គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 29:14-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ហេតុ​នោះ មើល អញ​នឹង​ធ្វើ​ការ​១​យ៉ាង​អស្ចារ្យ នៅ​កណ្តាល​សាសន៍​នេះ​ទៀត ជា​ការ​អស្ចារ្យ ហើយ​ចំឡែក នោះ​ប្រាជ្ញា​នៃ​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ ហើយ​យោបល់​នៃ​ពួក​វាង‌វៃ​របស់​គេ​នឹង​ត្រូវ​បិទ​បាំង​ដែរ។

15. វេទនា​ដល់​ពួក​អ្នក​ដែល​លាក់​គំនិត​របស់​ខ្លួន​ពី​ព្រះ‌យេហូវ៉ា ហើយ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទី​កំបាំង ដោយ​ថា តើ​មាន​អ្នក​ណា​បាន​ឃើញ តើ​មាន​អ្នក​ណា​បាន​ស្គាល់​យើង

16. យី​អើ អ្នក​រាល់​គ្នា​យល់​ផ្ទុយ​អី​ម៉្លេះ តើ​នឹង​រាប់​ជាង​ស្មូន​ទុក​ដូច​ជា​ដី​ឥដ្ឋ​ដែរ​ឬ បាន​ជា​របស់​ដែល​គេ​បាន​បង្កើត​មក​ហើយ នឹង​ពោល​ពី​អ្នក​ដែល​បាន​បង្កើត​ខ្លួន​ថា គេ​មិន​បាន​បង្កើត​អញ​ទេ ឬ​របស់​ដែល​គេ​សូន​ធ្វើ​ឡើង នឹង​ពោល​ពី​អ្នក​ដែល​បាន​សូន​ធ្វើ​នោះ​ថា គេ​ឥត​មាន​ដំរិះ​យោបល់​អ្វី​ឡើយ​ដូច្នេះ។

17. នៅ​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ទេ នោះ​ព្រៃ​ល្បាណូន នឹង​ត្រឡប់​ទៅ​ជា​ចំការ​ដុះ‌ដាល ហើយ​ចំការ​ដុះ‌ដាល​នឹង​បាន​រាប់​ទុក​ដូច​ជា​ព្រៃ​វិញ

18. នៅ​គ្រា​នោះ មនុស្ស​ត្រចៀក​ថ្លង់​នឹង​ឮ​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ ហើយ​ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ ពី​ក្នុង​សភាព​ជា​ងងឹត ហើយ​សូន្យ‌សុង

19. មនុស្ស​រាបសា នឹង​មាន​សេចក្ដី​អំណរ​ចំរើន​ឡើង​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​ពួក​អ្នក​ក្រីក្រ​ក្នុង​បណ្តា​មនុស្ស គេ​នឹង​រីក‌រាយ​ដោយ‌សារ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល

20. ពី​ព្រោះ​មនុស្ស​ដែល​គួរ​ស្ញែង‌ខ្លាច​បាន​សូន្យ​បាត់​ទៅ ហើយ​ក៏​លែង​មាន​មនុស្ស​ចំអក​មើល‌ងាយ ឯ​ពួក​មនុស្ស​ដែល​រក​តែ​ឱកាស​នឹង​ធ្វើ​ការ​ទុច្ចរិត គេ​នឹង​ត្រូវ​កាត់​ចេញ​អស់​រលីង

21. គឺ​ជា​ពួក​អ្នក​ដែល​ចាប់​ពាក្យ​មនុស្ស ឲ្យ​គេ​មាន​ទោស ហើយ​ដាក់​អន្ទាក់ សំរាប់​ចាប់​ពួក​មនុស្ស​ដែល​ក្រើន​រំឭក​នៅ​ត្រង់​ទ្វារ​ក្រុង ព្រម​ទាំង​បង្វែរ​មនុស្ស​សុចរិត​ចេញ ដោយ​រឿង​ដែល​មិន​ជា​ហេតុ​ផង។

22. ហេតុ​នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ប្រោស​លោះ​អ័ប្រា‌ហាំ ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​វង្ស​យ៉ាកុប​ថា ឥឡូវ​នេះ ពួក​យ៉ាកុប​មិន​ត្រូវ​ខ្មាស​ទៀត​ឡើយ ក៏​មិន​ត្រូវ​ស្លុត‌ស្លាំង​ទៀត​ដែរ

23. តែ​កាល​ណា​កូន​ចៅ​គេ​បាន​ឃើញ​ការ​ដែល​ដៃ​អញ​នឹង​ធ្វើ​នៅ​កណ្តាល​ពួក​គេ នោះ​គេ​នឹង​រាប់​ឈ្មោះ​អញ​ជា​បរិសុទ្ធ អើ ក៏​នឹង​រាប់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​យ៉ាកុប​ទុក​ជា​បរិសុទ្ធ​ដែរ ព្រម​ទាំង​កោត‌ខ្លាច​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង

24. ឯ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ខាង​វិញ្ញាណ គេ​នឹង​មាន​យោបល់​វិញ ហើយ​មនុស្ស​ដែល​រទូ‌រទាំ​នឹង​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ។

សូមអានជំពូកពេញលេញ អេសាយ 29