌មួន ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា ក្រុង​ដាវីឌ

8. ទ្រង់​ក៏​សង់​ទី​ក្រុង​នោះ​ឡើង​នៅ​ជុំវិញ ចាប់​តាំង​ពី​ប៉ម​មីឡូរ​ព័ទ្ធ​ជុំវិញ ហើយ​យ៉ូអាប់​លោក​ក៏​ជួស‌ជុល​ទី​ក្រុង​ត្រង់​កន្លែង​ឯ​ទៀត

9. ចំណែក​ដាវីឌ បាន​កាន់​តែ​ថ្កុំ‌ថ្កើង​ឡើង ហើយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ក៏​គង់​ជា​មួយ។

ពួក​អ្នក​ដ៏​ខ្លាំង​ពូកែ​របស់​ស្តេច​ដាវីឌ

10. រីឯ​ពួក​ប្រធាន ក្នុង​ពួក​ខ្លាំង​ពូកែ​របស់​ដាវីឌ ដែល​កាន់​ខ្ជាប់​ខាង​ទ្រង់ ជា​មួយ​នឹង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ដើម្បី​នឹង​តាំង​នគរ​ឡើង តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល

11. ឯ​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ដាវីឌ នោះ​បាន​រាប់​ដូច​ជា​មាន​ឈ្មោះ​ខាង​ក្រោម​នេះ​ស្រាប់ គឺ​យ៉ាសុ‌បៀម ជា​កូន​របស់​ពួក​ហាក់‌ម៉ូនី​ម្នាក់ លោក​ជា​មេ​លើ​ពួក​៣០​នាក់ ហើយ​បាន​ពួយ​លំពែង សំឡាប់​មនុស្ស​៣០០​នាក់​តែ​១​គ្រា

12. បន្ទាប់​នោះ មាន​កូន​ដូដូរ​ឈ្មោះ​អេលាសារ ជា​ពួក​អ័ហូអា ដែល​ជា​ម្នាក់​ក្នុង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​៣​នាក់

13. លោក​បាន​នៅ​ជា​មួយ​នឹង​ដាវីឌ​នៅ​ត្រង់​ផាស់-ដាំមីម ក្នុង​កាល​ដែល​ពួក​ភីលីស្ទីន​បាន​មូល​គ្នា​មក​ច្បាំង នៅ​កន្លែង​ដែល​មាន​ស្រែ​ស្រូវ​ឱក ហើយ​ពួក​ទ័ព​បាន​រត់ ពី​មុខ​ពួក​ភីលីស្ទីន​ទៅ

14. តែ​ពួក​នោះ គេ​ឈរ​នៅ​កណ្តាល​ស្រែ​នោះ ហើយ​បាន​ការ‌ពារ ព្រម​ទាំង​សំឡាប់​ពួក​ភីលីស្ទីន​បង់ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​សង្គ្រោះ​គេ ដោយ​ជ័យ‌ជំនះ​យ៉ាង​ធំ

15. ក៏​មាន​៣​នាក់​ក្នុង​ពួក​ប្រធាន​ទាំង​៣០​នាក់​នោះ គេ​បាន​ចុះ​ទៅ​ដាវីឌ​ត្រង់​ថ្មដា ក្នុង​រអាង​អាឌូឡាម នៅ​គ្រា​នោះ ពួក​ភីលីស្ទីន​បាន​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​រេផែម

16. ហើយ​ដាវីឌ​ទ្រង់​គង់​នៅ​ក្នុង​ទី​មាំ‌មួន ឯ​ពួក​ភីលីស្ទីន គេ​មាន​ទ័ព​១​កង​រក្សា​ស្រុក នៅ​ឯ​ក្រុង​បេថ្លេ‌ហិម

17. ចំណែក​ដាវីឌ ទ្រង់​នឹក‌កន្លេង​ក្នុង​ព្រះ‌ទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា ឱ​បើ​សិន​ជា​មាន​អ្នក​ណា​យក​ទឹក​ពី​អណ្តូង ដែល​នៅ​មាត់​ទ្វារ​ក្រុង​បេថ្លេ‌ហិម​មក ឲ្យ​អញ​ផឹក​ទៅ​អេះ

