គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 8:18-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ជា​បិតា​យើង​ថា ដែល​ឯង​មាន​ចិត្ត​ចង់​ស្អាង​វិហារ​សំរាប់​ឈ្មោះ​អញ នោះ​បាន​ល្អ​ហើយ ដោយ​ឯង​មាន​បំណង​ចិត្ត​ដូច្នោះ

19. ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​ឯង​ស្អាង​វិហារ​នោះ​ទេ គឺ​ជា​កូន​ដែល​ឯង​នឹង​បង្កើត​មក កូន​នោះ​នឹង​ស្អាង​សំរាប់​ឈ្មោះ​អញ​វិញ

20. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​តាម​ព្រះ‌បន្ទូល​នោះ​ហើយ ដ្បិត​យើង​នេះ​បាន​កើត​ឡើង ជំនួស​ដាវីឌ ជា​បិតា​យើង ក៏​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា ហើយ​យើង​បាន​ស្អាង​ព្រះ‌វិហារ​នេះ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

21. ក៏​បាន​តាំង​កន្លែង​នៅ​ទី​នេះ ទុក​សំរាប់​ហឹប ដែល​មាន​សេចក្តី​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា ជា​សេចក្តី​ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​អយ្យកោ​យើង ពី​កាល​ទ្រង់​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

22. រួច​មក សាឡូ‌ម៉ូន​ទ្រង់​ឈរ​នៅ​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​មុខ​ពួក​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ទៅ​លើ​មេឃ​ថា

23. ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ទោះ​នៅ​ផ្ទៃ​មេឃ​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម​ក្តី ទ្រង់​កាន់​តាម​សេចក្តី​សញ្ញា និង​សេចក្តី​សប្បុរស​ដល់​ពួក​បាវ​បំរើ​ទ្រង់ ដែល​ខំ​ដើរ​នៅ​ចំពោះ​ទ្រង់​អស់​ពី​ចិត្ត

24. ទ្រង់​បាន​កាន់​តាម​សេចក្តី​សន្យា ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ អ្នក​បំរើ​ទ្រង់ ជា​បិតា​ទូល‌បង្គំ គឺ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដោយ​ព្រះ‌ឱស្ឋ ហើយ​បាន​សំរេច​តាម ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

25. ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ទ្រង់​រក្សា​សេចក្តី​នេះ​ទៀត ជា​សេចក្តី​ដែល​ទ្រង់​បាន​សន្យា​នឹង​បិតា​ទូល‌បង្គំ គឺ​នឹង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ របស់​សាសន៍​អ៊ីស្រា‌អែល នៅ​មុខ​អញ​ឡើយ ឲ្យ​តែ​កូន​ចៅ​ឯង​បាន​ប្រុង‌ប្រយ័ត្ន​នឹង​ដើរ​តាម​ផ្លូវ នៅ​មុខ​អញ ដូច​ជា​ឯង​បាន​ដើរ​នោះ​ដែរ

26. ដូច្នេះ ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ឥឡូវ​នេះ សូម​ទ្រង់​បញ្ជាក់​ព្រះ‌បន្ទូល​នៃ​ទ្រង់ ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​បិតា​ទូល‌បង្គំ គឺ​ដាវីឌ​ជា​អ្នក​បំរើ​ទ្រង់​ចុះ

27. យីអើ តើ​ព្រះ​នឹង​គង់​លើ​ផែនដី​ជា​ប្រាកដ​ឬ មើល ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អម្បាលម៉ាន​ទៅ​ទៀត

28. ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ទទួល​ពាក្យ​ដែល​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ដើម្បី​នឹង​ស្តាប់​តាម​សំរែក និង​សេចក្តី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ​ទូល​សូម​ចំពោះ​ទ្រង់​នៅ​ថ្ងៃ​នេះ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 8