គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 3:13-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. អញ​ក៏​បាន​ឲ្យ​សេចក្តី​ដែល​ឯង​មិន​បាន​សូម​ផង គឺ​ទាំង​ទ្រព្យ​សម្បត្តិ និង​កេរ្តិ៍‌ឈ្មោះ ដល់​ម៉្លេះ​បាន​ជា​ក្នុង​ពួក​ស្តេច​ទាំង​ប៉ុន្មាន​នឹង​គ្មាន​អ្នក​ណា​មួយ​ដូច​ឯង ដរាប​ដល់​គ្រប់​១​ជីវិត​ឯង​ឡើយ

14. បើ‌សិន​ជា​ឯង​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​អញ ដើម្បី​នឹង​កាន់​តាម​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​អញ​ទាំង​ប៉ុន្មាន ដូច​ជា​ដាវីឌ ជា​ឪពុក​ឯង បាន​ប្រព្រឹត្ត នោះ​អញ​នឹង​ចំរើន​អាយុ​ឯង ឲ្យ​បាន​វែង​ថែម​ទៀត​ដែរ

15. រួច​សាឡូ‌ម៉ូន​ក៏​តើន​ឡើង ហើយ​មើល នោះ​ជា​សុបិន​និមិត្ត​ទេ ដូច្នេះ ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ក៏​ឈរ​នៅ​ចំពោះ​ហឹប​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី រួច​ក៏​ជប់‌លៀង​បណ្តា​ពួក​អ្នក​រាជ‌ការ​របស់​ទ្រង់​គ្រប់​គ្នា។

16. ក្រោយ​ត​មក មាន​ស្រី​សំផឹង​២​នាក់​បាន​មក​ឈរ​នៅ​ចំពោះ​ស្តេច

17. នាង​១​ទូល​ថា បពិត្រ​ព្រះ‌អម្ចាស់​អើយ ខ្ញុំ​ម្ចាស់ និង​ស្ត្រី​នៅ​ផ្ទះ​ជា​មួយ​គ្នា យើង​ខ្ញុំ​ទាំង​២​បាន​សំរាល​កូន​នៅ​ផ្ទះ​នោះ

18. កាល​ខ្ញុំ​ម្ចាស់​សំរាល​កូន​មក​បាន​៣​ថ្ងៃ នោះ​ស្ត្រី​នេះ​ក៏​សំរាល​មក​ដែរ យើង​ខ្ញុំ​ទាំង​២​នៅ​ជា​មួយ​គ្នា ឥត​មាន​អ្នក​ដទៃ​ណា​នៅ​ក្នុង​ផ្ទះ​នោះ​ឡើយ មាន​តែ​យើង​ខ្ញុំ​២​នាក់​ប៉ុណ្ណោះ

19. ជួន​ជា​នៅ​វេលា​យប់​១ កូន​របស់​នាង​នេះ​បាន​ស្លាប់​ទៅ ដោយ​ម្តាយ​បាន​ដេក​សង្កិន​លើ

20. ដល់​ពាក់​កណ្តាល​អធ្រាត្រ កាល​ខ្ញុំ​ម្ចាស់ ជា​បាវ​បំរើ​ទ្រង់​កំពុង​តែ​ទទួល​ទាន​ដំណេក​លក់ នោះ​នាង​ក្រោក​ឡើង​យក​កូន​ខ្ញុំ​ម្ចាស់​ពី​ខាង​ខ្ញុំ​ម្ចាស់​ទៅ​បី ហើយ​ដាក់​កូន​ស្លាប់​របស់​នាង​នែប​នៅ​ទ្រូង​ខ្ញុំ​ម្ចាស់​វិញ

21. លុះ​ព្រឹក​ឡើង កាល​ខ្ញុំ​ម្ចាស់​ក្រោក​ឡើង​នឹង​បំបៅ​កូន នោះ​មើល វា​បាន​ស្លាប់​ហើយ ប៉ុន្តែ​ដល់​ភ្លឺ​ឡើង នោះ​ខ្ញុំ​ម្ចាស់​បាន​ពិនិត្យ​មើល​ទៅ ឃើញ​ថា​មិន​មែន​ជា​កូន​ដែល​ខ្ញុំ​ម្ចាស់​បង្កើត​ទេ

22. ស្ត្រី​១​ទៀត​នោះ​ក៏​ឆ្លើយ​កាត់​ទៅ​ថា ទេ មិន​មែន​ដូច្នោះ​ទេ គឺ​កូន​ដែល​រស់​នៅ នោះ​ជា​កូន​របស់​អញ ហើយ​កូន​ដែល​ស្លាប់​ទៅ​ជា​កូន​របស់​ឯង​វិញ តែ​ស្រី​នេះ​ប្រកែក​ថា មិន​មែន​ឡើយ គឺ​កូន​ដែល​ស្លាប់​ជា​កូន​របស់​ឯង ហើយ​កូន​ដែល​រស់​នៅ​នេះ​ជា​កូន​របស់​អញ​វិញ ស្ត្រី​ទាំង​២​បាន​ជជែក​គ្នា​យ៉ាង​នោះ​នៅ​ចំពោះ​ស្តេច។

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 3