1. នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរវាលរហាលក្បែរសមុទ្រ។ការនេះមកពីវាលរហាល គឺជាកន្លែងគួរស្ញែងខ្លាចដូចខ្យល់កំបុតត្បូង ដែលបក់មកបោសកាត់ស្រុកត្បូងដែរ
2. មានការជាក់ស្តែងយ៉ាងធ្ងន់បានប្រាកដដល់ខ្ញុំហើយ គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញទៅ ឱស្រុកអេឡាំអើយ ចូរឡើងទៅ ឱសាសន៍មេឌីអើយ ចូរឡោមព័ទ្ធច្បាំងនឹងគេចុះ អញបានរំងាប់ដំងូរចេញពីនោះហើយ
3. ហេតុនោះបានជាចង្កេះខ្ញុំចុកសៀតជាខ្លាំង សេចក្ដីឈឺចាប់បានគ្របសង្កត់ខ្ញុំដូចជាស្ត្រីឈឺនឹងសំរាល ខ្ញុំបានវល់គំនិតដល់ម៉្លេះ បានជាស្តាប់អ្វីមិនឮ ក៏ញ័រខ្លួនទទាក់ ដល់ម៉្លេះបានជាមើលអ្វីមិនឃើញ
4. ទ្រូងខ្ញុំពើតខ្ទោកៗ សេចក្ដីស្ញែងខ្លាចយ៉ាងសំបើមបានបំភ័យខ្ញុំ វេលាព្រលប់ដែលជាពេលសប្បាយដល់ខ្ញុំ នោះបានត្រឡប់ជាវេលាតក់ស្លុតដល់ខ្ញុំវិញ
5. គឺគេរៀបតុ ហើយដាក់ឲ្យចាំយាម រួចគេស៊ីគេផឹក ស្រាប់តែឮសំរែកថា ចូរក្រោកឡើងពួកមេទាំងឡាយអើយ ចូរលាបខែលទៅ
6. ដ្បិតព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ចូរទៅដាក់អ្នកល្បាតម្នាក់ឲ្យចាំយាម ឲ្យគេប្រាប់ហេតុការអ្វីដែលគេឃើញ
7. គេក៏ឃើញកងទ័ព មានពលសេះដើរទន្ទឹមគ្នា១គូៗ ព្រមទាំងអ្នក១ជិះលើលា នឹងអ្នក១ជិះលើអូដ្ឋផង គេក៏ប្រុងស្តាប់អស់ពីចិត្ត
8. រួចស្រែកមកដូចសិង្ហថា លោកម្ចាស់អើយ នៅវេលាថ្ងៃខ្ញុំឈរនៅលើប៉មជានិច្ច ហើយក៏នៅត្រង់ទីចាំយាមរបស់ខ្ញុំរាល់តែយប់ដែរ
9. មើល មានកងទ័ព ជាពលសេះ ដើរមកទាំងគូៗ រួចគេបន្លឺសំឡេងឡើងទៀតថា ដួលហើយ ក្រុងបាប៊ីឡូនបានដួលហើយ អស់ទាំងរូបព្រះឆ្លាក់របស់គេបានត្រូវបែករេលនៅលើដី។
10. ឱពួកអ្នកដែលត្រូវបញ្ជាន់ ជាគ្រាប់ពូជនៅទីលានរបស់អញអើយ សេចក្ដីដែលបានឮមកពីព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះបានប្រាប់ដល់ឯងរាល់គ្នាហើយ។