គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 2:10-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ឥឡូវ​នេះ​អញ​នឹង​បើក​សេចក្ដី​អាម៉ាស់​ខ្មាស​នាង​ឲ្យ​ពួក​សហាយ​នាង​បាន​ឃើញ ឥត​មាន​អ្នក​ណា​ដោះ​នាង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឡើយ

11. ក៏​នឹង​បំបាត់​សណ្ឋាន​រីក‌រាយ​របស់​នាង ព្រម​ទាំង​បុណ្យ​សម្ពោទ្យ បុណ្យ​ថ្ងៃ​ចូល​ខែ ថ្ងៃ​ឈប់​សំរាក ហើយ​អស់​ទាំង​ជំនុំ​មុត‌មាំ​របស់​នាង​ផង

12. អញ​នឹង​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​នាង ដែល​នាង​ធ្លាប់​ពោល​ថា របស់​ទាំង​នេះ​ជា​ឈ្នួល​ដែល​សហាយ​នាង​បាន​ឲ្យ តែ​អញ​នឹង​ធ្វើ​ឲ្យ​ត្រឡប់​ទៅ​ជា​ព្រៃ​វិញ ឯ​សត្វ​ព្រៃ​នឹង​ស៊ី​អស់​ទៅ

13. អញ​នឹង​ទំលាក់​អស់​ទាំង​ថ្ងៃ ដែល​នាង​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​បាល​ទៅ​លើ​នាង​វិញ គឺ​ជា​ពេល​ដែល​នាង​បាន​ធ្លាប់​តែង​ខ្លួន ដោយ​ទំហូ និង​គ្រឿង​លំអរ​ផ្សេងៗ​របស់​នាង ទៅ​តាម​សហាយ​ទាំង​ភ្លេច​អញ​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

14. ដោយ​ហេតុ​នោះ មើល អញ​នឹង​ប្រលោម​នាំ​នាង​ទៅ​ឯ​ទី​រហោ‌ស្ថាន ហើយ​និយាយ​សំរប​ចិត្ត​នាង

15. នៅ​ទី​នោះ អញ​នឹង​ប្រគល់​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​នាង​ដល់​នាង​វិញ ព្រម​ទាំង​ច្រក​ភ្នំ​អាកោរ ទុក​ជា​ទ្វារ​នៃ​ទី​សង្ឃឹម ហើយ​នៅ​ទី​នោះ​នាង​នឹង​ឆ្លើយ​តប​ដល់​អញ ដូច​កាល​នៅ​វ័យ​ក្មេង និង​ដូច​នៅ​ថ្ងៃ​ដែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

16. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ​នាង​នឹង​ហៅ​អញ​ថា «អ្នក​ប្ដី»អើយ មិន​មែន​ហៅ​ថា «លោក​ម្ចាស់»ទៀត​ឡើយ

17. ដ្បិត​អញ​នឹង​ដក​អស់​ទាំង​ឈ្មោះ​នៃ​ព្រះ​បាល​ចេញ​ពី​មាត់​នាង នោះ​អញ​នឹង​លែង​នឹក​ដើម​ពី​ឈ្មោះ​ព្រះ​ទាំង​នោះ​ទៀត

18. នៅ​ថ្ងៃ​នោះ អញ​ក៏​នឹង​តាំង​សញ្ញា​ឲ្យ​គេ ជា​មួយ​នឹង​សត្វ​នៅ​ផែនដី និង​សត្វ​ហើរ​លើ​អាកាស ហើយ​សត្វ​លូន​វា​នៅ​ដី​ផង អញ​នឹង​បំបាក់​ធ្នូ និង​ដាវ ធ្វើ​ឲ្យ​ការ​សង្គ្រាម​បាត់​ចេញ​ពី​ស្រុក​ទៅ ឲ្យ​គេ​បាន​ដេក​ទៅ​ដោយ​សុខ​សាន្ត

19. នោះ​អញ​នឹង​ដណ្តឹង​នាង​សំរាប់​អញ ទុក​ជា​ដរាប​ត​ទៅ អើ អញ​នឹង​ដណ្តឹង​នាង​សំរាប់​អញ ដោយ​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ សេចក្ដី​សប្បុរស និង​សេចក្ដី​មេត្តា‌ករុណា

20. ក៏​នឹង​ដណ្តឹង​នាង​សំរាប់​អញ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ផង នោះ​នាង​នឹង​បាន​ស្គាល់​ព្រះ‌យេហូវ៉ា។

21. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ អញ​នឹង​ឆ្លើយ​តប​ថា គឺ​អញ​តប​នឹង​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​នឹង​តប​ដល់​ផែនដី

22. ដី​នឹង​តប​ដល់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ហើយ​នឹង​ប្រេង របស់​ទាំង​នោះ​ក៏​នឹង​តប​ដល់​យេស‌រាល​ដែរ

សូមអានជំពូកពេញលេញ ហូសេ 2