គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 48:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ចំណែក​តាម​ឈ្មោះ​នៃ​ពូជ​អំបូរ​នីមួយៗ ចាប់​តាំង​ពី​ចុង​ស្រុក​ខាង​ជើង​តាម​ផ្លូវ​ហេត‌ឡូន រហូត​ដល់​ទ្វារ​ស្រុក​ហាម៉ាត និង​ហាសា-អេណាន ត្រង់​ព្រំ‌ដែន​ស្រុក​ដាម៉ាស នៅ​ខាង​ជើង​ជិត​ស្រុក​ហាម៉ាត នោះ​មាន​ចំណែក​១ សំរាប់​ពូជ​អំបូរ​ដាន់ ដ្បិត​គេ​នឹង​មាន​ចំណែក​ស្រុក ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច

2. ហើយ​តាម​ព្រំ​ស្រុក​របស់​ដាន់ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​អេស៊ើរ

3. ហើយ​តាម​ព្រំ​ស្រុក​អេស៊ើរ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​ណែប‌ថាលី

4. ហើយ​តាម​ព្រំ​ស្រុក​របស់​ណែប‌ថាលី ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​ម៉ាន៉ាសេ

5. ហើយ​តាម​ព្រំ​ស្រុក​របស់​ម៉ាន៉ាសេ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​អេប្រា‌អិម

6. ហើយ​តាម​ព្រំ​ស្រុក​អេប្រា‌អិម​ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​សំរាប់​ពូជ​អំបូរ​រូបេន

7. ហើយ​តាម​ព្រំ​ស្រុក​របស់​រូបេន ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​យូដា។

8. តាម​ព្រំ​ស្រុក​យូដា ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច នោះ​ជា​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ​វិញ គឺ​ទទឹង​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​បណ្តោយ​ក៏​ប៉ុន​នឹង​ចំណែក​ស្រុក​ឯ​ទៀត គឺ​ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច​ឯ​ទី​បរិសុទ្ធ និង​នៅ​កណ្តាល​នោះ

9. ចំណែក​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត និង​ទទឹង​១​ម៉ឺន​ខ្នាត

10. ដង្វាយ​បរិសុទ្ធ​នេះ​ត្រូវ​បាន​សំរាប់​ពួក​សង្ឃ ឯ​ខាង​ជើង​នោះ បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ខាង​លិច មាន​ទទឹង​ជា​១​ម៉ឺន​ខ្នាត ខាង​កើត​ទទឹង​១​ម៉ឺន​ខ្នាត ហើយ​ខាង​ត្បូង​បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត ឯ​ទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​នឹង​នៅ​កណ្តាល​នោះ

11. ដី​នោះ​នឹង​ទុក​សំរាប់​ពួក​សង្ឃ ជា​កូន​ចៅ​សាដុក ដែល​បាន​ញែក​ជា​បរិសុទ្ធ ហើយ​ក៏​រក្សា​បញ្ញើ​របស់​អញ ឥត​វង្វេង​ចេញ ក្នុង​កាល​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វង្វេង ដូច​ជា​ពួក​លេវី​បាន​វង្វេង​នោះ​ឡើយ

12. នេះ​នឹង​បាន​ជា​ដង្វាយ​បរិសុទ្ធ​សំរាប់​ពួក​សង្ឃ ជា​ដង្វាយ​លើក​ចេញ​ពី​ចំណែក​ដី ដែល​គេ​បាន​ថ្វាយ​នោះ ទុក​ជា​របស់​បរិសុទ្ធ​បំផុត ក្បែរ​ព្រំ‌ដែន​នៃ​ពួក​លេវី។

សូមអានជំពូកពេញលេញ អេសេគាល 48