គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 1:26-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. តែ​ឯ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ ហើយ​សាដុក​ដ៏​ជា​សង្ឃ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា និង​សាឡូ‌ម៉ូន ជា​អ្នក​បំរើ​ទ្រង់ នោះ​លោក​មិន​បាន​អញ្ជើញ​ទៅ​ទេ

27. តើ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ បាន​បង្គាប់​ការ​នេះ ឥត​ប្រាប់​ឲ្យ​ទូល‌បង្គំ​ដឹង​ជា​អ្នក​ណា ដែល​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​នៃ​ព្រះ‌ករុណា​ត​ពី​ទ្រង់​ឬ​អី។

28. ខណៈ​នោះ ស្តេច​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ហៅ​បាត‌សេបា​មក​នេះ ព្រះ‌នាង​ក៏​ចូល​មក​ឈរ​គាល់​នៅ​ចំពោះ​ស្តេច

29. រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្តី​វេទនា​ថា

30. នៅ​ថ្ងៃ​នេះ យើង​នឹង​សំរេច​តាម​សេចក្តី​ដែល​យើង​បាន​ស្បថ​នឹង​ឯង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា សាឡូ‌ម៉ូន​ជា​កូន​ឯង ត្រូវ​ឡើង​សោយ‌រាជ្យ​ត​ពី​យើង​ជា​ពិត ហើយ​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជំនួស​យើង

31. ដូច្នេះ បាត‌សេបា​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី គោរព​ចំពោះ​ស្តេច ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​បាន​ប្រកប​ដោយ​សេចក្តី​ចំរើន​ជានិច្ច​ត​ទៅ។

32. រួច​មក ស្តេច​ដាវីឌ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ហៅ​សាដុក​ដ៏​ជា​សង្ឃ ហោរា​ណាថាន់ និង​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​មក​នេះ លោក​ទាំង​នោះ​ក៏​ចូល​មក​គាល់​នៅ​ចំពោះ​ស្តេច

33. ទ្រង់​មាន​ព្រះ‌បន្ទូល​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​នាំ​យក​ពួក​ពល‌ទ័ព របស់​ចៅ‌ហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូ‌ម៉ូន ជា​បុត្រ​យើង ឲ្យ​ជិះ​លើ​លា‌កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ

34. ហើយ​ត្រូវ​ឲ្យ​សាដុក​ដ៏​ជា​សង្ឃ និង​ហោរា​ណាថាន់ ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​នៅ​ទី​នោះ រួច​ឲ្យ​ផ្លុំ​ត្រែ​ឡើង ហើយ​ស្រែក​ថា សូម​ឲ្យ​ស្តេច​សាឡូ‌ម៉ូន​ប្រកប​ដោយ​សេចក្តី​ចំរើន​ចុះ

35. ក្រោយ​មក ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដង្ហែ​ឡើង​មក ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​របស់​យើង ដ្បិត​វា​ត្រូវ​សោយ‌រាជ្យ​ជំនួស​យើង គឺ​យើង​នេះ​ហើយ បាន​ដំរូវ​ឲ្យ​វា​ធ្វើ​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា

36. បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ក៏​ទូល​ឆ្លើយ​ថា អាម៉ែន សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ព្រះ‌ករុណា ដ៏​ជា​ម្ចាស់​នៃ​ទូល‌បង្គំ បាន​ព្រម​ដូច្នេះ​ដែរ

37. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​សណ្ឋិត​នៅ​ជា​មួយ​នឹង​សាឡូ‌ម៉ូន ដូច​ជា​បាន​សណ្ឋិត​នៅ​ជា​មួយ​នឹង​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ ហើយ​ប្រោស​ឲ្យ​រាជ្យ​ទ្រង់​បាន​វិសេស​ជាង​រាជ្យ​របស់​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​ទៅ​ទៀត​ផង។

38. ដូច្នេះ សាដុក ដ៏​ជា​សង្ឃ ណាថាន់ ជា​ហោរា​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ហើយ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម គេ​ក៏​បញ្ជិះ​សាឡូ‌ម៉ូន​នៅ​លើ​លា‌កាត់​របស់​ស្តេច​ដាវីឌ នាំ​ចុះ​ទៅ​ដល់​គីហុន

39. ឯ​សាដុក ដ៏​ជា​សង្ឃ លោក​យក​ស្នែង​ដែល​ដាក់​ប្រេង ចេញ​ពី​ត្រសាល​ជំនុំ ទៅ​ចាក់​ថ្វាយ​សាឡូ‌ម៉ូន រួច​គេ​ផ្លុំ​ត្រែ​ឡើង ហើយ​បណ្តា‌ជន​ទាំង‌ឡាយ​គេ​បន្លឺ​វាចា​ថា សូម​ឲ្យ​ស្តេច​សាឡូ‌ម៉ូន​បាន​ប្រកប​ដោយ​សេចក្តី​ចំរើន​ចុះ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 1