គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 22:1-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ទៀត​ថា

2. ឯ​ឯង កូន​មនុស្ស​អើយ តើ​ឯង​ចង់​ជំនុំ‌ជំរះ​ឬ តើ​ចង់​ជំនុំ‌ជំរះ​ទី​ក្រុង ដែល​តែង‌តែ​កំចាយ​ឈាម​ឬ​អី ដូច្នេះ ចូរ​ធ្វើ​ឲ្យ​វា​ស្គាល់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​វា​ចុះ

3. ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ យីះ ទី​ក្រុង​ណា​ដែល​កំចាយ​ឈាម​នៅ​កណ្តាល​ខ្លួន ដើម្បី​ឲ្យ​កំណត់​ខ្លួន​បាន​មក​ដល់ ហើយ​ក៏​ធ្វើ​រូប​ព្រះ​សំរាប់​ទាស់​នឹង​ខ្លួន ដើម្បី​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ទៅ​ដូច្នេះ

4. ឯង​មាន​ទោស​ដោយ​ឈាម​ដែល​ឯង​បាន​កំចាយ​នោះ ហើយ​ក៏​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​ដែល​ឯង​បាន​ធ្វើ​ដែរ ឯង​បាន​ធ្វើ​ឲ្យ​ថ្ងៃ​កំណត់​ឯង​ជិត​មក​ដល់ ឯង​ដល់​កំណត់​ឆ្នាំ​របស់​ឯង​ហើយ ហេតុ​នោះ​បាន​ជា​អញ​ធ្វើ​ឲ្យ​ឯង​ត្រឡប់​ទៅ​ជា​ទី​ត្មះ‌តិះដៀល​ដល់​អស់​ទាំង​សាសន៍ ហើយ​ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​ស្រុក​ទាំង​ប៉ុន្មាន​ផង

5. ឱ​ឯង​ដែល​ស្អុយ​ឈ្មោះ ហើយ​ពេញ​ដោយ​ការ​វឹកវរ​អើយ ពួក​អ្នក​ដែល​នៅ​ជិត ហើយ​ពួក​អ្នក​ដែល​នៅ​ឆ្ងាយ​ផង គេ​នឹង​ចំអក​ឡក‌ឡឺយ​ឲ្យ​ឯង។

6. មើល ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​គ្រប់​គ្នា​បាន​នៅ​ក្នុង​ឯង តាម​អំណាច​ដែល​អាច​នឹង​កំចាយ​ឈាម

7. នៅ​ក្នុង​ឯង​គេ​បាន​មើល‌ងាយ​ទាំង​ឪពុក​ម្តាយ​ផង នៅ​កណ្តាល​ឯង គេ​បាន​សង្កត់‌សង្កិន​ពួក​អ្នក​ដែល​ស្នាក់​នៅ ហើយ​នៅ​ក្នុង​ឯង​គេ​បាន​រឹប‌ជាន់​ពួក​កំព្រា និង​ស្រី​មេម៉ាយ

8. ឯង​បាន​ខ្ពើម​គ្រឿង​បរិសុទ្ធ​របស់​អញ ហើយ​បាន​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ដែរ

9. នៅ​ក្នុង​ឯង​មាន​មនុស្ស​ដែល​និយាយ​បង្កាច់​គេ ដើម្បី​នឹង​កំចាយ​ឈាម នៅ​ក្នុង​ឯង​គេ​បាន​ស៊ី​នៅ​លើ​ភ្នំ នៅ​កណ្តាល​ឯង​គេ​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​បារាយណ៍

10. នៅ​ក្នុង​ឯង​គេ​បាន​បើក​កេរ‌ខ្មាស​របស់​ឪពុក នៅ​ក្នុង​ឯង​គេ​បាន​បង្ខំ​ស្រី​ដែល​ត្រូវ​ញែក​ចេញ​ដោយ​មាន​រដូវ

11. ម្នាក់​បាន​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម ជា​មួយ​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ១​ទៀត​បាន​ធ្វើ​ឲ្យ​កូន​ប្រសា​ស្រី​ខ្លួន​មាន​សៅ‌ហ្មង ដោយ​ការ​អាស្រូវ​បារាយណ៍ ហើយ​ម្នាក់​ទៀត​ក្នុង​ឯង​បាន​បង្ខូច​ប្អូន​ស្រី ដែល​ជា​កូន​របស់​ឪពុក​ខ្លួន

12. នៅ​ក្នុង​ឯង​គេ​បាន​ស៊ី​សំណូក ដើម្បី​នឹង​កំចាយ​ឈាម ឯង​បាន​យក​ទាំង​ការ និង​កំរៃ​ផង ហើយ​បាន​សង្កត់‌សង្កិន​អ្នក​ជិត​ខាង​ឯង ឲ្យ​បាន​ចំណេញ​ដោយ​ចិត្ត​លោភ ក៏​បាន​ភ្លេច​អញ​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

13. ដូច្នេះ មើល អញ​បាន​ទះ​ដៃ ដោយ​ព្រោះ​កំរៃ​ទុច្ចរិត​ដែល​ឯង​បាន​នោះ ហើយ​ដោយ​ព្រោះ​ឈាម​ដែល​បាន​ខ្ចាយ​នៅ​កណ្តាល​ឯង​ផង

14. តើ​ចិត្ត​ឯង​នឹង​ធន់​នៅ​បាន ហើយ​ដៃ​ឯង​នឹង​មាន​កំឡាំង នៅ​ថ្ងៃ​ដែល​អញ​ធ្វើ​ទោស​ដល់​ឯង​បាន​ឬ អញ គឺ​ព្រះ‌យេហូវ៉ា​នេះ អញ​បាន​ចេញ​វាចា​ហើយ ក៏​នឹង​សំរេច​តាម​ផង

15. អញ​នឹង​កំចាត់‌កំចាយ​ឯង​ទៅ​នៅ​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​ឯង​ទៅ​នៅ​អស់​ទាំង​ស្រុក អញ​នឹង​រំលីង​សេចក្ដី​ស្មោក‌គ្រោក​ចេញ​ពី​ឯង​ទៅ

16. ឯង​នឹង​ត្រូវ​បន្ទាប‌បន្ថោក នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

សូមអានជំពូកពេញលេញ អេសេគាល 22