2. ឯ១ភាគក្នុង៣ ត្រូវឲ្យឯងដុតនៅកណ្តាលទីក្រុង ក្នុងកាលដែលចំនួនថ្ងៃនៃការឡោមព័ទ្ធនោះបានសំរេច ១ភាគក្នុង៣ទៀត ត្រូវឲ្យយកកាំបិតកាត់ក្រឡឹងជុំវិញ ហើយ១ភាគក្នុង៣ទៀត ត្រូវឲ្យគ្រវែងចោលឲ្យខ្យល់ផាត់ទៅ រួចអញនឹងហូតដាវទៅតាមក្រោយ
3. ត្រូវឲ្យឯងយកសរសៃសក់នោះប្រមាណបន្តិចមកចងនៅជាយអាវឯង
4. រួចពីចំនួនសរសៃសក់ទាំងនោះ ត្រូវឲ្យឯងយកខ្លះបោះទៅក្នុងភ្លើងដុតទៅ នឹងមានភ្លើងចេញពីនោះមក ទាស់នឹងពូជពង្សអ៊ីស្រាអែលទាំងអស់។
5. ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា នេះគឺជាក្រុងយេរូសាឡិម ដែលអញបានតាំងឲ្យនៅកណ្តាលអស់ទាំងសាសន៍ និងប្រទេសទាំងប៉ុន្មាននៅជុំវិញ
6. ប៉ុន្តែវាបានរឹងទទឹងនឹងបញ្ញត្តច្បាប់របស់អញ ដោយប្រព្រឹត្តអំពើអាក្រក់ លើសជាងអស់ទាំងសាសន៍ ហើយរឹងទទឹងនឹងក្រឹត្យក្រមរបស់អញ លើសជាងប្រទេសនៅជុំវិញទាំងប៉ុន្មាន ដ្បិតគេបានបោះបង់ចោលបញ្ញត្តច្បាប់របស់អញឥតដែលដើរតាមសោះ
7. ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ដោយព្រោះឯងរាល់គ្នាជ្រួលជ្រើមលើសជាងអស់ទាំងសាសន៍ ដែលនៅជុំវិញឯង ក៏មិនបានដើរតាមច្បាប់អញ ឬរក្សាបញ្ញត្តអញ ហើយមិនបានប្រព្រឹត្តតាមបញ្ញត្តរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញឯងផង
8. បានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញ គឺអញនេះហើយ បានទាស់នឹងឯង អញនឹងសំរេចសេចក្ដីយុត្តិធម៌ នៅកណ្តាលឯង ឲ្យសាសន៍ដទៃបានឃើញដែរ
9. អញនឹងធ្វើការ១នៅក្នុងឯង ជាការដែលអញមិនដែលធ្វើពីដើមមក ហើយទៅមុខទៀតក៏មិនដែលធ្វើឲ្យដូចឡើយ ដោយព្រោះអស់ទាំងការគួរស្អប់ខ្ពើមរបស់ឯង