ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ពាក្យ​ដែល​អញ​តាំង​ឡើង​នេះ ទុក​សំរាប់​ជា​ពាក្យ​ទំនួញ​ពី​ឯង​រាល់​គ្នា​ចុះ

2. នាង​ព្រហ្មចារី គឺ​នគរ​អ៊ីស្រា‌អែល បាន​ដួល​ចុះ​ហើយ នឹង​ក្រោក​ឡើង​វិញ​មិន​បាន​ឡើយ នាង​ដេក​ត្រមោច​នៅ​លើ​ដី​ខ្លួន គ្មាន​អ្នក​ណា​នឹង​លើក​ឡើង​វិញ​សោះ

3. ដ្បិត​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទី​ក្រុង​ណា​ដែល​លើក​ទ័ព​១​ពាន់​ចេញ​ទៅ នោះ​នឹង​សល់​នៅ​តែ​១​រយ​វិញ ហើយ​ទី​ក្រុង​ដែល​មាន​១​រយ​ចេញ​ទៅ នោះ​នឹង​សល់​នៅ​តែ​១០​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទេ។

4. ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ដូច្នេះ​ថា ចូរ​ស្វែង​រក​អញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ

5. កុំ​ឲ្យ​រក​ដល់​បេត-អែល ឬ​ចូល​ទៅ​ក្នុង​គីលកាល​ឡើយ ក៏​កុំ​ឲ្យ​រំលង​ទៅ​ដល់​បៀរ-សេបា​ដែរ ពី​ព្រោះ​គីលកាល​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ​ពិត ហើយ​បេត-អែល​នឹង​ត្រូវ​សូន្យ​បាត់​ទៅ

6. ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា​វិញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ ក្រែង​ទ្រង់​កាត់​ឆេះ​ឡើង ដូច​ជា​ភ្លើង​នៅ​ក្នុង​វង្ស​យ៉ូសែប ហើយ​បញ្ឆេះ​អស់​រលីង​ទៅ ឥត​មាន​អ្នក​ណា​នៅ​បេត-អែល ដែល​អាច​នឹង​ពន្លត់​បាន​ឡើយ

7. ម្នាល​ឯង​រាល់​គ្នា​ដែល​បំផ្លាស់​បំប្រែ​សេចក្តី​យុត្តិ‌ធម៌ ឲ្យ​ទៅ​ជា​ស្លែង ហើយ​បោះ​សេចក្តី​សុចរិត​ចុះ​ដល់​ដី

8. ចូរ​ស្វែង​រក​ព្រះ​ដែល​ទ្រង់​បាន​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នាយ​ព្រាន ក៏​ធ្វើ​ឲ្យ​ម្លប់​នៃ​សេចក្តី​ស្លាប់​ប្រែ​ទៅ​ជា​ព្រលឹម​ស្រាង ហើយ​ឲ្យ​ថ្ងៃ​ត្រឡប់​ទៅ​ជា​យប់​វិញ ព្រម​ទាំង​ហៅ​ទឹក​សមុទ្រ​មក រួច​ចាក់​ទៅ​លើ​ផែនដី ព្រះ‌នាម​ទ្រង់ គឺ​ព្រះ‌យេហូវ៉ា

9. ទ្រង់​នាំ​ការ​បំផ្លាញ​មក​លើ​មនុស្ស​ខ្លាំង​ពូកែ​ភ្លាម​១​រំពេច ដល់​ម៉្លេះ​បាន​ជា​ទាំង​បន្ទាយ​ក៏​ត្រូវ​បំផ្លាញ​ផង។

10. គេ​រមែង​ស្អប់​អ្នក ដែល​បន្ទោស​នៅ​ត្រង់​ទ្វារ​ក្រុង ហើយ​ក៏​តែង​តែ​ខ្ពើម​អ្នក ដែល​ពោល​សេចក្តី​ទៀង​ទ្រង់​ផង

11. ដូច្នេះ ដោយ​ព្រោះ​ឯង​រាល់​គ្នា​តែង​ញាំ‌ញី​ពួក​ក្រ ហើយ​រឹប​យក​ស្រូវ​ពី​គេ បាន​ជា​ឯង​រាល់​គ្នា​នឹង​សង់​ផ្ទះ​ដោយ​ថ្ម​ដាប់ តែ​មិន​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ឯង​រាល់​គ្នា​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ​ដ៏​គាប់​ចិត្ត តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​នោះ​ឡើយ

12. ដ្បិត​អញ​ដឹង​ហើយ​ថា អំពើ​រំលង​របស់​ឯង​រាល់​គ្នា​មាន​សន្ធឹក​ណាស់ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា​មាន​សន្ធឹក​ណាស់ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា​ក៏​មាន​ទំងន់​ពេក​ផង គឺ​ឯង​រាល់​គ្នា​ហើយ ជា​ពួក​អ្នក​ដែល​បៀត‌បៀន​មនុស្ស​សុចរិត ហើយ​ស៊ី​សំណូក ព្រម​ទាំង​បង្វែរ​មនុស្ស​កំសត់​ទុគ៌ត​មិន​ឲ្យ​បាន​សំរេច​តាម​អំណាច​ច្បាប់

