គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 1:9-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ទ្រង់​ក៏​សំឡាប់​ចៀម គោ និង​សត្វ​យ៉ាង​ធាត់​នៅ​ត្រង់​ថ្ម​សូហេ‌លែត ដែល​នៅ​ជិត​អេន-រ៉ូកេល ទ្រង់​អញ្ជើញ​ពួក​បង​ប្អូន​ទាំង​អស់ ជា​បុត្រា​ស្តេច និង​ពួក​ជន‌ជាតិ​យូដា​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​ថែ​រក្សា​ហ្លួង​ដែរ

10. តែ​មិន​បាន​អញ្ជើញ​ហោរា​ណាថាន់ បេណាយ៉ា និង​ពួក​មនុស្ស​ខ្លាំង​ពូកែ ឬ​សាឡូ‌ម៉ូន ជា​អនុជ​ទ្រង់​ទេ។

11. ដូច្នេះ ណាថាន់​ក្រាប​ទូល​ដល់​បាត‌សេបា ជា​មាតា​សាឡូ‌ម៉ូន ថា តើ​ព្រះ‌នាង​មិន​បាន​ជ្រាប​ថា អ័ដូ‌នីយ៉ា ជា​កូន​ហាគីត បាន​ឡើង​សោយ‌រាជ្យ ឥត​ជ្រាប​ដល់​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ផង​ទេ​ឬ​អី

12. ដូច្នេះ សូម​ព្រះ‌នាង​មក ឲ្យ​ទូល‌បង្គំ​បាន​ជួយ​គំនិត​ខ្លះ ប្រយោជន៍​ឲ្យ​បាន​រួច​ជីវិត​របស់​ព្រះ‌នាង និង​ជីវិត​របស់​សាឡូ‌ម៉ូន ជា​បុត្រ​ផង​ដែរ

13. សូម​ចូល​ទៅ​គាល់​ស្តេច​ដាវីឌ​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ តើ​ទ្រង់​មិន​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ជា​បាវ​បំរើ​ទ្រង់​ថា ត្រូវ​ឲ្យ​សាឡូ‌ម៉ូន ជា​កូន​ឯង សោយ‌រាជ្យ​ក្រោយ​អញ​ជា​ពិត ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​អញ​នោះ​ទេ​ឬ​អី ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ័ដូ‌នីយ៉ា​សោយ‌រាជ្យ​វិញ

14. មើល កំពុង​ដែល​ព្រះ‌នាង​នៅ​ទូល​នឹង​ស្តេច ក្នុង​ទី​នោះ​នៅ​ឡើយ នោះ​ទូល‌បង្គំ​នឹង​ចូល​ទៅ​តាម​ក្រោយ ហើយ​នឹង​បញ្ជាក់​ពាក្យ​របស់​ព្រះ‌នាង​ដែរ។

15. បាត‌សេបា​ក៏​ចូល​ទៅ​គាល់​ស្តេច នៅ​ក្នុង​បន្ទប់​ក្រឡា​ព្រះ‌បន្ទំ រីឯ​ស្តេច ទ្រង់​ជរា​ណាស់​ហើយ ក៏​មាន​នាង​អ័ប៊ី‌សាក ពី​ស៊ូណែម នាង​កំពុង​តែ​បំរើ​ទ្រង់

16. បាត‌សេបា​ក៏​ឱន​ខ្លួន​គោរព​នៅ​ចំពោះ​ស្តេច រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​មក​មាន​ប្រាថ្នា​អ្វី

17. ព្រះ‌នាង​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ជា​បាវ​បំរើ​ទ្រង់ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់​ថា សាឡូ‌ម៉ូន​ជា​កូន​ឯង នឹង​ឡើង​សោយ‌រាជ្យ​ក្រោយ​អញ​ជា​ពិត ហើយ​នឹង​អង្គុយ​លើ​បល្ល័ង្ក​អញ​មិន​មែន​ឬ

18. តែ​មើល ឥឡូវ​នេះ អ័ដូ‌នីយ៉ា​បាន​ឡើង​សោយ‌រាជ្យ​ហើយ ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ឥត​បាន​ជ្រាប​ទេ

19. វា​បាន​សំឡាប់​គោ និង​ចៀម ហើយ​សត្វ​យ៉ាង​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​អស់​នៃ​ព្រះ‌ករុណា ព្រម​ទាំង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ និង​យ៉ូអាប់ ជា​មេ‌ទ័ព​ដែរ តែ​ឯ​សាឡូ‌ម៉ូន ជា​បាវ​បំរើ​ទ្រង់ នោះ​គេ​មិន​បាន​ហៅ​ទៅ​ទេ

20. ដូច្នេះ ឱ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​អើយ ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​គន់​មើល​មក​ទ្រង់ ចាំ​តែ​ទ្រង់​ប្រាប់​ឲ្យ​គេ​ដឹង ជា​អ្នក​ណា​ដែល​ត្រូវ​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​ត​ពី​ទ្រង់​ទៅ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 1