18. រួច​អ្នក​ទាំង​៣​នោះ​ក៏​បំបែក​ពួក​ទ័ព​ភីលីស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ក្រុង​បេថ្លេ‌ហិម​នោះ នាំ​យក​មក​ថ្វាយ​ដល់​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ព្រះ‌យេហូវ៉ា​វិញ

19. ដោយ​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​ព្រះ​នៃ​ទូល‌បង្គំ​ឃាត់​មិន​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដូច្នោះ​ឡើយ តើ​ទូល‌បង្គំ​នឹង​ផឹក​ឈាម​របស់​មនុស្ស​ទាំង​នេះ ដែល​បាន​ប្រថុយ​ជីវិត​យ៉ាង​នេះ​ឬ​អី ដ្បិត​គេ​បាន​យក​ទឹក​នេះ​មក ដោយ​ប្រថុយ​ជីវិត​របស់​គេ​ពិត ហេតុ​នោះ​បាន​ជា​ទ្រង់​មិន​ព្រម​សោយ​ឡើយ គឺ​ការ​យ៉ាង​នោះ​ឯង ដែល​មនុស្ស​ខ្លាំង​ពូកែ​ទាំង​៣​នាក់​នោះ​បាន​ធ្វើ

20. ឯ​អ័ប៊ី‌សាយ ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​៣​នាក់​នោះ ពី​ព្រោះ​លោក​បាន​ពួយ​លំពែង​សំឡាប់​មនុស្ស​៣០០​នាក់ ហើយ​មាន​ល្បី​ឈ្មោះ​ក្នុង​ពួក​៣​នាក់​នោះ

21. ក្នុង​ពួក​៣​នាក់​នោះ គេ​រាប់​អាន​លោក​ជា​ជាង​២​នាក់​ឯ​ទៀត ហើយ​ក៏​តាំង​ឡើង​ធ្វើ​ជា​មេ​លើ​គេ ប៉ុន្តែ លោក​មិន​ដល់​ពួក​៣​នាក់​ខាង​ដើម​នោះ​ទេ។

22. ឯ​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ដែល​ជា​កូន​របស់​អ្នក​ខ្លាំង​ពូកែ​ម្នាក់ នៅ​ក្រុង​កាប‌សៀល លោក​ជា​អ្នក​ដែល​បាន​ធ្វើ​ការ​យ៉ាង​ពូកែ លោក​បាន​សំឡាប់​កូន​ទាំង​២​របស់​អ័រាល ជា​សាសន៍​ម៉ូអាប់ ហើយ​ក៏​ចុះ​ទៅ​ក្នុង​រណ្តៅ​សំឡាប់​សត្វ​សិង្ហ​១ នៅ​ថ្ងៃ​មាន​ហិមៈ

23. ក៏​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់ ជា​មនុស្ស​ធំ​សំបើម​កំពស់​៥​ហត្ថ សាសន៍​អេស៊ីព្ទ​នោះ​កាន់​លំពែង​១​ប៉ុន​ផ្សំ​ដំបាញ តែ​លោក​ចុះ​ទៅ​ឯ​វា កាន់​តែ​ដំបង​ទេ ក៏​កន្ត្រាក់​យក​លំពែង​ពី​ដៃ​របស់​មនុស្ស​សាសន៍​អេស៊ីព្ទ​នោះ រួច​ចាក់​សំឡាប់​ដោយ​លំពែង​របស់​វា​ទៅ

24. គឺ​ការ​យ៉ាង​នោះ​ដែល​បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា​បាន​ធ្វើ ហើយ​មាន​ល្បី​ឈ្មោះ​នៅ​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣​នាក់​នោះ

25. គេ​បាន​រាប់​អាន​លោក​ជា​ជាង​ពួក​៣០​នាក់​នោះ តែ​លោក​មិន​ដល់​ពួក​៣​នាក់​ខាង​ដើម​ទេ ដាវីឌ​ទ្រង់​ក៏​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​ទាហាន​រក្សា​អង្គ។

26. ឯ​មនុស្ស​ខ្លាំង​ពូកែ ក្នុង​ពួក​ពល‌ទ័ព​ទាំង​ប៉ុន្មាន គឺ​អេសា‌អែល ជា​ប្អូន​យ៉ូអាប់ អែល‌ហា‌ណាន ជា​កូន​ដូដូរ ដែល​នៅ​ក្រុង​បេថ្លេ‌ហិម

