គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 24:5-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ផែនដី​ត្រូវ​ស្មោក‌គ្រោក​ដោយ‌សារ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ពី​ព្រោះ​គេ​បាន​រំលង​អស់​ទាំង​ក្រឹត្យ‌ក្រម គេ​បាន​ធ្វើ​ខុស​នឹង​ច្បាប់​ទាំង​ប៉ុន្មាន ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ចេញ

6. ហេតុ​ដូច្នោះ​បាន​ជា​សេចក្ដី​បណ្តាសា​បាន​លេប​ស៊ី​ផែនដី ហើយ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ក៏​មាន​ទោស​ទាំង​អស់​គ្នា បាន​ជា​ពួក​អ្នក​អាស្រ័យ​នៅ​នោះ គេ​ត្រូវ​ឆេះ​អស់​រលីង​ទៅ មាន​មនុស្ស​សល់​នៅ​តែ​បន្តិច‌បន្តួច​ទេ

7. ទឹក​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​សោយ‌សោក ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​ក៏​ស្វិត​ក្រៀម​ដែរ ឯ​អស់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ គេ​ដក​ដង្ហើម​ធំ​វិញ

8. ការ​សប្បាយ​ដោយ​វាយ​ក្រាប់​បាន​បាត់‌ឈឹង សំឡេង​របស់​ពួក​អ្នក​ដែល​កំពុង​តែ​រីក‌រាយ​ក៏​ផុត ហើយ​សេចក្ដី​អំណរ​ដោយ​ដេញ​ស៊ុង​ក៏​អស់​ទៅ

9. គេ​នឹង​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ទាំង​ច្រៀង​ទៀត​ឡើយ ឯ​គ្រឿង​ស្រវឹង នឹង​ទៅ​ជា​ល្វីង ដល់​អស់​អ្នក​ដែល​ធ្លាប់​ផឹក

10. ទី​ក្រុង​ដែល​ចោល​ស្ងាត់​នឹង​ត្រូវ​រំលំ‌រំលាង គ្រប់​ទាំង​ផ្ទះ​បាន​បិទ​ទ្វារ មិន​ឲ្យ​មាន​អ្នក​ណា​ចូល​ឡើយ

11. នៅ​តាម​ផ្លូវ​មាន​ឮ​សំឡេង​គេ​ស្រែក​រក​ស្រា​ទំពាំង‌បាយ‌ជូរ សេចក្ដី​អំណរ​ទាំង​អស់​បាន​ងងឹត​ទៅ ហើយ​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ស្រុក​ក៏​បាត់​អស់​ដែរ

12. នៅ​ក្នុង​ទី​ក្រុង​សុទ្ធ​តែ​ស្ងាត់​ឈឹង​ទទេ ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​វាយ​បំបាក់​ចុះ

13. ដ្បិត​នៅ​ក្នុង​បណ្តា‌ជន‌ជាតិ​ដែល​នៅ​កណ្តាល​ផែនដី នឹង​ត្រូវ​បាន​ដូច្នោះ ដូច​ជា​ការ​អង្រួន​ដើម​អូលីវ ហើយ​ដូច​ការ​បេះ​សន្សំ​ផ្លែ​ទំពាំង‌បាយ‌ជូរ ក្រោយ​ដែល​បេះ​រួច​ពី​ជាន់​ដើម​ជា​ស្រេច​ហើយ។

14. ពួក​អ្នក​ទាំង​នេះ​នឹង​បន្លឺ​ឡើង ហើយ​ស្រែក​ដោយ​អំណរ គេ​នឹង​ស្រែក​ឡើង​ជា​ខ្លាំង​ពី​ខាង​សមុទ្រ ដោយ​ព្រោះ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា

15. ដូច្នេះ​ចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា​នៅ​ទិស​ខាង​កើត​ដែរ គឺ​លើក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​ស្រុក​ក្បែរ​សមុទ្រ

សូមអានជំពូកពេញលេញ អេសាយ 24