គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 25:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

2. កូន​មនុស្ស​អើយ ចូរ​ដំរង់​មុខ​ឯង​ទៅ​ខាង​ពួក​កូន​ចៅ​អាំម៉ូន​ទាយ​ពី​ដំណើរ​គេ​ចុះ

3. ហើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អាំម៉ូន​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​បាន​ថា ហាស់ហា ទាស់​នឹង​ទី​បរិសុទ្ធ​របស់​អញ ក្នុង​កាល​ដែល​ត្រូវ​បង្អាប់​នោះ ហើយ​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល​ក្នុង​កាល ដែល​ត្រូវ​ចោល​ស្ងាត់ ព្រម​ទាំង​ទាស់​នឹង​ពួក​វង្ស​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ផង

4. ហេតុ​នោះ​មើល អញ​នឹង​ប្រគល់​ឯង​ដល់​ពួក​កូន​ចៅ​ស្រុក​ខាង​កើត​ទុក​ជា​កេរ‌អាករ គេ​នឹង​តាំង​បន្ទាយ ហើយ​ធ្វើ​ទី​លំនៅ​របស់​គេ​នៅ​ក្នុង​ឯង គេ​នឹង​ស៊ី​ផល ហើយ​ផឹក​ទឹក​ដោះ​សត្វ​របស់​ឯង

5. អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​រ៉ាបាត​ទៅ​ជា​ក្រោល​សំរាប់​សត្វ​អូដ្ឋ ហើយ​ឲ្យ​ស្រុក​ពួក​កូន​ចៅ​អាំម៉ូន​ទៅ​ជា​ទី​សំរាប់​ឲ្យ​ហ្វូង​ចៀម​ដេក​នៅ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

6. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ទះ​ដៃ ហើយ​តន្ត្រំ​ជើង ព្រម​ទាំង​មាន​សេចក្ដី​រីក‌រាយ ដោយ​គ្រប់​ទាំង​សេចក្ដី​មើល‌ងាយ​នៅ​ក្នុង​ចិត្ត​ឯង​ចំពោះ​ស្រុក​អ៊ីស្រា‌អែល

7. ហេតុ​នោះ​មើល អញ​បាន​លូក​ដៃ​ទៅ​លើ​ឯង​ហើយ អញ​នឹង​ប្រគល់​ឯង​ទៅ​សំរាប់​ជា​របឹប​ដល់​សាសន៍​ដទៃ អញ​នឹង​កាត់​ឯង​ចេញ​ពី​ពួក​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​ឯង​វិនាស​បាត់​ពី​អស់​ទាំង​ប្រទេស​ទៅ អញ​នឹង​បំផ្លាញ​ឯង​បង់​នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

8. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ស្រុក​ម៉ូអាប់ និង​ស្រុក​សៀរ​ពោល​ថា មើល ពួក​វង្ស​យូដា​គេ​ក៏​ដូច​ជា​អស់​ទាំង​សាសន៍​ដែរ

សូមអានជំពូកពេញលេញ អេសេគាល 25