27. សាំម៉ូត ជា​អ្នក​ស្រុក​ហារ៉ូ ហេលែស ជា​អ្នក​ស្រុក​ពេឡូន

28. អ៊ីរ៉ា ជា​កូន​អ៊ីក‌កែស​ជា​អ្នក​ក្រុង​ត្កូអា អ័បៀ‌ស៊ើរ ជា​អ្នក​នៅ​ក្រុង​អាន៉ា‌ថោត

29. ស៊ីបា‌កាយ ជា​អ្នក​ស្រុក​ហ៊ូសាយ អ៊ីឡាយ ជា​អ្នក​ស្រុក​អ័ហូអា

30. ម៉ាហា‌រ៉ាយ ជា​អ្នក​ក្រុង​នថូផា ហេលែប​កូន​ប្អាណា ជា​អ្នក​ក្រុង​នថូផា

31. អ៊ីត‌តាយ កូន​រីបាយ ជា​អ្នក​ក្រុង​គីបៀន ក្នុង​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន បេណាយ៉ា​ជា​អ្នក​ស្រុក​ពីរ៉ាថូន

32. ហ៊ូរ៉ាយ ជា​អ្នក​ស្រុក​ណាហាលេ-កាអាស អ័បៀល ជា​អ្នក​ស្រុក​អើ‌រ៉ាបា

33. អាស‌ម៉ាវែត​ជា​អ្នក​ស្រុក​បាហ៊ូរីម អេលីយ៉ាបា ជា​អ្នក​ស្រុក​ស្អាឡា‌ប៊ីន

34. និង​ពួក​កូន​ហាសេម ជា​អ្នក​ស្រុក​គីសូន យ៉ូណា‌ថាន កូន​សាកេ ជា​អ្នក​ស្រុក​ហារ៉ារី

35. អ័ហ៊ី‌យ៉ាម កូន​សាកើរ​ជា​អ្នក​ស្រុក​ហារ៉ារី អេលី‌ផាល ជា​កូន​អ៊ើរ

36. ហេភើរ ជា​អ្នក​ស្រុក​មេកេរ៉ា អ័ហ៊ីយ៉ា ជា​អ្នក​ស្រុក​ពេឡូន

37. ហែស្រូ​ជា​អ្នក​ស្រុក​កើមែល ណ្អារ៉ាយ ជា​កូន​អែស‌បាយ

38. យ៉ូអែល ជា​ប្អូន​ណាថាន់ មីបហា ជា​កូន​ហាគ្រី

39. សេលេក​ជា​សាសន៍​អាំម៉ូន ណា‌ហា‌រ៉ាយ ជា​អ្នក​ស្រុក​បេរ៉ូត ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​ឲ្យ​យ៉ូអាប់ ជា​កូន​សេរូយ៉ា

40. អ៊ីរ៉ា​ជា​អ្នក​ស្រុក​យេធើ ការេប ជា​អ្នក​ស្រុក​យេធើ

41. អ៊ូរី ជា​សាសន៍​ហេត សាបាឌ ជា​កូន​អ័ឡាយ

42. អ័ឌីណា ជា​កូន​ស៊ីសា ក្នុង​ពួក​រូបេន ជា​អ្នក​ប្រធាន​ក្នុង​ពួក​រូបេន ព្រម​ទាំង​៣០​នាក់​នៅ​ជា​មួយ​ផង

43. ហាណាន ជា​កូន​ម្អាកា យេហូ‌សា‌ផាត ជា​អ្នក​ស្រុក​មីតនី

44. អ៊ូស៊ីយ៉ា ជា​អ្នក​ស្រុក​អាស‌ថារ៉ូត សាម៉ា និង​យេហ៊ី‌អែល កូន​ហូថាម ជា​អ្នក​ស្រុក​អារ៉ូអ៊ើរ

45. យេឌី‌អែល ជា​កូន​ស៊ីមរី និង​យ៉ូហា​ជា​ប្អូន​គាត់ ជា​អ្នក​ស្រុក​ធីសា

46. អេលាល ជា​អ្នក​ស្រុក​ម៉ាហាវីម យេរី‌បាយ និង​យ៉ូសាវា ជា​កូន​អែល‌ណ្អាម យីតម៉ា ជា​សាសន៍​ម៉ូអាប់

47. អេលាល អូបិឌ និង​យ្អា‌សៀល ជា​ពួក​អ្នក​ស្រុក​មេសូ‌បាយ៉ា។