គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 39:15-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. រួច​ពួក​អ្នក​ដែល​ដើរ​ចុះ​ឡើង គេ​នឹង​ដើរ​ទៅ​មក​មើល បើ​ឃើញ​ឆ្អឹង​ខ្មោច​មនុស្ស​ណា នោះ​គេ​នឹង​តាំង​ទី​សំគាល់​១​នៅ​ជិត​ខាង ទាល់​តែ​ពួក​កប់​ខ្មោច​បាន​មក​កប់​ចោល នៅ​ក្នុង​ច្រក​ភ្នំ​ហាមុន-កុក​ទាំង​អស់​ទៅ

16. ហើយ​ទី​ក្រុង​១​នឹង​មាន​ឈ្មោះ​ហៅ​ថា ហាម៉ូណា គឺ​យ៉ាង​នោះ​ដែល​គេ​នឹង​សំអាត​ស្រុក។

17. ឯ​ឯង កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ប្រាប់​ដល់​សត្វ​ស្លាប​គ្រប់​យ៉ាង និង​ដល់​អស់​ទាំង​សត្វ​ព្រៃ​នៅ​ផែនដី​ថា ចូរ​មូល​គ្នា​មក ចូរ​ប្រជុំ​គ្នា​ពី​គ្រប់​ទិស មក​ឯ​យញ្ញ‌បូជា​របស់​អញ ដែល​អញ​ធ្វើ​សំរាប់​ឯង​រាល់​គ្នា ជា​យញ្ញ‌បូជា​យ៉ាង​ធំ នៅ​លើ​អស់​ទាំង​ភ្នំ​ស្រុក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ឯង​បាន​ស៊ី​សាច់ ហើយ​ផឹក​ឈាម

18. ឯង​រាល់​គ្នា​នឹង​ស៊ី​សាច់​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ផឹក​ឈាម​របស់​ពួក​ចៅ‌ហ្វាយ​នៅ​ផែនដី ទាំង​ចៀម​ឈ្មោល កូន​ចៀម ពពែ និង​គោ​ផង សុទ្ធ​តែ​ជា​សត្វ​បំប៉ន​ពី​ស្រុក​បាសាន

19. ឯង​រាល់​គ្នា​នឹង​ស៊ី​ខ្លាញ់​ទាល់​តែ​ឆ្អែត ហើយ​ផឹក​ឈាម ទាល់​តែ​ស្រវឹង ដោយ‌សារ​យញ្ញ‌បូជា ដែល​អញ​ធ្វើ​សំរាប់​ឯង

20. នៅ​តុ​អញ ឯង​រាល់​គ្នា​នឹង​បាន​ឆ្អែត​ដោយ​សាច់​សេះ ពួក​រទេះ​ចំបាំង ពួក​មនុស្ស​ខ្លាំង​ពូកែ និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

21. អញ​នឹង​តាំង​សិរី‌ល្អ​របស់​អញ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​អស់​ទាំង​សាសន៍​នឹង​ឃើញ​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ដែល​បាន​សំរេច​នោះ និង​ដៃ​អញ​ដែល​បាន​ដាក់​លើ​គេ

22. យ៉ាង​នោះ​ពួក​វង្ស​អ៊ីស្រា‌អែល​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ តាំង​តែ​ពី​ថ្ងៃ​នោះ​ត​ទៅ

23. ឯ​ពួក​សាសន៍​ដទៃ គេ​នឹង​ដឹង​ថា ពួក​វង្ស​អ៊ីស្រា‌អែល​បាន​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ខ្លួន ដោយ​ព្រោះ​គេ​ប្រព្រឹត្ត​រំលង​ទាស់​នឹង​អញ​ហើយ បាន​ជា​អញ​គេច​មុខ​ចេញ​ពី​គេ ដោយ​ហេតុ​នោះ បាន​ជា​អញ​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​ត្រូវ​ដួល​ដោយ​ដាវ​ទាំង​អស់​គ្នា

24. អញ​បាន​ធ្វើ​ដល់​គេ​តាម​សេចក្ដី​ស្មោក‌គ្រោក និង​អំពើ​រំលង​របស់​គេ ព្រម​ទាំង​គេច​មុខ​ចេញ​ពី​គេ​ផង។

25. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឥឡូវ​នេះ អញ​នឹង​នាំ​ពួក​យ៉ាកុប​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ ហើយ​នឹង​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​នឹង​មាន​សេចក្ដី​ប្រចណ្ឌ ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ

26. ឯ​ក្រោយ​ដែល​គេ​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស និង​គ្រប់​ទាំង​អំពើ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​អញ ក្នុង​គ្រា​ដែល​គេ​នៅ​ក្នុង​ស្រុក​ខ្លួន ដោយ​សុខ‌សាន្ត ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ

សូមអានជំពូកពេញលេញ អេសេគាល 39