គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 1:37-47 ព្រះគម្ពីរបរិសុទ្ធ (KHOV)

37. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​សណ្ឋិត​នៅ​ជា​មួយ​នឹង​សាឡូ‌ម៉ូន ដូច​ជា​បាន​សណ្ឋិត​នៅ​ជា​មួយ​នឹង​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ ហើយ​ប្រោស​ឲ្យ​រាជ្យ​ទ្រង់​បាន​វិសេស​ជាង​រាជ្យ​របស់​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​ទៅ​ទៀត​ផង។

38. ដូច្នេះ សាដុក ដ៏​ជា​សង្ឃ ណាថាន់ ជា​ហោរា​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ហើយ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម គេ​ក៏​បញ្ជិះ​សាឡូ‌ម៉ូន​នៅ​លើ​លា‌កាត់​របស់​ស្តេច​ដាវីឌ នាំ​ចុះ​ទៅ​ដល់​គីហុន

39. ឯ​សាដុក ដ៏​ជា​សង្ឃ លោក​យក​ស្នែង​ដែល​ដាក់​ប្រេង ចេញ​ពី​ត្រសាល​ជំនុំ ទៅ​ចាក់​ថ្វាយ​សាឡូ‌ម៉ូន រួច​គេ​ផ្លុំ​ត្រែ​ឡើង ហើយ​បណ្តា‌ជន​ទាំង‌ឡាយ​គេ​បន្លឺ​វាចា​ថា សូម​ឲ្យ​ស្តេច​សាឡូ‌ម៉ូន​បាន​ប្រកប​ដោយ​សេចក្តី​ចំរើន​ចុះ

40. ស្រេច​ហើយ បណ្តា‌ជន​ទាំង​អស់​ក៏​ដង្ហែ​អង្គ​ឡើង​មក​ដោយ​ផ្លុំ​ខ្លុយ ហើយ​មាន​សេចក្តី​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​ផែនដី​ក៏​ខ្ទរ ដោយ​សូរ​សព្ទ​អឺង‌កង​របស់​គេ។

41. ឯ​អ័ដូ‌នីយ៉ា និង​ពួក​ភ្ញៀវ​ដែល​នៅ​ជា​មួយ គេ​ក៏​ឮ​ក្នុង​កាល​ដែល​គេ​ស៊ីលៀង​រួច កាល​យ៉ូអាប់​បាន​ឮ​សូរ​ផ្លុំ​ត្រែ នោះ​លោក​សួរ​ថា ហេតុ​អ្វី​បាន​ជា​មាន​សូរ​អឺង‌កង​នៅ​ក្នុង​ទី​ក្រុង​ដូច្នេះ

42. កាល​លោក​កំពុង​តែ​និយាយ​នៅ​ឡើយ នោះ​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ក៏​ចូល​មក​ដល់ អ័ដូ‌នីយ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ចូរ​ចូល​មក​ចុះ ដ្បិត​ឯង​ជា​មនុស្ស​ក្លាហាន​ពិត ក៏​នាំ​ដំណឹង​ល្អ​មក

43. នោះ​យ៉ូណា‌ថាន​ក៏​ទូល​តប​ទៅ​អ័ដូ‌នីយ៉ា​ថា ស្តេច​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​តាំង​សាឡូ‌ម៉ូន ឲ្យ​សោយ‌រាជ្យ​ឡើង​ជា​ពិត​ហើយ

44. ទ្រង់​បាន​ចាត់​សាដុក​ដ៏​ជា​សង្ឃ ហោរា​ណាថាន់ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ផង ឲ្យ​ទៅ​បញ្ជិះ​សាឡូ‌ម៉ូន​លើ​លា‌កាត់​របស់​ស្តេច

45. ហើយ​សាដុក​ដ៏​ជា​សង្ឃ និង​ហោរា​ណាថាន់ បាន​ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​នៅ​ត្រង់​គីហុន រួច​គេ​ឡើង​ពី​នោះ​មក ដោយ​រីក‌រាយ​សាទរ ដល់​ម៉្លេះ​បាន​ជា​ឮ​សូរ​អឺង‌កង​នៅ​ទី​ក្រុង គឺ​សូរ​នោះ​ហើយ ដែល​អស់​លោក​អ្នក​បាន​ឮ

46. ឯ​សាឡូ‌ម៉ូន​ទ្រង់​គង់​លើ​បល្ល័ង្ក‌រាជ្យ​ហើយ

47. មួយ​ទៀត ពួក​លោក ជា​ជំនិត​ស្តេច បាន​មក​ចំរើន​ពរ​ដល់​ស្តេច​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដោយ​ពាក្យ​ថា សូម​ឲ្យ​ព្រះ​នៃ​ទ្រង់​ដំកើង​ព្រះ‌នាម​សាឡូ‌ម៉ូន ឲ្យ​វិសេស​ជាង​ព្រះ‌នាម​ទ្រង់ ហើយ​តាំង​រាជ្យ​សាឡូ‌ម៉ូន ឲ្យ​ធំ​លើស​ជាង​រាជ្យ​របស់​ទ្រង់​ទៅ​ទៀត ឯ​ស្តេច ទ្រង់​ក៏​ឱន​កាយ​នៅ​លើ​ព្រះ​បន្ទំ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 1