គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 8:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រួច​មក សាឡូ‌ម៉ូន​ទ្រង់​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល និង​ពួក​អ្នក​ដែល​ជា​ប្រធាន​លើ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ហើយ​ពួក​អ្នក​ដែល​កំពូល​ជា​លើ​វង្សា‌នុវង្ស​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ឯ​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន ឡើង​មក

2. ដូច្នេះ ពួក​បណ្តា‌ជន​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ប្រជុំ​គ្នា​ឯ​ស្តេច​សាឡូ‌ម៉ូន នៅ​វេលា​បុណ្យ​ក្នុង​ខែ​អស្សុជ គឺ​ជា​ខែ​ទី​៧

3. ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​មក ហើយ​ពួក​សង្ឃ​ក៏​លើក​ហឹប​សែង​ទៅ

4. គេ​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ត្រសាល​ជំនុំ និង​គ្រឿង​ប្រដាប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ត្រសាល ឡើង​មក​ផង គឺ​ពួក​សង្ឃ និង​ពួក​លេវី​ដែល​សែង​ឡើង​មក

5. រួច​ស្តេច​សាឡូ‌ម៉ូន និង​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​បាន​ប្រជុំ​គ្នា​មក​ឯ​ទ្រង់ គេ​នៅ​ជា​មួយ​នឹង​ទ្រង់ នៅ​ត្រង់​មុខ​ហឹប កំពុង​តែ​បូជា​ថ្វាយ​ចៀម និង​គោ​យ៉ាង​សន្ធឹក ដែល​នឹង​រាប់​ចំនួន​មិន​អស់​ឡើយ

6. រួច​ពួក​សង្ឃ​ក៏​សែង​យក​ហឹប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ចូល​ទៅ តម្កល់​ទុក​នៅ​កន្លែង​ដែល​បំរុង​ទុក​ឲ្យ គឺ​នៅ​ទី​ទទួល​ព្រះ‌បន្ទូល ជា​ទី​បរិសុទ្ធ​បំផុត​ត្រង់​ក្រោម​ស្លាប​នៃ​ចេរូប៊ីន ក្នុង​ព្រះ‌វិហារ

7. ដ្បិត​ចេរូប៊ីន​ទាំង​២​ត្រដាង​ស្លាប ពី​លើ​កន្លែង​ដែល​តម្កល់​ទុក​ហឹប​នោះ ចេរូប៊ីន​ក៏​គ្រប​នៅ​ពី​លើ​ហឹប និង​ឈើ​ស្នែង​របស់​ហឹប​ផង

8. គេ​បាន​ធ្វើ​ឈើ​ស្នែង​នោះ​ឲ្យ​វែង ដល់​ម៉្លេះ​បាន​ជា​មើល​ឃើញ​ពី​ត្រង់​ទី​បរិសុទ្ធ ជា​ទី​ដែល​នៅ​មុខ​ទី​ទទួល​ព្រះ‌បន្ទូល​បាន តែ​មិន​បាន​ឃើញ​ពី​ខាង​ក្រៅ​ទេ ហើយ​ក៏​នៅ​ទី​នោះ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

9. ឯ​នៅ​ក្នុង​ហឹប នោះ​មាន​តែ​បន្ទះ​ថ្ម​២​ផ្ទាំង​ប៉ុណ្ណោះ ដែល​លោក​ម៉ូសេ​បាន​ដាក់ ពី​កាល​នៅ​ត្រង់​ភ្នំ​ហោរែប នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​សញ្ញា​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក្រោយ​ដែល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

10. លុះ​ពួក​សង្ឃ​បាន​ចេញ​ពី​ទី​បរិសុទ្ធ​មក​វិញ នោះ​ពពក​ក៏​មក​ពេញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 8