គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 28:11-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ទៀត​ថា

12. កូន​មនុស្ស​អើយ ចូរ​ផ្តើម​ពាក្យ​ទំនួញ​ពី​ដំណើរ​ស្តេច​ក្រុង​ទីរ៉ុស ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​ជា​អ្នក​បំពេញ​ខ្នាត ដោយ​មាន​ប្រាជ្ញា​ពោរ‌ពេញ ហើយ​លំអ​គ្រប់​លក្ខណ៍

13. ពី​ដើម​ឯង​បាន​នៅ​ក្នុង​ច្បារ​អេដែន​ជា​សួន​របស់​ព្រះ ឯង​បាន​ប្រដាប់​កាយ​ដោយ​ត្បូង​ដ៏​មាន​ដំឡៃ​គ្រប់​មុខ គឺ​សាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស មណី‌ជោតិ កណ្តៀង មរកត បារកេត ហើយ​នឹង​មាស ឯ​ក្រាប់ និង​ខ្លុយ​របស់​ឯង នោះ​បាន​ត្រៀម​ទុក​សំរាប់​ឯង​តាំង​ពី​ថ្ងៃ​ដែល​ឯង​កើត​មក

14. ឯង​ជា​ចេរូប៊ីន​ដែល​បាន​ចាក់​ប្រេង​តាំង​ឡើង​ជា​អ្នក​គ្រប​បាំង គឺ​អញ​បាន​តាំង​ឯង​ឡើង ឲ្យ​ឯង​បាន​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ ឯង​ក៏​បាន​ដើរ​ទៅ​មក​នៅ​កណ្តាល​ថ្ម​ភ្លឺ​ចាំង

15. ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឯង​កើត​មក នោះ​ឯង​បាន​គ្រប់​លក្ខណ៍​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង ដរាប​ដល់​វេលា​ដែល​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ឯង

16. ដ្បិត​ដោយ‌សារ​ការ​ជួញ​ប្រែ​ដ៏​បរិបូរ​របស់​ឯង នោះ​គេ​បាន​បំពេញ​ឯង​ដោយ​សេចក្ដី​ច្រឡោត ហើយ​ឯង​បាន​ធ្វើ​បាប ហេតុ​នោះ​អញ​បាន​បោះ​ចោល​ឯង​ចេញ​ពី​ភ្នំ​នៃ​ព្រះ ទុក​ដូច​ជា​របស់​អាប់‌ឱន​ទៅ​វិញ ឱ​ចេរូប៊ីន​ដែល​គ្រប​បាំង​អើយ អញ​បាន​បំផ្លាញ​ឯង​ចេញ​ពី​កណ្តាល​ថ្ម​ភ្លឺ​ចាំង​នោះ​ទៅ

17. ចិត្ត​ឯង​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​សេចក្ដី​លំអ​របស់​ឯង ឯង​បាន​បង្ខូច​ប្រាជ្ញា​ឯង ដោយ​ពន្លឺ​រស្មី​របស់​ឯង អញ​បាន​បោះ​ឯង​ចុះ​ដល់​ដី ព្រម​ទាំង​ដាក់​នៅ​មុខ​ពួក​ស្តេច ឲ្យ​គេ​បាន​ពិចារណា​ឯង

18. ឯង​បាន​បង្អាប់​អស់​ទាំង​ទី​បរិសុទ្ធ​របស់​ឯង ដោយ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​ឯង ហើយ​ដោយ​សេចក្ដី​ទុច្ចរិត​នៃ​ការ​ជួញ​ប្រែ​របស់​ឯង ហេតុ​នោះ​អញ​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង​ចេញ​ពី​កណ្តាល​ឯង​មក ភ្លើង​នោះ​បាន​ឆេះ​បំផ្លាញ​ឯង អញ​បាន​ឲ្យ​ឯង​ទៅ​ជា​ផេះ​នៅ​លើ​ផែនដី នៅ​ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ឃើញ​ឯង

19. អស់​អ្នក​នៅ​គ្រប់​ទាំង​សាសន៍​ដែល​ស្គាល់​ឯង គេ​នឹង​ស្រឡាំង‌កាំង​ទៅ​ដោយ​ព្រោះ​ឯង ឯង​បាន​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច ហើយ​លែង​មាន​នៅ​ជា​ដរាប​ត​ទៅ។

20. រួច​មក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា

21. កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ឯង​ត្រង់​ទៅ​ឯ​ស៊ីដូន ហើយ​ទាយ​ទាស់​នឹង​ទី​ក្រុង​នោះ​ថា

សូមអានជំពូកពេញលេញ អេសេគាល 28