គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 21:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​វាល​រហាល​ក្បែរ​សមុទ្រ។ការ​នេះ​មក​ពី​វាល​រហាល គឺ​ជា​កន្លែង​គួរ​ស្ញែង‌ខ្លាច​ដូច​ខ្យល់​កំបុត​ត្បូង ដែល​បក់​មក​បោស​កាត់​ស្រុក​ត្បូង​ដែរ

2. មាន​ការ​ជាក់‌ស្តែង​យ៉ាង​ធ្ងន់​បាន​ប្រាកដ​ដល់​ខ្ញុំ​ហើយ គឺ​មនុស្ស​ឧបាយ គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​អ្នក​ដែល​ធ្លាប់​បំផ្លាញ ក៏​បំផ្លាញ​ទៅ ឱ​ស្រុក​អេឡាំ​អើយ ចូរ​ឡើង​ទៅ ឱ​សាសន៍​មេឌី​អើយ ចូរ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​គេ​ចុះ អញ​បាន​រំងាប់​ដំងូរ​ចេញ​ពី​នោះ​ហើយ

3. ហេតុ​នោះ​បាន​ជា​ចង្កេះ​ខ្ញុំ​ចុក​សៀត​ជា​ខ្លាំង សេចក្ដី​ឈឺ​ចាប់​បាន​គ្រប​សង្កត់​ខ្ញុំ​ដូច​ជា​ស្ត្រី​ឈឺ​នឹង​សំរាល ខ្ញុំ​បាន​វល់​គំនិត​ដល់​ម៉្លេះ បាន​ជា​ស្តាប់​អ្វី​មិន​ឮ ក៏​ញ័រ​ខ្លួន​ទទាក់ ដល់​ម៉្លេះ​បាន​ជា​មើល​អ្វី​មិន​ឃើញ

4. ទ្រូង​ខ្ញុំ​ពើត​ខ្ទោកៗ សេចក្ដី​ស្ញែង‌ខ្លាច​យ៉ាង​សំបើម​បាន​បំភ័យ​ខ្ញុំ វេលា​ព្រលប់​ដែល​ជា​ពេល​សប្បាយ​ដល់​ខ្ញុំ នោះ​បាន​ត្រឡប់​ជា​វេលា​តក់‌ស្លុត​ដល់​ខ្ញុំ​វិញ

5. គឺ​គេ​រៀប​តុ ហើយ​ដាក់​ឲ្យ​ចាំ​យាម រួច​គេ​ស៊ី​គេ​ផឹក ស្រាប់​តែ​ឮ​សំរែក​ថា ចូរ​ក្រោក​ឡើង​ពួក​មេ​ទាំង‌ឡាយ​អើយ ចូរ​លាប​ខែល​ទៅ

6. ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​ទៅ​ដាក់​អ្នក​ល្បាត​ម្នាក់​ឲ្យ​ចាំ​យាម ឲ្យ​គេ​ប្រាប់​ហេតុ​ការ​អ្វី​ដែល​គេ​ឃើញ

7. គេ​ក៏​ឃើញ​កង‌ទ័ព មាន​ពល​សេះ​ដើរ​ទន្ទឹម​គ្នា​១​គូៗ ព្រម​ទាំង​អ្នក​១​ជិះ​លើ​លា នឹង​អ្នក​១​ជិះ​លើ​អូដ្ឋ​ផង គេ​ក៏​ប្រុង​ស្តាប់​អស់​ពី​ចិត្ត

8. រួច​ស្រែក​មក​ដូច​សិង្ហ​ថា លោក​ម្ចាស់​អើយ នៅ​វេលា​ថ្ងៃ​ខ្ញុំ​ឈរ​នៅ​លើ​ប៉ម​ជានិច្ច ហើយ​ក៏​នៅ​ត្រង់​ទី​ចាំ​យាម​របស់​ខ្ញុំ​រាល់​តែ​យប់​ដែរ

សូមអានជំពូកពេញលេញ អេសាយ 21