គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 8:40-56 ព្រះគម្ពីរបរិសុទ្ធ (KHOV)

40. ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​ទ្រង់​នៅ​គ្រប់​១​ជីវិត ដែល​គេ​រស់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​ប្រទាន​មក​ពួក​អយ្យកោ​យើង​ខ្ញុំ​ទាំង‌ឡាយ។

41. មួយ​ទៀត ត្រង់​ឯ​ពួក​សាសន៍​ដទៃ ដែល​មិន​មែន​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ទេ បើ​កាល​ណា​គេ​ចាក​ចេញ​ពី​ស្រុក​ឆ្ងាយ​មក ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់

42. (ដ្បិត​គេ​នឹង​ឮ​និយាយ ពី​ព្រះ‌នាម​ដ៏​ជា​ធំ​ឧត្តម​របស់​ទ្រង់ និង​ពី​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ ហើយ​ពី​ព្រះ‌ពាហុ​ដែល​លើក​សំរេច​ដែរ) ហើយ​គេ​មក​អធិ‌ស្ឋាន​ដំរង់​ចំពោះ​ព្រះ‌វិហារ​នេះ

43. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ទ្រង់ ហើយ​សំរេច​សព្វ​គ្រប់ តាម​សេចក្តី​ដែល​សាសន៍​ដទៃ​នោះ​នឹង​សូម​ដល់​ទ្រង់ ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ស្គាល់​ព្រះ‌នាម​ទ្រង់ ប្រយោជន៍​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​ទ្រង់ ដូច​ជា​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ដែរ ហើយ​ឲ្យ​គេ​បាន​ដឹង​ថា ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់។

44. បើ​កាល​ណា​រាស្ត្រ​របស់​ទ្រង់​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ តាម​ផ្លូវ​ណា​ក៏​ដោយ ដែល​ទ្រង់​នឹង​ចាត់​គេ​ឲ្យ​ទៅ ហើយ​គេ​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ទាំង​បែរ​មក​ឯ​ទី​ក្រុង​នេះ ដែល​ទ្រង់​បាន​រើស និង​ព្រះ‌វិហារ​នេះ ដែល​ទូល‌បង្គំ​បាន​ស្អាង​ថ្វាយ​ដល់​ព្រះ‌នាម​ទ្រង់

45. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សំរេច​តាម​សេចក្តី​យុត្តិ‌ធម៌​ឲ្យ​គេ​ផង។

46. បើ​កាល​ណា​គេ​ធ្វើ​បាប​នឹង​ទ្រង់ (ដ្បិត​គ្មាន​មនុស្ស​ណា​មួយ​ដែល​មិន​ធ្វើ​បាប​ឡើយ) ហើយ​ទ្រង់​កើត​មាន​សេចក្តី​ក្រោធ​នឹង​គេ ព្រម​ទាំង​ប្រគល់​គេ ដល់​ពួក​ខ្មាំង​សត្រូវ ឲ្យ​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​របស់​សត្រូវ​នោះ ទោះ​នៅ​ឆ្ងាយ​ឬ​ជិត​ក្តី

47. នោះ​បើ​គេ​នឹក​ចាំ​នៅ​ក្នុង​ស្រុក ដែល​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ ហើយ​បែរ​ត្រឡប់​ចិត្ត​មក​វិញ ព្រម​ទាំង​ទូល​អង្វរ​ដល់​ទ្រង់ នៅ​ក្នុង​ស្រុក​របស់​ពួក​សាសន៍​ដែល​ដឹក‌នាំ​គេ ទៅ​ជា​ឈ្លើយ​នោះ​ដោយ​ពាក្យ​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ ក៏​បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន ហើយ​ធ្វើ​ការ​អាក្រក់​ផង

48. បើ‌សិន​ជា​គេ​វិល​ត្រឡប់​មក​ឯ​ទ្រង់​ដោយ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ ដែល​បាន​នាំ​គេ​ទៅ​ជា​ឈ្លើយ​នោះ ហើយ​ក៏​អធិ‌ស្ឋាន​ដល់​ទ្រង់ ទាំង​បែរ​មក​ឯ​ស្រុក​នេះ ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​អយ្យកោ​គេ គឺ​ជា​ទី​ក្រុង ដែល​ទ្រង់​បាន​រើស​តាំង និង​ព្រះ‌វិហារ ដែល​ទូល‌បង្គំ​បាន​ស្អាង​ថ្វាយ​ព្រះ‌នាម​ទ្រង់

49. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​ទ្រង់ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន​ហើយ​ទូល​អង្វរ​នោះ ព្រម​ទាំង​សំរេច​សេចក្តី​ត្រឹម‌ត្រូវ​ឲ្យ​គេ​ផង

50. សូម​អត់​ទោស​ដល់​រាស្ត្រ​ទ្រង់ ដែល​បាន​ធ្វើ​បាប​នឹង​ទ្រង់​ដូច្នេះ ហើយ​អស់​ទាំង​ការ​រំលង​ច្បាប់ ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ទ្រង់​ដែរ សូម​បណ្តាល​ឲ្យ​ពួក​អ្នក​ដែល​នាំ​គេ​ទៅ​ជា​ឈ្លើយ​នោះ បាន​អាណិត​មេត្តា​ដល់​គេ​វិញ

51. (ដ្បិត​គេ​ជា​រាស្ត្រ​របស់​ផង​ទ្រង់ និង​ជា​មរដក​របស់​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​ពី​កណ្តាល​គុក​រំលាយ​ដែក​នោះ)

52. ដើម្បី​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​បាន​បើក សំរាប់​ទត​ក្នុង​វេលា​ណា ដែល​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ និង​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់ ទូល​អង្វរ ហើយ​នឹង​ស្តាប់​តាម​សេចក្តី ដែល​គេ​ទូល​សូម​ដល់​ទ្រង់

53. ដ្បិត ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​បាន​ញែក​គេ​ចេញ​ពី​អស់​ទាំង​សាសន៍​នៅ​ផែនដី ទុក​សំរាប់​ជា​មរកដ​របស់​ទ្រង់​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​លោក​ម៉ូសេ ជា​បាវ​បំរើ​នៃ​ទ្រង់ ពី​កាល​ទ្រង់​បាន​នាំ​ពួក​អយ្យកោ​យើង​ខ្ញុំ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។

54. កាល​សាឡូ‌ម៉ូន​បាន​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា តាម​គ្រប់​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​ក៏​ក្រោក ពី​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា គឺ​ពី​កន្លែង​ដែល​ទ្រង់​បាន​លុត​ព្រះ‌ជង្ឃ លើក​ព្រះ‌ហស្ត​ដំរង់​ទៅ​ឯ​មេឃ​នោះ​ឡើង

55. ទ្រង់​ក៏​ឈរ​ឡើង ប្រទាន​ពរ ដល់​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដោយ​ព្រះ‌សៀង​ដ៏​ខ្លាំង​ថា

56. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ដែល​ទ្រង់​បាន​ប្រទាន​សេចក្តី​សំរាក ដល់​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់ តាម​គ្រប់​ទាំង​សេចក្តី ដែល​ទ្រង់​បាន​សន្យា​ឥត​មាន​ខ្វះ​ព្រះ‌បន្ទូល​ណា​មួយ ក្នុង​គ្រប់​សេចក្តី​ល្អ ដែល​ទ្រង់​បាន​សន្យា ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់​នោះ​ឡើយ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 8