គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 25:4-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ទី​មាំ‌មួន​ដល់​មនុស្ស​កំសត់​ទុគ៌ត ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក ជា​ទី​ជ្រក​កោន​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា​ជា​ម្លប់​បាំង​កំដៅ ក្នុង​កាល​ដែល​ខ្យល់​គំហុក​របស់​ពួក​គួរ​ស្ញែង‌ខ្លាច បាន​ដូច​ជា​មាន​ព្យុះ​បក់​ប៉ះ​នឹង​ជញ្ជាំង

5. ទ្រង់​នឹង​បន្ទាប​សូរ​របស់​ពួក​សាសន៍​ដទៃ​នោះ ដូច​ជា​ចំហាយ​ក្តៅ​នៅ​កន្លែង​ហួត‌ហែង ហើយ​ដូច​ជា​កំដៅ​បាន​អន់​ថយ​ដោយ‌សារ​ម្លប់​ពពក នោះ​បទ​ច្រៀង​ជ័យ​របស់​ពួក​គួរ​ស្ញែង‌ខ្លាច​នឹង​ត្រូវ​អន់​ទៅ​ដូច្នោះ​ដែរ។

6. នៅ​លើ​ភ្នំ​នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ចាត់‌ចែង​ជប់‌លៀង​ដល់​គ្រប់​ទាំង​សាសន៍ ដោយ​ម្ហូប​មាន​ឱជារស​យ៉ាង​វិសេស និង​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាំង ជា​ម្ហូប​យ៉ាង​វិសេស​ដោយ​ខួរ​ឆ្អឹង​ជោក ហើយ​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាំង​យ៉ាង​ល្អ

7. នៅ​លើ​ភ្នំ​នេះ ទ្រង់​នឹង​បំផ្លាញ​ស្បៃ​ដែល​បាំង​មុខ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​គំរប​ដែល​គ្រប​លើ​ជន‌ជាតិ​ទាំង​ប៉ុន្មាន​ផង

8. ទ្រង់​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់ ហើយ​ទ្រង់​នឹង​ដក​សេចក្ដី​ត្មះ‌តិះដៀល​ចំពោះ​រាស្ត្រ​ទ្រង់ ពី​ផែនដី​ទាំង​មូល​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ។

9. នៅ​គ្រា​នោះ គេ​នឹង​ពោល​ថា មើល នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា យើង​បាន​រង់‌ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង នេះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ យើង​បាន​រង់‌ចាំ​ទ្រង់ យើង​នឹង​មាន​ចិត្ត​រីក‌រាយ ហើយ​ត្រេក‌អរ ដោយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់

10. ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​សណ្ឋិត​នៅ​លើ​ភ្នំ​នេះ ឯ​សាសន៍​ម៉ូអាប់​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​ក្នុង​ស្រុក​របស់​គេ ដូច​ជា​ចំបើង​ដែល​ត្រូវ​ជាន់​ឈ្លី​នៅ​គំនរ​អាចម៍​ដែរ

11. ហើយ​គេ​នឹង​កាង​ដៃ​នៅ​កណ្តាល​ស្រុក​គេ ដូច​ជា​អ្នក​ដែល​កាង​ដៃ​ហែល​ទឹក ប៉ុន្តែ​ទ្រង់​នឹង​បន្ទាប​សេចក្ដី​អំនួត​របស់​គេ ព្រម​ទាំង​កល‌ឧបាយ​របស់​ដៃ​គេ​ដែរ

12. ឯ​បន្ទាយ​យ៉ាង​ខ្ពស់​នៅ​លើ​កំផែង​ឯង នោះ​ទ្រង់​បាន​រំលំ​ចុះ​មក​ដល់​ដី​វិញ គឺ​នៅ​ក្នុង​ធូលី​ដី​ផង។

សូមអានជំពូកពេញលេញ អេសាយ 25