គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 29:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. វេទនា​ដល់​អើរាល គឺ​អើរាល ជា​ទី​ក្រុង​ដែល​ដាវីឌ​បាន​គង់​នៅ ចូរ​ឲ្យ​គេ​ធ្វើ​បុណ្យ​ទាំង​ខួបៗ រាល់​តែ​ឆ្នាំ​ត​ទៅ​ចុះ

2. នោះ​អញ​នឹង​ធ្វើ​ទុក្ខ​ដល់​អើរាល ហើយ​គេ​នឹង​កើត​មាន​សេចក្ដី​សោយ‌សោក និង​ការ​យំ​ទួញ ឯ​ទី​ក្រុង​នឹង​បាន​ដូច​ជា​ជើង‌ក្រាន​នៃ​អាស‌នា​ដល់​អញ

3. អញ​នឹង​បោះ​ទ័ព​ឡោម‌ព័ទ្ធ​ឯង ព្រម​ទាំង​ដាក់​ទាហាន​បង្ខាំង​នៅ​ជុំវិញ ហើយ​ចាត់‌ចែង​គ្រឿង​ចំបាំង​ច្បាំង​នឹង​ឯង

4. នោះ​ឯង​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​និយាយ​ចេញ​ពី​ដី​មក សំដី​ឯង​នឹង​ឮ​ខ្សាវៗ​មក​ពី​ធូលី​ដី សំឡេង​ឯង​នឹង​ចេញ​ពី​ដី​មក​ដូច​ជា​សំឡេង​របស់​គ្រូ​ខាប គឺ​សំដី​ឯង​នឹង​ឮ​ខ្សឹប​ចេញ​ពី​ធូលី​ដី​មក​យ៉ាង​នោះ​ឯង។

5. ប៉ុន្តែ​ពួក​ខ្មាំង​សត្រូវ​ដ៏​មាន​ច្រើន​ក្រៃលែង​របស់​ឯង នឹង​ដូច​ជា​ផង់​ធូលី​ដី ហើយ​ពួក​គួរ​ស្ញែង‌ខ្លាច​ដ៏​មាន​ច្រើន​ក្រៃលែង គេ​នឹង​ដូច​ជា​អង្កាម​ដែល​កន្លង​បាត់​ទៅ អើ ការ​នោះ​នឹង​កើត​មក​ភ្លាម​១​រំពេច​ផង

6. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ដោយ​ផ្គរ កក្រើក​ដី សូរ​គ្រាំ‌គ្រេង ខ្យល់​កួច ព្យុះ​សង្ឃរា និង​អណ្តាត​ភ្លើង​ដែល​ឆេះ​បំផ្លាញ

7. នោះ​ពួក​ដ៏​មាន​ច្រើន​ក្រៃលែង ពី​គ្រប់​ទាំង​សាសន៍​ដែល​ច្បាំង​នឹង​អើរាល គឺ​អស់​អ្នក​ដែល​ច្បាំង​នឹង​ទី​ក្រុង ហើយ​នឹង​បន្ទាយ​ផង ជា​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ដល់​ទី​ក្រុង គេ​នឹង​ប្រៀប​ដូច​ជា​សប្តិ គឺ​ជា​ការ​ជាក់‌ស្តែង​នៅ​ពេល​យប់​ទេ

8. នោះ​នឹង​បាន​ដូច​ជា​កាល​មនុស្ស​ឃ្លាន គេ​យល់​សប្តិ​ឃើញ​ថា ខ្លួន​បាន​បរិភោគ តែ​លុះ​ភ្ញាក់​ឡើង នោះ​ចិត្ត​នឹក​ឃ្លាន​វិញ ឬ​ដូច​ជា​កាល​ណា​មនុស្ស​ដែល​ស្រេក បាន​យល់​សប្តិ​ឃើញ​ថា ខ្លួន​កំពុង​តែ​ផឹក តែ​គេ​ភ្ញាក់​ឡើង ហើយ​មើល គេ​ល្វើយ ហើយ​ចិត្ត​នឹក​ស្រេក​ណាស់ ឯ​ពួក​ដ៏​មាន​ច្រើន​ក្រៃលែង​ពី​គ្រប់​ទាំង​សាសន៍​ដែល​ច្បាំង​នឹង​ភ្នំ​ស៊ីយ៉ូន គេ​នឹង​ដូច្នោះ​ដែរ។

9. ចូរ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជា​ស្ទាក់‌ស្ទើរ ហើយ​ភាំង​ឆ្ងល់​ចុះ ចូរ​ឲ្យ​បិទ​ភ្នែក ហើយ​ធ្វើ​ជា​មនុស្ស​ខ្វាក់​ទៅ គេ​ស្រវឹង តែ​មិន​មែន​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ គេ​ទ្រេត‌ទ្រោត​ទៅ តែ​មិន​មែន​ដោយ​គ្រឿង​ស្រវឹង​ឡើយ

10. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាក់​វិញ្ញាណ ដែល​បណ្តាល​ឲ្យ​លក់​ស៊ប់​មក​លើ​អ្នក​រាល់​គ្នា ក៏​បាន​បិទ​ភ្នែក​អ្នក​រាល់​គ្នា ជា​ពួក​ហោរា ហើយ​បាន​គ្រប​ភ្ជិត​ក្បាល​អ្នក​រាល់​គ្នា ជា​ពួក​មើល‌ឆុត

សូមអានជំពូកពេញលេញ អេសាយ 29