គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 41:22-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. ត្រូវ​ឲ្យ​គេ​បញ្ចេញ​សេចក្ដី​ទាំង​នោះ​មក ហើយ​ប្រាប់​យើង​រាល់​គ្នា​ពី​ការ​ដែល​កើត​ឡើង ឲ្យ​បាន​ដឹង ចូរ​ស​ប្រាប់​ពី​កាល​ដែល​កើត​មាន កាល​ពី​ដើម ជា​យ៉ាង​ណា​ផង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ពិចារណា ឲ្យ​ដឹង​ចុង​បំផុត​នៃ​ការ​ទាំង​នោះ ឬ​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ការ​នៅ​ខាង​មុខ​ចុះ

23. ចូរ​សំដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ខាង​មុខ​នោះ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង​ថា ឯង​រាល់​គ្នា​ជា​ព្រះ​មែន អើ ចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​ល្អ​ឬ​អាក្រក់​ក្តី ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ស្ងើច ហើយ​ឃើញ​ជា​មួយ​គ្នា

24. មើល ឯង​រាល់​គ្នា​មិន​មែន​ជា​អ្វី​ទេ ហើយ​ការ​របស់​ឯង​រាល់​គ្នា​ក៏​ជា​ទទេ​សោះ អ្នក​ណា​ដែល​រើស​យក​ឯង​រាល់​គ្នា នោះ​គួរ​ខ្ពើម​ឆ្អើម​ហើយ។

25. អញ​បាន​តាំង​ម្នាក់​ពី​ទិស​ខាង​ជើង​ឡើង អ្នក​នោះ​បាន​មក​ដល់​ហើយ អ្នក​នោះ​នឹង​អំពាវ‌នាវ​ដល់​ឈ្មោះ​អញ​ពី​ទិស​ខាង​កើត ក៏​នឹង​ញាំ‌ញី​ពួក​គ្រប់‌គ្រង ដូច​ជា​គេ​ជាន់​បាយអ ហើយ​ដូច​ជា​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ

26. តើ​អ្នក​ណា​បាន​សំដែង​សេចក្ដី​តាំង​ពី​ដើម​មក ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង ហើយ​មុន​កំណត់ ដើម្បី​ឲ្យ​យើង​បាន​ពោល​ថា អ្នក​នោះ​និយាយ​ត្រូវ​មែន អើ គ្មាន​អ្នក​ណា​សំដែង​ទេ អើ គ្មាន​អ្នក​ណា​បង្ហាញ​សោះ អើ គ្មាន​អ្នក​ណា​ឮ​ពាក្យ​សំដី​របស់​ឯង​រាល់​គ្នា​ឡើយ

27. គឺ​អញ​ដើម​ដំបូង ដែល​ប្រាប់​ដល់​ក្រុង​ស៊ីយ៉ូន​ថា មើល​ន៍ គេ​មក​ហើយ អញ​នឹង​ឲ្យ​ម្នាក់​ដល់​ក្រុង​យេរូ‌សាឡិម ជា​អ្នក​ដែល​នឹង​នាំ​ដំណឹង​ល្អ​មក

28. អញ​បាន​សង្កេត​មើល តែ​មិន​ឃើញ​មនុស្ស​ណា​មួយ​សោះ ទោះ​ទាំង​នៅ​ក្នុង​ពួក​ទាំង​នោះ ក៏​ឥត​មាន​ណា​មួយ ជា​អ្នក​ប្រឹក្សា ដែល​កាល​ណា​អញ​នឹង​សួរ នោះ​នឹង​អាច​ឆ្លើយ​១​ម៉ាត់​បាន​ឡើយ

29. មើល គេ​សុទ្ធ​តែ​ឥត ប្រយោជន៍​ទទេ ហើយ​ការ​របស់​គេ​ក៏​អសារ​ឥត​ការ​ដែរ រូប​សិត​របស់​គេ​សុទ្ធ​តែ​ជា​ខ្យល់ ហើយ​សូន្យ​ទទេ។

សូមអានជំពូកពេញលេញ អេសាយ 41