គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 8:12-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. គ្រា​នោះ សាឡូ‌ម៉ូន​ទ្រង់​ពោល​ថា ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ទ្រង់​នឹង​គង់​នៅ​ក្នុង​ទី​ងងឹត​យ៉ាង​ក្រាស់

13. ដូច្នេះ ទូល‌បង្គំ​បាន​ស្អាង​ព្រះ‌វិហារ​នេះ​ថ្វាយ​ទ្រង់​គង់​ទុក​ជា​ទី​លំនៅ​ឲ្យ​ទ្រង់​គង់​នៅ​អស់​កល្ប‌ជានិច្ច។

14. រួច​ស្តេច​ទ្រង់​បែរ​ព្រះ‌ភក្ត្រ​មក ប្រទាន​ពរ​ដល់​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​គេ​កំពុង​តែ​ឈរ​នៅ

15. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ជា​បិតា​នៃ​យើង ដោយ​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​បាន​សំរេច​ព្រះ‌បន្ទូល​នោះ ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់​ថា

16. ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​បាន​នាំ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​អញ​មិន​បាន​រើស​ទី​ក្រុង​ណា​មួយ ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដើម្បី​នឹង​ស្អាង​វិហារ​ឲ្យ​ឈ្មោះ​អញ​បាន​នៅ​ទី​នោះ​ឡើយ តែ​អញ​បាន​រើស​ដាវីឌ​តាំង​ឡើង ឲ្យ​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ

17. រីឯ​បំណង​ព្រះ‌ទ័យ​នៃ​ដាវីឌ​ជា​បិតា​យើង នោះ​ទ្រង់​ចង់​ស្អាង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៅ​ហើយ

18. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ជា​បិតា​យើង​ថា ដែល​ឯង​មាន​ចិត្ត​ចង់​ស្អាង​វិហារ​សំរាប់​ឈ្មោះ​អញ នោះ​បាន​ល្អ​ហើយ ដោយ​ឯង​មាន​បំណង​ចិត្ត​ដូច្នោះ

19. ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​ឯង​ស្អាង​វិហារ​នោះ​ទេ គឺ​ជា​កូន​ដែល​ឯង​នឹង​បង្កើត​មក កូន​នោះ​នឹង​ស្អាង​សំរាប់​ឈ្មោះ​អញ​វិញ

20. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​តាម​ព្រះ‌បន្ទូល​នោះ​ហើយ ដ្បិត​យើង​នេះ​បាន​កើត​ឡើង ជំនួស​ដាវីឌ ជា​បិតា​យើង ក៏​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា ហើយ​យើង​បាន​ស្អាង​ព្រះ‌វិហារ​នេះ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

21. ក៏​បាន​តាំង​កន្លែង​នៅ​ទី​នេះ ទុក​សំរាប់​ហឹប ដែល​មាន​សេចក្តី​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា ជា​សេចក្តី​ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​អយ្យកោ​យើង ពី​កាល​ទ្រង់​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

22. រួច​មក សាឡូ‌ម៉ូន​ទ្រង់​ឈរ​នៅ​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​មុខ​ពួក​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ទៅ​លើ​មេឃ​ថា

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 8