10. លុះពួកសង្ឃបានចេញពីទីបរិសុទ្ធមកវិញ នោះពពកក៏មកពេញក្នុងព្រះវិហារនៃព្រះយេហូវ៉ា
11. ដល់ម៉្លេះបានជាពួកសង្ឃឈរធ្វើការងារពុំបាន ដោយព្រោះពពកនោះ ដ្បិតសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារនៃព្រះអង្គហើយ។
12. គ្រានោះ សាឡូម៉ូនទ្រង់ពោលថា ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ទ្រង់នឹងគង់នៅក្នុងទីងងឹតយ៉ាងក្រាស់
13. ដូច្នេះ ទូលបង្គំបានស្អាងព្រះវិហារនេះថ្វាយទ្រង់គង់ទុកជាទីលំនៅឲ្យទ្រង់គង់នៅអស់កល្បជានិច្ច។
14. រួចស្តេចទ្រង់បែរព្រះភក្ត្រមក ប្រទានពរដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលគេកំពុងតែឈរនៅ
15. ទ្រង់មានព្រះបន្ទូលថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់មានព្រះបន្ទូលនឹងដាវីឌ ជាបិតានៃយើង ដោយព្រះឱស្ឋទ្រង់ ហើយបានសំរេចព្រះបន្ទូលនោះ ដោយសារព្រះហស្តទ្រង់ថា
16. ចាប់តាំងពីថ្ងៃដែលអញបាននាំអ៊ីស្រាអែល ជារាស្ត្រអញចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបានរើសទីក្រុងណាមួយ ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដើម្បីនឹងស្អាងវិហារឲ្យឈ្មោះអញបាននៅទីនោះឡើយ តែអញបានរើសដាវីឌតាំងឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលជារាស្ត្រអញ
17. រីឯបំណងព្រះទ័យនៃដាវីឌជាបិតាយើង នោះទ្រង់ចង់ស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទៅហើយ
18. តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងដាវីឌ ជាបិតាយើងថា ដែលឯងមានចិត្តចង់ស្អាងវិហារសំរាប់ឈ្មោះអញ នោះបានល្អហើយ ដោយឯងមានបំណងចិត្តដូច្នោះ
19. ប៉ុន្តែមិនត្រូវឲ្យឯងស្អាងវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតមក កូននោះនឹងស្អាងសំរាប់ឈ្មោះអញវិញ