9. ទ្រង់ក៏សំឡាប់ចៀម គោ និងសត្វយ៉ាងធាត់នៅត្រង់ថ្មសូហេលែត ដែលនៅជិតអេន-រ៉ូកេល ទ្រង់អញ្ជើញពួកបងប្អូនទាំងអស់ ជាបុត្រាស្តេច និងពួកជនជាតិយូដាទាំងប៉ុន្មាន ដែលជាអ្នកថែរក្សាហ្លួងដែរ
10. តែមិនបានអញ្ជើញហោរាណាថាន់ បេណាយ៉ា និងពួកមនុស្សខ្លាំងពូកែ ឬសាឡូម៉ូន ជាអនុជទ្រង់ទេ។
11. ដូច្នេះ ណាថាន់ក្រាបទូលដល់បាតសេបា ជាមាតាសាឡូម៉ូន ថា តើព្រះនាងមិនបានជ្រាបថា អ័ដូនីយ៉ា ជាកូនហាគីត បានឡើងសោយរាជ្យ ឥតជ្រាបដល់ដាវីឌ ជាព្រះអម្ចាស់នៃយើងរាល់គ្នាផងទេឬអី
12. ដូច្នេះ សូមព្រះនាងមក ឲ្យទូលបង្គំបានជួយគំនិតខ្លះ ប្រយោជន៍ឲ្យបានរួចជីវិតរបស់ព្រះនាង និងជីវិតរបស់សាឡូម៉ូន ជាបុត្រផងដែរ
13. សូមចូលទៅគាល់ស្តេចដាវីឌទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់ តើទ្រង់មិនបានស្បថនឹងខ្ញុំម្ចាស់ ជាបាវបំរើទ្រង់ថា ត្រូវឲ្យសាឡូម៉ូន ជាកូនឯង សោយរាជ្យក្រោយអញជាពិត ក៏ត្រូវអង្គុយលើបល្ល័ង្កអញនោះទេឬអី ដូច្នេះ ហេតុអ្វីបានជាអ័ដូនីយ៉ាសោយរាជ្យវិញ
14. មើល កំពុងដែលព្រះនាងនៅទូលនឹងស្តេច ក្នុងទីនោះនៅឡើយ នោះទូលបង្គំនឹងចូលទៅតាមក្រោយ ហើយនឹងបញ្ជាក់ពាក្យរបស់ព្រះនាងដែរ។
15. បាតសេបាក៏ចូលទៅគាល់ស្តេច នៅក្នុងបន្ទប់ក្រឡាព្រះបន្ទំ រីឯស្តេច ទ្រង់ជរាណាស់ហើយ ក៏មាននាងអ័ប៊ីសាក ពីស៊ូណែម នាងកំពុងតែបំរើទ្រង់
16. បាតសេបាក៏ឱនខ្លួនគោរពនៅចំពោះស្តេច រួចស្តេចទ្រង់មានព្រះបន្ទូលសួរថា តើមកមានប្រាថ្នាអ្វី
17. ព្រះនាងទូលឆ្លើយថា បពិត្រព្រះអម្ចាស់អើយ ទ្រង់បានស្បថនឹងខ្ញុំម្ចាស់ ជាបាវបំរើទ្រង់ ដោយនូវព្រះយេហូវ៉ាជាព្រះនៃទ្រង់ថា សាឡូម៉ូនជាកូនឯង នឹងឡើងសោយរាជ្យក្រោយអញជាពិត ហើយនឹងអង្គុយលើបល្ល័ង្កអញមិនមែនឬ