គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 41:18-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. អញ​នឹង​បើក​ផ្លូវ​ទឹក​ឲ្យ​ហូរ​នៅ​លើ​ទី​ខ្ពស់​ត្រងិល ហើយ​នឹង​ទឹក​ផុស​នៅ​កណ្តាល​ច្រក​ភ្នំ អញ​នឹង​ធ្វើ​ឲ្យ​ទី​រហោ‌ស្ថាន​ត្រឡប់​ទៅ​ជា​ត្រពាំង​ទឹក ហើយ​ឲ្យ​ដី​ហួត‌ហែង​មាន​រន្ធ​ទឹក​ហូរ

19. អញ​នឹង​ធ្វើ​ឲ្យ​ដើម​តាត្រៅ ដើម​នាង‌នួន ដើម​ពពាល​ខែ និង​ដើម​សំរោង ដុះ​នៅ​ទី​រហោ‌ស្ថាន អញ​នឹង​ដាំ​ដើម​កកោះ ដើម​ស្រល់ ហើយ​នឹង​ដើម​ស្រឡៅ ជា​មួយ​គ្នា​នៅ​ទី​សមុទ្រ​ខ្សាច់

20. ដើម្បី​ឲ្យ​គេ​បាន​ឃើញ ហើយ​ដឹង ព្រម​ទាំង​ពិចារណា​យល់​ជា​មួយ​គ្នា​ថា គឺ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​សំរេច​ការ​នោះ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែល​បង្កើត​ឡើង។

21. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​សំដែង​ដើម​ហេតុ​នៃ​រឿង​ឯង​មក មហា‌ក្សត្រ​នៃ​ពួក​យ៉ាកុប ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​រ៉ាយ‌រ៉ាប់​តាម​លំអាន​របស់​ឯង​ទាំង​ប៉ុន្មាន​ចុះ

22. ត្រូវ​ឲ្យ​គេ​បញ្ចេញ​សេចក្ដី​ទាំង​នោះ​មក ហើយ​ប្រាប់​យើង​រាល់​គ្នា​ពី​ការ​ដែល​កើត​ឡើង ឲ្យ​បាន​ដឹង ចូរ​ស​ប្រាប់​ពី​កាល​ដែល​កើត​មាន កាល​ពី​ដើម ជា​យ៉ាង​ណា​ផង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ពិចារណា ឲ្យ​ដឹង​ចុង​បំផុត​នៃ​ការ​ទាំង​នោះ ឬ​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ការ​នៅ​ខាង​មុខ​ចុះ

23. ចូរ​សំដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ខាង​មុខ​នោះ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង​ថា ឯង​រាល់​គ្នា​ជា​ព្រះ​មែន អើ ចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​ល្អ​ឬ​អាក្រក់​ក្តី ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ស្ងើច ហើយ​ឃើញ​ជា​មួយ​គ្នា

24. មើល ឯង​រាល់​គ្នា​មិន​មែន​ជា​អ្វី​ទេ ហើយ​ការ​របស់​ឯង​រាល់​គ្នា​ក៏​ជា​ទទេ​សោះ អ្នក​ណា​ដែល​រើស​យក​ឯង​រាល់​គ្នា នោះ​គួរ​ខ្ពើម​ឆ្អើម​ហើយ។

25. អញ​បាន​តាំង​ម្នាក់​ពី​ទិស​ខាង​ជើង​ឡើង អ្នក​នោះ​បាន​មក​ដល់​ហើយ អ្នក​នោះ​នឹង​អំពាវ‌នាវ​ដល់​ឈ្មោះ​អញ​ពី​ទិស​ខាង​កើត ក៏​នឹង​ញាំ‌ញី​ពួក​គ្រប់‌គ្រង ដូច​ជា​គេ​ជាន់​បាយអ ហើយ​ដូច​ជា​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ

26. តើ​អ្នក​ណា​បាន​សំដែង​សេចក្ដី​តាំង​ពី​ដើម​មក ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង ហើយ​មុន​កំណត់ ដើម្បី​ឲ្យ​យើង​បាន​ពោល​ថា អ្នក​នោះ​និយាយ​ត្រូវ​មែន អើ គ្មាន​អ្នក​ណា​សំដែង​ទេ អើ គ្មាន​អ្នក​ណា​បង្ហាញ​សោះ អើ គ្មាន​អ្នក​ណា​ឮ​ពាក្យ​សំដី​របស់​ឯង​រាល់​គ្នា​ឡើយ

27. គឺ​អញ​ដើម​ដំបូង ដែល​ប្រាប់​ដល់​ក្រុង​ស៊ីយ៉ូន​ថា មើល​ន៍ គេ​មក​ហើយ អញ​នឹង​ឲ្យ​ម្នាក់​ដល់​ក្រុង​យេរូ‌សាឡិម ជា​អ្នក​ដែល​នឹង​នាំ​ដំណឹង​ល្អ​មក

28. អញ​បាន​សង្កេត​មើល តែ​មិន​ឃើញ​មនុស្ស​ណា​មួយ​សោះ ទោះ​ទាំង​នៅ​ក្នុង​ពួក​ទាំង​នោះ ក៏​ឥត​មាន​ណា​មួយ ជា​អ្នក​ប្រឹក្សា ដែល​កាល​ណា​អញ​នឹង​សួរ នោះ​នឹង​អាច​ឆ្លើយ​១​ម៉ាត់​បាន​ឡើយ

29. មើល គេ​សុទ្ធ​តែ​ឥត ប្រយោជន៍​ទទេ ហើយ​ការ​របស់​គេ​ក៏​អសារ​ឥត​ការ​ដែរ រូប​សិត​របស់​គេ​សុទ្ធ​តែ​ជា​ខ្យល់ ហើយ​សូន្យ​ទទេ។

សូមអានជំពូកពេញលេញ អេសាយ 41