13. ហេតុ​នោះ មនុស្ស​ដែល​មាន​គំនិត​វាង‌វៃ នឹង​ស្ងៀម​នៅ ក្នុង​គ្រា​យ៉ាង​នេះ ដ្បិត​ជា​គ្រា​អាក្រក់​ហើយ។

14. ចូរ​ស្វែង​រក​សេចក្តី​ល្អ កុំ​រក​សេចក្តី​អាក្រក់​ឡើយ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រស់​នៅ យ៉ាង​នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​ឯង​ជា​ពិត​ដូច​ឯង​ធ្លាប់​ថា​ហើយ

15. ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ​វិញ ចូរ​តាំង​ឲ្យ​មាន​សេចក្តី​យុត្តិ‌ធម៌​នៅ​ត្រង់​ទ្វារ​ក្រុង​ចុះ នោះ​ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ប្រព្រឹត្ត​ដល់​សំណល់​នៃ​ពួក​យ៉ូសែប ដោយ​ករុណា​គុណ​ទេ​ដឹង។

16. ហេតុ​នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ‌អម្ចាស់ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មនុស្ស​នឹង​ទ្រហោ​យំ​នៅ​គ្រប់​ទាំង​ផ្លូវ​ធ្លា ហើយ​នៅ​គ្រប់​ទាំង​ផ្លូវ​គេ​នឹង​ថា វរ​ហើយ វរ​ហើយ គេ​នឹង​ហៅ​ពួក​អ្នក​ស្រែ​ចំការ​ឲ្យ​មក​សោយ‌សោក ហើយ​ពួក​អ្នក​ដែល​ប្រសប់​ទួញ​ទំនួញ ឲ្យ​មក​ទ្រហោ​យំ

17. នៅ​គ្រប់​ទាំង​ចំការ​ទំពាំង‌បាយ‌ជូរ គេ​នឹង​ទ្រហោ​យំ​ដែរ ដ្បិត​អញ​នឹង​ដើរ​កាត់​កណ្តាល​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

18. វេទនា​ដល់​ឯង​រាល់​គ្នា ដែល​សង្វាត​ចង់​បាន​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា តើ​ចង់​បាន​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​អី ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត មិន​មែន​ភ្លឺ​ទេ

19. ហាក់​ដូច​ជា​មនុស្ស​ដែល​រត់​រួច​ពី​សិង្ហ ហើយ​លោ​តែ​ប្រទះ​នឹង​ខ្លា‌ឃ្មុំ ឬ​ដូច​ជា​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ ច្រត់​ដៃ​នៅ​ជញ្ជាំង រួច​មាន​ពស់​ចឹក

20. ឯ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា តើ​មិន​មែន​ជា​ថ្ងៃ​ងងឹត ឥត​មាន​ពន្លឺ​ជា​ពិត គឺ​ជា​ថ្ងៃ​ងងឹត​សូន្យ‌សុង ឥត​មាន​ពន្លឺ​បន្តិច​សោះ​ទេ​ឬ​អី។

21. អញ​ស្អប់ អញ​ខ្ពើម​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា ហើយ​អញ​នឹង​មិន​រីក‌រាយ​ចំពោះ​ជំនុំ​មុត‌មាំ​របស់​ឯង​រាល់​គ្នា​ទេ

22. អើ ទោះ​បើ​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា និង​ដង្វាយ​ម្សៅ​របស់​ឯង​ដល់​អញ គង់​តែ​អញ​មិន​ព្រម​ទទួល​ដែរ អញ​ក៏​មិន​ព្រម​អើពើ​នឹង​សត្វ​ធាត់ៗ ដែល​ឯង​រាល់​គ្នា​ថ្វាយ​ជា​ដង្វាយ​មេត្រី​ឡើយ

23. ចូរ​ដក​សូរ​ទំនាស់​នៃ​ចំរៀង​របស់​ឯង​រាល់​គ្នា​ចេញ​ពី​អញ​ទៅ ដ្បិត​អញ​មិន​ព្រម​ស្តាប់​សូរ​ដន្ត្រី​នៃ​ពិណ​របស់​ឯង​ទេ

24. តែ​ត្រូវ​ឲ្យ​មាន​សេចក្តី​យុត្តិ‌ធម៌​ហូរ​ដូចេ​ជា​ទឹក ហើយ​សេចក្តី​សុចរិត​ដូច​ជា​ទន្លេ​ធំ​វិញ។

25. ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ឯ​យញ្ញ‌បូជា និង​ដង្វាយ​ម្សៅ ដែល​ឯង​រាល់​គ្នា​បាន​ថ្វាយ​នៅ​ទី​រហោ‌ស្ថាន​ក្នុង​រវាង​៤០​ឆ្នាំ​នោះ តើ​បាន​ថ្វាយ​ដល់​អញ​ពិត​ឬ

26. អើ​ឯង​រាល់​គ្នា​បាន​លី‌សែង​បារាំ​នៃ​ម៉ូឡុក ជា​ព្រះ​របស់​ឯង និង​គីឃុន ជា​រូប​ព្រះ​របស់​ឯង ព្រម​ទាំង​ផ្កាយ​របស់​ព្រះ​ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ​សំរាប់​ខ្លួន​វិញ

27. ដូច្នេះ ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ព្រះ‌នាម​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​ទៅ​ជា​ឈ្លើយ​ខាង​នាយ​ក្រុង​ដាម៉ាស។