គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 3:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​សាឡូ‌ម៉ូន ទ្រង់​ចង​ញាតិ‌ពន្ធ​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដោយ​យក​បុត្រី​ផារ៉ោន​ធ្វើ​ជា​ភរិយា ហើយ​នាំ​នាង​មក​ក្នុង​ក្រុង​ដាវីឌ ទាល់​តែ​ទ្រង់​បាន​សង់​ដំណាក់​របស់​ទ្រង់ និង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កំផែង​ជុំវិញ​ក្រុង​យេរូ‌សាឡិម​រួច​ជា​ស្រេច

2. នៅ​គ្រា​នោះ បណ្តា‌ជន​គេ​ថ្វាយ​យញ្ញ‌បូជា នៅ​តែ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ពី​ព្រោះ​មិន​ទាន់​បាន​ស្អាង​ព្រះ‌វិហារ​ណា ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៅ​ឡើយ

3. រីឯ​សាឡូ‌ម៉ូន ទ្រង់​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ហើយ​បាន​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ដាវីឌ​ជា​ព្រះ‌វរ‌បិតា​ទ្រង់ វៀរ​តែ​ការ​ដែល​ថ្វាយ​យញ្ញ‌បូជា នឹង​ដុត​កំញាន នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​ប៉ុណ្ណោះ។

4. ស្តេច​សាឡូ‌ម៉ូន ទ្រង់​ក៏​យាង​ទៅ​ឯ​គីបៀន ដើម្បី​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ ពី​ព្រោះ​ទី​ខ្ពស់​នោះ ជា​ទី​យ៉ាង​ប្រសើរ​វិសេស​ជាង​គេ ទ្រង់​បាន​ថ្វាយ​ដង្វាយ​ដុត​អស់​១​ពាន់ នៅ​លើ​អាស‌នា​នៅ​ទី​នោះ

5. ហើយ​នៅ​ត្រង់​គីបៀន​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​លេច​មក ឲ្យ​សាឡូ‌ម៉ូន​ឃើញ​ក្នុង​សុបិន​និមិត្ត​នៅ​វេលា​យប់ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​សូម​អ្វី​ដែល​ចង់​ឲ្យ​អញ​ប្រទាន​ដល់​ឯង​ចុះ

6. នោះ​សាឡូ‌ម៉ូន​ទ្រង់​ទូល​ឆ្លើយ​ថា ព្រះ‌អង្គ​បាន​សំដែង​សេចក្តី​សប្បុរស​ដ៏​ធំ​ដល់​បាវ​បំរើ​ទ្រង់ គឺ​ដាវីឌ ជា​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំ តាម​ដែល​លោក​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្តី​ពិត និង​សេចក្តី​សុចរិត ហើយ​ដោយ​មាន​ចិត្ត​ទៀង​ត្រង់​ដល់​ទ្រង់ ព្រះ‌អង្គ​ក៏​បាន​បំរុង​ទុក​សេចក្តី​សប្បុរស​ដ៏​ធំ​នេះ ឲ្យ​លោក​ទៀត គឺ​បាន​ប្រទាន​ឲ្យ​លោក​មាន​កូន សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​លោក ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

7. ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទ្រង់​បាន​តាំង​ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់​ឡើង ធ្វើ​ជា​ស្តេច​ជំនួស​ដាវីឌ​ព្រះ‌បិតា​ទូល‌បង្គំ តែ​ទូល‌បង្គំ​ដូច​ជា​ក្មេង​តូច ឥត​ដឹង​ជា​ត្រូវ​ចេញ​ចូល​យ៉ាង​ណា​ឡើយ

8. ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ នៅ​កណ្តាល​ប្រជា‌ជន ដែល​ទ្រង់​បាន​ជ្រើស‌រើស ជា​សាសន៍​១​ធំ មាន​គ្នា​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន

9. ដូច្នេះ សូម​ទ្រង់​ប្រទាន​ឲ្យ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​នឹង​គ្រប់‌គ្រង​លើ​រាស្ត្រ​ទ្រង់ ប្រយោជន៍​ឲ្យ​ទូល‌បង្គំ​បាន​ពិចារណា​ដឹង​ខុស​ត្រូវ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​គ្រប់‌គ្រង​លើ​រាស្ត្រ​ទ្រង់ ដែល​មាន​គ្នា​ច្រើន​ទាំង​នេះ​បាន។

10. ព្រះ‌អម្ចាស់ ទ្រង់​ក៏​សព្វ​ព្រះ‌ហឫ‌ទ័យ​ចំពោះ​សេចក្តី​ដែល​សាឡូ‌ម៉ូន​បាន​សូម​នោះ

11. ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ដោយ​ព្រោះ​ឯង​បាន​សូម​សេចក្តី​នេះ គឺ​មិន​បាន​សូម​ឲ្យ​បាន​អាយុ​វែង ឬ​ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ឬ​ឲ្យ​បាន​យក​ជីវិត​នៃ​ពួក​ខ្មាំង​សត្រូវ​ឯង គឺ​បាន​សូម​ឲ្យ​មាន​យោបល់​សំរាប់​នឹង​យល់​សេចក្តី​យុត្តិ‌ធម៌​វិញ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 3