គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 41:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​កោះ​ទាំង​ប៉ុន្មាន​អើយ ចូរ​នៅ​ស្ងៀម​នៅ​មុខ​អញ​ចុះ ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​ចំរើន​កំឡាំង​ឡើង ត្រូវ​ឲ្យ​គេ​ចូល​មក​ជិត រួច​សឹម​ឲ្យ​គេ​និយាយ​ចុះ ចូរ​ឲ្យ​យើង​មូល​គ្នា​មក​វិនិច្ឆ័យ​សំរេច​ក្តី​យើង

2. តើ​អ្នក​ណា​បាន​លើក​ម្នាក់​ឡើង​ពី​ទិស​ខាង​កើត ទាំង​ហៅ​មក​ដល់​ជើង​ខ្លួន​ក្នុង​សេចក្ដី​សុចរិត ព្រម​ទាំង​ប្រគល់​អស់​ទាំង​សាសន៍​ដល់​អ្នក​នោះ ហើយ​លើក​ឲ្យ​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្តេច​ផង ក៏​យក​គេ​ដូច​ជា​ធូលី ប្រគល់​ដល់​ដាវ​របស់​អ្នក​នោះ ហើយ​ដូច​ជា​ជញ្ជ្រាំង ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ដល់​ធ្នូ​ដែរ

3. អ្នក​នោះ​ដេញ​តាម​គេ ក៏​ដើរ​ដោយ​សុខ‌សាន្ត ទៅ​តាម​ផ្លូវ​ដែល​ជើង​ខ្លួន​មិន​ដែល​ជាន់​ឡើយ

4. តើ​អ្នក​ណា​បាន​ធ្វើ ហើយ​សំរេច​ការ​នេះ ដោយ​ហៅ​អស់​ទាំង​ដំណ​មនុស្ស​តាំង​ពី​ដើម​មក គឺ​អញ យេហូវ៉ា​នេះ ដែល​ជា​ដើម ហើយ​ជា​អ្នក​នៅ​ជា​មួយ​នឹង​មនុស្ស​ជាន់​ក្រោយ​បង្អស់​ដែរ គឺ​អញ​នេះ​ហើយ

5. កោះ​ទាំង​ប៉ុន្មាន​បាន​ឃើញ ហើយ​ក៏​ភ័យ​ខ្លាច អស់​ទាំង​ចុង​ផែនដី​ក៏​ញាប់‌ញ័រ គេ​នាំ​គ្នា​ចូល​មក​ជិត

6. គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គ្រប់​គ្នា​និយាយ​ដល់​បង​ប្អូន​ខ្លួន​ថា ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង

7. ដូច្នេះ ជាង​ឈើ​គេ​កំឡា​ចិត្ត​ជាង​ទង ហើយ​អ្នក​ដែល​ផែ​ដោយ​ញញួរ ក៏​កំឡា​ចិត្ត​ដល់​អ្នក​ដែល​ដំ​ដែក ដោយ​និយាយ​ពី​ការ​ផ្សា​ថា នេះ​ល្អ​ហើយ រួច​ក៏​វាយ​ភ្ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា​ឡើយ។

8. តែ​ឯង ឱ​អ៊ីស្រា‌អែល ជា​អ្នក​បំរើ​អញ​អើយ ព្រម​ទាំង​យ៉ាកុប ដែល​អញ​បាន​រើស ជា​ពូជ​អ័ប្រា‌ហាំ ដ៏​ជា​សំឡាញ់​របស់​អញ​ផង

9. គឺ​ឯង​ដែល​អញ​បាន​ចាប់​នាំ​មក​ពី​ចុង​ផែនដី ហើយ​បាន​ហៅ​មក​ពី​ទី​ឆ្ងាយ​បំផុត ដោយ​និយាយ​នឹង​ឯង​ថា ឯង​ជា​អ្នក​បំរើ​របស់​អញ អញ​បាន​រើស​ឯង មិន​មែន​បោះ‌បង់​ចោល​ឯង​ទេ

10. កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ

11. មើល អស់​អ្នក​ដែល​ខឹង​ក្តៅ​ក្រហាយ​នឹង​ឯង គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​នៅ ពួក​អ្នក​ដែល​ត​តាំង​នឹង​ឯង គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ ហើយ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ

12. ឯង​នឹង​រក​គេ គឺ​ពួក​អ្នក​ដែល​ត​តាំង​នឹង​ឯង​នោះ តែ​មិន​ប្រទះ​ឃើញ​ឡើយ ឯ​ពួក​អ្នក​ដែល​ច្បាំង​នឹង​ឯង គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ ហើយ​ដូច​ជា​របស់​ដែល​គ្មាន​ផង

សូមអានជំពូកពេញលេញ អេសាយ 41