គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 22:4-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ដូច្នេះ ខ្ញុំ​បាន​និយាយ​ថា ចូរ​បែរ​មុខ​ពី​ខ្ញុំ​ចេញ ខ្ញុំ​នឹង​យំ​យ៉ាង​ក្រំ​ចិត្ត កុំ​ឲ្យ​ខំ​ជួយ​កំសាន្ត​ទុក្ខ​ខ្ញុំ ពី​ដំណើរ​ពួក​កូន​ស្រី​របស់​សាសន៍​ខ្ញុំ ដែល​ត្រូវ​បំផ្លាញ​ឡើយ

5. ដ្បិត​នេះ​ជា​ថ្ងៃ​ចលាចល ថ្ងៃ​ជាន់​ឈ្លី ហើយ​វល់​គំនិត ដែល​មក​ពី​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ត្រង់​ច្រក​ភ្នំ​នៃ​ការ​ជាក់‌ស្តែង គឺ​ជា​ការ​រំលំ‌រំលាយ​កំផែង ហើយ​ជា​ការ​ស្រែក​ឮ​ខ្ទរ​នៅ​ក្នុង​ភ្នំ។

6. ពួក​អេឡាំ ជា​អ្នក​ស្ពាយ​បំពង់​ព្រួញ គេ​ក៏​មាន​រទេះ​ចំបាំង​ពេញ​ដោយ​មនុស្ស ហើយ​មាន​ពល​សេះ​ផង ឯ​ពួក​គារ គេ​បាន​ដោះ​ស្រោម​ខែល​ចេញ

7. យ៉ាង​នោះ ច្រក​ភ្នំ​យ៉ាង​ល្អ​បំផុត​របស់​ឯង បាន​ពេញ​ដោយ​រទេះ​ចំបាំង ហើយ​ពួក​ពល​សេះ​ក៏​ដំរៀប​គ្នា​នៅ​មាត់​ទ្វារ​ក្រុង

8. គេ​ក៏​បើក​ស្បៃ​របាំង​ចេញ​ពី​ស្រុក​យូដា ហើយ​នៅ​ថ្ងៃ​នោះ ឯង​បាន​ទី​ពឹង​ដល់​គ្រឿង​សស្ត្រា‌វុធ​នៅ​ក្នុង​ឃ្លាំង​ដំណាក់​ព្រៃ

9. ឯង​រាល់​គ្នា​បាន​ឃើញ​កន្លែង​រំលំ‌រំលាយ​នៅ​ក្រុង​ដាវីឌ ថា​មាន​ច្រើន​ណាស់ ឯង​រាល់​គ្នា​បាន​ប្រមូល​ទឹក​នៃ​ស្រះ​ខាង​ក្រោម​ទុក

10. ក៏​បាន​រាប់​ចំនួន​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​រុះ​ផ្ទះ​យក​ថ្ម​ទៅ​ប៉ះ​កំផែង​ក្រុង​ឲ្យ​មាំ‌មួន​ឡើង

11. ឯង​រាល់​គ្នា​បាន​ជីក​ស្រះ​ទឹក នៅ​កណ្តាល​កំផែង​ទាំង​២ សំរាប់​ទឹក​របស់​ស្រះ​ចាស់ ប៉ុន្តែ​ឯង​មិន​បាន​ពឹង‌ពាក់​ដល់​ព្រះ​ដែល​ទ្រង់​ធ្វើ​ការ​ទាំង​នេះ ឬ​ផ្អែក​ដល់​ទ្រង់​ដែល​បាន​សំរេច​ការ​នេះ​ជា​យូរ​មក​ហើយ នោះ​ទេ។

12. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ហៅ​ឯង​រាល់​គ្នា ឲ្យ​មក​យំ ឲ្យ​មក​សោយ‌សោក កោរ​សក់ ហើយ​ស្លៀក​សំពត់​ធ្មៃ

13. តែ​មើល មាន​សុទ្ធ​តែ​អំណរ ហើយ​រីក‌រាយ​វិញ ជា​ការ​សំឡាប់​គោ និង​ចៀម ស៊ី​សាច់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ដោយ​ពោល​ថា ចូរ​យើង​ស៊ី​ហើយ​ផឹក​ទៅ ដ្បិត​នៅ​ថ្ងៃ​ស្អែក​នេះ​យើង​ត្រូវ​ស្លាប់​ហើយ

សូមអានជំពូកពេញលេញ អេសាយ 22