គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 33:10-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ អញ​នឹង​ក្រោក​ឡើង ឥឡូវ​នេះ អញ​នឹង​លើក​ខ្លួន​ឡើង ឥឡូវ​នេះ អញ​នឹង​បាន​ដំកើង​ឡើង​ហើយ

11. ឯង​រាល់​គ្នា​នឹង​មាន​គភ៌​ជា​ស្មៅ​ក្រៀម ហើយ​នឹង​បង្កើត​បាន​ជា​ជញ្ជ្រាំង​វិញ ខ្យល់​ដង្ហើម​របស់​ឯង​រាល់​គ្នា​ជា​ភ្លើង​ដែល​នឹង​ឆេះ​បំផ្លាញ​ខ្លួន

12. ហើយ​អស់​ទាំង​ប្រជា‌ជាតិ​នឹង​បាន​ដូច​ជា​ការ​ដុត​ធ្វើ​កំបោរ គឺ​ដូច​ជា​គុម្ព​បន្លា​ដែល​កាប់​យក​ទៅ​ដុត​ក្នុង​ភ្លើង។

13. ឱ​ឯង​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ស្តាប់​ពី​ការ​ដែល​អញ​បាន​ធ្វើ ហើយ​ឯង​រាល់​គ្នា​ដែល​នៅ​ជិត​ដែរ ចូរ​ទទួល​ស្គាល់​ឫទ្ធិ​របស់​អញ​ចុះ

14. ពួក​មនុស្ស​មាន​បាប​នៅ​ក្រុង​ស៊ីយ៉ូន គេ​ភ័យ​ខ្លាច សេចក្ដី​ញាប់‌ញ័រ​បាន​ចាប់​ពួក​មនុស្ស​គគ្រក់​ហើយ តើ​មាន​អ្នក​ណា​ក្នុង​ពួក​យើង​អាច​នឹង​នៅ​ចំពោះ​ភ្លើង​ដ៏​ឆេះ​បន្សុស​នេះ​បាន ក្នុង​ពួក​យើង​តើ​មាន​អ្នក​ណា​អាច​នឹង​នៅ​ចំពោះ​ការ ដ៏​ឆេះ​នៅ​អស់​កល្ប‌ជានិច្ច​បាន

15. គឺ​អ្នក​ណា​ដែល​ដើរ​ដោយ​សុចរិត ហើយ​ពោល​សេចក្ដី​ទៀង​ត្រង់ ជា​អ្នក​ដែល​ស្អប់​កំរៃ​ដែល​បាន​មក​ដោយ​សង្កត់‌សង្កិន ហើយ​រា​ដៃ​មិន​ព្រម​ទទួល​សំណូក ក៏​ចុក​ត្រចៀក​មិន​ស្តាប់​រឿង​ពី​ការ​កំចាយ​ឈាម ហើយ​ដែល​ធ្មេច​ភ្នែក​មិន​ព្រម​មើល​ការ​អាក្រក់​ផង

16. អ្នក​នោះ​នឹង​បាន​នៅ​ក្នុង​ទី​ខ្ពស់ ទី​ពំនាក់​របស់​អ្នក​នោះ​នឹង​នៅ​លើ​ថ្មដា​ដ៏​មាំ‌មួន ឯ​អាហារ​នឹង​បាន​ប្រទាន​មក​អ្នក​នោះ ហើយ​ទឹក​របស់​អ្នក​នោះ​នឹង​ចេះ​តែ​មាន​នៅ។

17. ភ្នែក​ឯង​នឹង​បាន​ឃើញ​មហា‌ក្សត្រ​មាន​ទាំង​សេចក្ដី​លំអ​រុងរឿង​របស់​ទ្រង់ គេ​នឹង​មើល​ទៅ​ឃើញ​ស្រុក ដល់​ទី​ឆ្ងាយ​បំផុត

18. ចិត្ត​ឯង​នឹង​នឹក‌ជញ្ជឹង​ពី​ការ​ដែល​បាន​នាំ​ឲ្យ​ឯង​ភ័យ​ខ្លាច​នោះ​ថា តើ​ស្មៀន​កត់‌ត្រា​នៅ​ឯ​ណា អ្នក​ដែល​ថ្លឹង​សួយ‌អាករ​នៅ​ឯ​ណា ហើយ​អ្នក​ដែល​បាន​រាប់​អស់​ទាំង​ប៉ម តើ​នៅ​ឯ​ណា

19. ឯង​នឹង​លែង​ឃើញ​សាសន៍​ដ៏​សហ័ស​នោះ ជា​សាសន៍​ដែល​មាន​សំដី​យ៉ាង​ជ្រៅ ដែល​ឯង​រក​ស្តាប់​មិន​បាន ជា​ភាសា​រឡប់​ដែល​ឯង​យល់​មិន​បាន

សូមអានជំពូកពេញលេញ អេសាយ 33