គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 8:36-46 ព្រះគម្ពីរបរិសុទ្ធ (KHOV)

36. នោះ​សូម​ទ្រង់​ប្រោស​ពី​លើ​ស្ថាន​សួគ៌ ហើយ​អត់​ទោស​ចំពោះ​អំពើ​បាប​របស់​ពួក​បាវ​បំរើ​ទ្រង់ គឺ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់ ដោយ​បង្រៀន​ឲ្យ​ដឹង​ផ្លូវ​ល្អ​ណា​ដែល​ត្រូវ​ដើរ រួច​សូម​បង្អុរ​ភ្លៀង​ឲ្យ​ធ្លាក់​មក​លើ​ស្រុក​របស់​ទ្រង់ ដែល​បាន​ប្រទាន​មក​រាស្ត្រ​ទ្រង់ ទុក​ជា​មរដក​ផង។

37. បើ​កាល​ណា​កើត​មាន​អំណត់​នៅ​ក្នុង​ស្រុក ឬ​បើ​មាន​អន្តរាយ ស្កក​ស្រូវ ក្រាចាប់ កណ្តូប ឬ​ដង្កូវ​ស៊ី បើ​ពួក​ខ្មាំង​សត្រូវ​លុក‌លុយ​ក្នុង​ស្រុក​ឡោម‌ព័ទ្ធ​ទី​ក្រុង ឬ​កើត​មាន​សេចក្តី​វេទនា​ណា ឬ​ជំងឺ​ណា​ក៏​ដោយ

38. នោះ​ទោះ​បើ​មនុស្ស​ណា​មួយ ឬ​បណ្តា​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ដែល​ស្គាល់​សេចក្តី​វេទនា​នៅ​ក្នុង​ចិត្ត​ខ្លួន គេ​លើក​ដៃ​ដំរង់​មក​ឯ​ព្រះ‌វិហារ​នេះ ហើយ​អធិ‌ស្ឋាន ឬ​ទូល​សូម​អ្វី​ក៏​ដោយ

39. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ទ្រង់ ហើយ​អត់​ទោស ព្រម​ទាំង​សំរេច​ការ ដោយ​សង​ដល់​គ្រប់​គ្នា តាម​ផ្លូវ​គេ​ប្រព្រឹត្ត តាម​តែ​ទ្រង់​ជ្រាប​ចិត្ត​គេ (ដ្បិត​គឺ​ទ្រង់​តែ​១ ដែល​ជ្រាប​ចិត្ត​នៃ​ពួក​មនុស្ស​លោក​ទាំង​អស់)

40. ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​ទ្រង់​នៅ​គ្រប់​១​ជីវិត ដែល​គេ​រស់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​ប្រទាន​មក​ពួក​អយ្យកោ​យើង​ខ្ញុំ​ទាំង‌ឡាយ។

41. មួយ​ទៀត ត្រង់​ឯ​ពួក​សាសន៍​ដទៃ ដែល​មិន​មែន​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ទេ បើ​កាល​ណា​គេ​ចាក​ចេញ​ពី​ស្រុក​ឆ្ងាយ​មក ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់

42. (ដ្បិត​គេ​នឹង​ឮ​និយាយ ពី​ព្រះ‌នាម​ដ៏​ជា​ធំ​ឧត្តម​របស់​ទ្រង់ និង​ពី​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ ហើយ​ពី​ព្រះ‌ពាហុ​ដែល​លើក​សំរេច​ដែរ) ហើយ​គេ​មក​អធិ‌ស្ឋាន​ដំរង់​ចំពោះ​ព្រះ‌វិហារ​នេះ

43. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ទ្រង់ ហើយ​សំរេច​សព្វ​គ្រប់ តាម​សេចក្តី​ដែល​សាសន៍​ដទៃ​នោះ​នឹង​សូម​ដល់​ទ្រង់ ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ស្គាល់​ព្រះ‌នាម​ទ្រង់ ប្រយោជន៍​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​ទ្រង់ ដូច​ជា​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ដែរ ហើយ​ឲ្យ​គេ​បាន​ដឹង​ថា ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់។

44. បើ​កាល​ណា​រាស្ត្រ​របស់​ទ្រង់​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ តាម​ផ្លូវ​ណា​ក៏​ដោយ ដែល​ទ្រង់​នឹង​ចាត់​គេ​ឲ្យ​ទៅ ហើយ​គេ​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ទាំង​បែរ​មក​ឯ​ទី​ក្រុង​នេះ ដែល​ទ្រង់​បាន​រើស និង​ព្រះ‌វិហារ​នេះ ដែល​ទូល‌បង្គំ​បាន​ស្អាង​ថ្វាយ​ដល់​ព្រះ‌នាម​ទ្រង់

45. នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សំរេច​តាម​សេចក្តី​យុត្តិ‌ធម៌​ឲ្យ​គេ​ផង។

46. បើ​កាល​ណា​គេ​ធ្វើ​បាប​នឹង​ទ្រង់ (ដ្បិត​គ្មាន​មនុស្ស​ណា​មួយ​ដែល​មិន​ធ្វើ​បាប​ឡើយ) ហើយ​ទ្រង់​កើត​មាន​សេចក្តី​ក្រោធ​នឹង​គេ ព្រម​ទាំង​ប្រគល់​គេ ដល់​ពួក​ខ្មាំង​សត្រូវ ឲ្យ​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​របស់​សត្រូវ​នោះ ទោះ​នៅ​ឆ្ងាយ​ឬ​ជិត​ក្តី

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 8