គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 1:3-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ដូច្នេះ គេ​ក៏​ចេញ​ទៅ ស្វែង​រក​ស្រី​ក្រមុំ​យ៉ាង​ល្អ នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល បាន​ប្រទះ​នឹង​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ហើយ​នាំ​នាង​មក​ថ្វាយ​ស្តេច

4. នាង​នោះ​មាន​រូប​រាង​ស្រស់​ល្អ​ណាស់ ហើយ​ក៏​ថែ‌ទាំ​បំរើ​ស្តេច តែ​ទ្រង់​មិន​បាន​រួម​រស់​នឹង​នាង​សោះ

5. ខណៈ​នោះ អ័ដូ‌នីយ៉ា ព្រម​ទាំង​មនុស្ស​៥០​នាក់ ឲ្យ​រត់​នាំ​មុខ​ទ្រង់

6. ឯ​ព្រះ‌បិតា​របស់​ទ្រង់​មិន​ដែល​ធ្វើ​ឲ្យ​ទាស់​ចិត្ត​ម្តង ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ​នោះ​ឡើយ ១​ទៀត​ទ្រង់​ជា​មនុស្ស​មាន​រូប​រាង​ល្អ​ណាស់ ទ្រង់​បាន​ប្រសូត​មក​ក្រោយ​អាប់‌សា‌ឡំម

7. ទ្រង់​ពិគ្រោះ​នឹង​យ៉ូអាប់ ជា​កូន​សេរូយ៉ា ហើយ​នឹង​អ័បៀ‌ថើរ ដ៏​ជា​សង្ឃ គេ​ទាំង​២​ក៏​តាម​ជួយ

8. តែ​សាដុក​ដ៏​ជា​សង្ឃ បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ហោរា​ណាថាន់ ស៊ីម៉ាយ ហើយ​រេអ៊ី ព្រម​ទាំង​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ដាវីឌ គេ​មិន​បាន​ចូល​ដៃ​ជួយ​អ័ដូ‌នីយ៉ា​ទេ។

9. ទ្រង់​ក៏​សំឡាប់​ចៀម គោ និង​សត្វ​យ៉ាង​ធាត់​នៅ​ត្រង់​ថ្ម​សូហេ‌លែត ដែល​នៅ​ជិត​អេន-រ៉ូកេល ទ្រង់​អញ្ជើញ​ពួក​បង​ប្អូន​ទាំង​អស់ ជា​បុត្រា​ស្តេច និង​ពួក​ជន‌ជាតិ​យូដា​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​ថែ​រក្សា​ហ្លួង​ដែរ

10. តែ​មិន​បាន​អញ្ជើញ​ហោរា​ណាថាន់ បេណាយ៉ា និង​ពួក​មនុស្ស​ខ្លាំង​ពូកែ ឬ​សាឡូ‌ម៉ូន ជា​អនុជ​ទ្រង់​ទេ។

11. ដូច្នេះ ណាថាន់​ក្រាប​ទូល​ដល់​បាត‌សេបា ជា​មាតា​សាឡូ‌ម៉ូន ថា តើ​ព្រះ‌នាង​មិន​បាន​ជ្រាប​ថា អ័ដូ‌នីយ៉ា ជា​កូន​ហាគីត បាន​ឡើង​សោយ‌រាជ្យ ឥត​ជ្រាប​ដល់​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ផង​ទេ​ឬ​អី

12. ដូច្នេះ សូម​ព្រះ‌នាង​មក ឲ្យ​ទូល‌បង្គំ​បាន​ជួយ​គំនិត​ខ្លះ ប្រយោជន៍​ឲ្យ​បាន​រួច​ជីវិត​របស់​ព្រះ‌នាង និង​ជីវិត​របស់​សាឡូ‌ម៉ូន ជា​បុត្រ​ផង​ដែរ

13. សូម​ចូល​ទៅ​គាល់​ស្តេច​ដាវីឌ​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ តើ​ទ្រង់​មិន​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ជា​បាវ​បំរើ​ទ្រង់​ថា ត្រូវ​ឲ្យ​សាឡូ‌ម៉ូន ជា​កូន​ឯង សោយ‌រាជ្យ​ក្រោយ​អញ​ជា​ពិត ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​អញ​នោះ​ទេ​ឬ​អី ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ័ដូ‌នីយ៉ា​សោយ‌រាជ្យ​វិញ

14. មើល កំពុង​ដែល​ព្រះ‌នាង​នៅ​ទូល​នឹង​ស្តេច ក្នុង​ទី​នោះ​នៅ​ឡើយ នោះ​ទូល‌បង្គំ​នឹង​ចូល​ទៅ​តាម​ក្រោយ ហើយ​នឹង​បញ្ជាក់​ពាក្យ​របស់​ព្រះ‌នាង​ដែរ។

15. បាត‌សេបា​ក៏​ចូល​ទៅ​គាល់​ស្តេច នៅ​ក្នុង​បន្ទប់​ក្រឡា​ព្រះ‌បន្ទំ រីឯ​ស្តេច ទ្រង់​ជរា​ណាស់​ហើយ ក៏​មាន​នាង​អ័ប៊ី‌សាក ពី​ស៊ូណែម នាង​កំពុង​តែ​បំរើ​ទ្រង់

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 1