1. ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំទៀតថា
2. ឯឯង កូនមនុស្សអើយ តើឯងចង់ជំនុំជំរះឬ តើចង់ជំនុំជំរះទីក្រុង ដែលតែងតែកំចាយឈាមឬអី ដូច្នេះ ចូរធ្វើឲ្យវាស្គាល់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់វាចុះ
3. ត្រូវឲ្យឯងប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ យីះ ទីក្រុងណាដែលកំចាយឈាមនៅកណ្តាលខ្លួន ដើម្បីឲ្យកំណត់ខ្លួនបានមកដល់ ហើយក៏ធ្វើរូបព្រះសំរាប់ទាស់នឹងខ្លួន ដើម្បីឲ្យខ្លួនស្មោកគ្រោកទៅដូច្នេះ
4. ឯងមានទោសដោយឈាមដែលឯងបានកំចាយនោះ ហើយក៏ស្មោកគ្រោកដោយរូបព្រះដែលឯងបានធ្វើដែរ ឯងបានធ្វើឲ្យថ្ងៃកំណត់ឯងជិតមកដល់ ឯងដល់កំណត់ឆ្នាំរបស់ឯងហើយ ហេតុនោះបានជាអញធ្វើឲ្យឯងត្រឡប់ទៅជាទីត្មះតិះដៀលដល់អស់ទាំងសាសន៍ ហើយជាទីចំអកឡកឡឺយដល់ស្រុកទាំងប៉ុន្មានផង
5. ឱឯងដែលស្អុយឈ្មោះ ហើយពេញដោយការវឹកវរអើយ ពួកអ្នកដែលនៅជិត ហើយពួកអ្នកដែលនៅឆ្ងាយផង គេនឹងចំអកឡកឡឺយឲ្យឯង។
6. មើល ពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលគ្រប់គ្នាបាននៅក្នុងឯង តាមអំណាចដែលអាចនឹងកំចាយឈាម
7. នៅក្នុងឯងគេបានមើលងាយទាំងឪពុកម្តាយផង នៅកណ្តាលឯង គេបានសង្កត់សង្កិនពួកអ្នកដែលស្នាក់នៅ ហើយនៅក្នុងឯងគេបានរឹបជាន់ពួកកំព្រា និងស្រីមេម៉ាយ
8. ឯងបានខ្ពើមគ្រឿងបរិសុទ្ធរបស់អញ ហើយបានបង្អាប់ថ្ងៃឈប់សំរាករបស់អញដែរ
9. នៅក្នុងឯងមានមនុស្សដែលនិយាយបង្កាច់គេ ដើម្បីនឹងកំចាយឈាម នៅក្នុងឯងគេបានស៊ីនៅលើភ្នំ នៅកណ្តាលឯងគេបានប្រព្រឹត្តការអាស្រូវបារាយណ៍
10. នៅក្នុងឯងគេបានបើកកេរខ្មាសរបស់ឪពុក នៅក្នុងឯងគេបានបង្ខំស្រីដែលត្រូវញែកចេញដោយមានរដូវ