គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 5:16-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ហេតុ​នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ‌អម្ចាស់ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មនុស្ស​នឹង​ទ្រហោ​យំ​នៅ​គ្រប់​ទាំង​ផ្លូវ​ធ្លា ហើយ​នៅ​គ្រប់​ទាំង​ផ្លូវ​គេ​នឹង​ថា វរ​ហើយ វរ​ហើយ គេ​នឹង​ហៅ​ពួក​អ្នក​ស្រែ​ចំការ​ឲ្យ​មក​សោយ‌សោក ហើយ​ពួក​អ្នក​ដែល​ប្រសប់​ទួញ​ទំនួញ ឲ្យ​មក​ទ្រហោ​យំ

17. នៅ​គ្រប់​ទាំង​ចំការ​ទំពាំង‌បាយ‌ជូរ គេ​នឹង​ទ្រហោ​យំ​ដែរ ដ្បិត​អញ​នឹង​ដើរ​កាត់​កណ្តាល​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

18. វេទនា​ដល់​ឯង​រាល់​គ្នា ដែល​សង្វាត​ចង់​បាន​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា តើ​ចង់​បាន​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​អី ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត មិន​មែន​ភ្លឺ​ទេ

19. ហាក់​ដូច​ជា​មនុស្ស​ដែល​រត់​រួច​ពី​សិង្ហ ហើយ​លោ​តែ​ប្រទះ​នឹង​ខ្លា‌ឃ្មុំ ឬ​ដូច​ជា​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ ច្រត់​ដៃ​នៅ​ជញ្ជាំង រួច​មាន​ពស់​ចឹក

20. ឯ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា តើ​មិន​មែន​ជា​ថ្ងៃ​ងងឹត ឥត​មាន​ពន្លឺ​ជា​ពិត គឺ​ជា​ថ្ងៃ​ងងឹត​សូន្យ‌សុង ឥត​មាន​ពន្លឺ​បន្តិច​សោះ​ទេ​ឬ​អី។

21. អញ​ស្អប់ អញ​ខ្ពើម​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា ហើយ​អញ​នឹង​មិន​រីក‌រាយ​ចំពោះ​ជំនុំ​មុត‌មាំ​របស់​ឯង​រាល់​គ្នា​ទេ

22. អើ ទោះ​បើ​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា និង​ដង្វាយ​ម្សៅ​របស់​ឯង​ដល់​អញ គង់​តែ​អញ​មិន​ព្រម​ទទួល​ដែរ អញ​ក៏​មិន​ព្រម​អើពើ​នឹង​សត្វ​ធាត់ៗ ដែល​ឯង​រាល់​គ្នា​ថ្វាយ​ជា​ដង្វាយ​មេត្រី​ឡើយ

23. ចូរ​ដក​សូរ​ទំនាស់​នៃ​ចំរៀង​របស់​ឯង​រាល់​គ្នា​ចេញ​ពី​អញ​ទៅ ដ្បិត​អញ​មិន​ព្រម​ស្តាប់​សូរ​ដន្ត្រី​នៃ​ពិណ​របស់​ឯង​ទេ

24. តែ​ត្រូវ​ឲ្យ​មាន​សេចក្តី​យុត្តិ‌ធម៌​ហូរ​ដូចេ​ជា​ទឹក ហើយ​សេចក្តី​សុចរិត​ដូច​ជា​ទន្លេ​ធំ​វិញ។

25. ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ឯ​យញ្ញ‌បូជា និង​ដង្វាយ​ម្សៅ ដែល​ឯង​រាល់​គ្នា​បាន​ថ្វាយ​នៅ​ទី​រហោ‌ស្ថាន​ក្នុង​រវាង​៤០​ឆ្នាំ​នោះ តើ​បាន​ថ្វាយ​ដល់​អញ​ពិត​ឬ

26. អើ​ឯង​រាល់​គ្នា​បាន​លី‌សែង​បារាំ​នៃ​ម៉ូឡុក ជា​ព្រះ​របស់​ឯង និង​គីឃុន ជា​រូប​ព្រះ​របស់​ឯង ព្រម​ទាំង​ផ្កាយ​របស់​ព្រះ​ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ​សំរាប់​ខ្លួន​វិញ

27. ដូច្នេះ ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ព្រះ‌នាម​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​ទៅ​ជា​ឈ្លើយ​ខាង​នាយ​ក្រុង​ដាម៉ាស។

សូមអានជំពូកពេញលេញ អេម៉ុស 5