គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 5:4-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ដូច្នេះ​ថា ចូរ​ស្វែង​រក​អញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ

5. កុំ​ឲ្យ​រក​ដល់​បេត-អែល ឬ​ចូល​ទៅ​ក្នុង​គីលកាល​ឡើយ ក៏​កុំ​ឲ្យ​រំលង​ទៅ​ដល់​បៀរ-សេបា​ដែរ ពី​ព្រោះ​គីលកាល​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ​ពិត ហើយ​បេត-អែល​នឹង​ត្រូវ​សូន្យ​បាត់​ទៅ

6. ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា​វិញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ ក្រែង​ទ្រង់​កាត់​ឆេះ​ឡើង ដូច​ជា​ភ្លើង​នៅ​ក្នុង​វង្ស​យ៉ូសែប ហើយ​បញ្ឆេះ​អស់​រលីង​ទៅ ឥត​មាន​អ្នក​ណា​នៅ​បេត-អែល ដែល​អាច​នឹង​ពន្លត់​បាន​ឡើយ

7. ម្នាល​ឯង​រាល់​គ្នា​ដែល​បំផ្លាស់​បំប្រែ​សេចក្តី​យុត្តិ‌ធម៌ ឲ្យ​ទៅ​ជា​ស្លែង ហើយ​បោះ​សេចក្តី​សុចរិត​ចុះ​ដល់​ដី

8. ចូរ​ស្វែង​រក​ព្រះ​ដែល​ទ្រង់​បាន​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នាយ​ព្រាន ក៏​ធ្វើ​ឲ្យ​ម្លប់​នៃ​សេចក្តី​ស្លាប់​ប្រែ​ទៅ​ជា​ព្រលឹម​ស្រាង ហើយ​ឲ្យ​ថ្ងៃ​ត្រឡប់​ទៅ​ជា​យប់​វិញ ព្រម​ទាំង​ហៅ​ទឹក​សមុទ្រ​មក រួច​ចាក់​ទៅ​លើ​ផែនដី ព្រះ‌នាម​ទ្រង់ គឺ​ព្រះ‌យេហូវ៉ា

9. ទ្រង់​នាំ​ការ​បំផ្លាញ​មក​លើ​មនុស្ស​ខ្លាំង​ពូកែ​ភ្លាម​១​រំពេច ដល់​ម៉្លេះ​បាន​ជា​ទាំង​បន្ទាយ​ក៏​ត្រូវ​បំផ្លាញ​ផង។

10. គេ​រមែង​ស្អប់​អ្នក ដែល​បន្ទោស​នៅ​ត្រង់​ទ្វារ​ក្រុង ហើយ​ក៏​តែង​តែ​ខ្ពើម​អ្នក ដែល​ពោល​សេចក្តី​ទៀង​ទ្រង់​ផង

11. ដូច្នេះ ដោយ​ព្រោះ​ឯង​រាល់​គ្នា​តែង​ញាំ‌ញី​ពួក​ក្រ ហើយ​រឹប​យក​ស្រូវ​ពី​គេ បាន​ជា​ឯង​រាល់​គ្នា​នឹង​សង់​ផ្ទះ​ដោយ​ថ្ម​ដាប់ តែ​មិន​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ឯង​រាល់​គ្នា​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ​ដ៏​គាប់​ចិត្ត តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​នោះ​ឡើយ

12. ដ្បិត​អញ​ដឹង​ហើយ​ថា អំពើ​រំលង​របស់​ឯង​រាល់​គ្នា​មាន​សន្ធឹក​ណាស់ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា​មាន​សន្ធឹក​ណាស់ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា​ក៏​មាន​ទំងន់​ពេក​ផង គឺ​ឯង​រាល់​គ្នា​ហើយ ជា​ពួក​អ្នក​ដែល​បៀត‌បៀន​មនុស្ស​សុចរិត ហើយ​ស៊ី​សំណូក ព្រម​ទាំង​បង្វែរ​មនុស្ស​កំសត់​ទុគ៌ត​មិន​ឲ្យ​បាន​សំរេច​តាម​អំណាច​ច្បាប់

13. ហេតុ​នោះ មនុស្ស​ដែល​មាន​គំនិត​វាង‌វៃ នឹង​ស្ងៀម​នៅ ក្នុង​គ្រា​យ៉ាង​នេះ ដ្បិត​ជា​គ្រា​អាក្រក់​ហើយ។

14. ចូរ​ស្វែង​រក​សេចក្តី​ល្អ កុំ​រក​សេចក្តី​អាក្រក់​ឡើយ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រស់​នៅ យ៉ាង​នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​ឯង​ជា​ពិត​ដូច​ឯង​ធ្លាប់​ថា​ហើយ

15. ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ​វិញ ចូរ​តាំង​ឲ្យ​មាន​សេចក្តី​យុត្តិ‌ធម៌​នៅ​ត្រង់​ទ្វារ​ក្រុង​ចុះ នោះ​ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ប្រព្រឹត្ត​ដល់​សំណល់​នៃ​ពួក​យ៉ូសែប ដោយ​ករុណា​គុណ​ទេ​ដឹង។

សូមអានជំពូកពេញលេញ អេម៉ុស 5