ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​ប្រាប់​ដល់​ពួក​បង​ប្អូន​ប្រុស​របស់​ឯង​ថា «អាំមី» ហើយ​ដល់​បង​ប្អូន​ស្រី​ថា «រូហាម៉ា»ចុះ។

2. ចូរ​ស្តី​ប្រដៅ​ដល់​ម្តាយ​ឯង ចូរ​ស្តី​ប្រដៅ​ចុះ ដ្បិត​នាង​មិន​មែន​ជា​ប្រពន្ធ​អញ​ទេ អញ​ក៏​មិន​មែន​ជា​ប្ដី​នាង​ដែរ ត្រូវ​ឲ្យ​នាង​លះ​ចោល​ការ​កំផិត​ពី​មុខ​នាង​ចេញ ហើយ​ការ​កន្លង​បវេណី​ពី​កណ្តាល​ទ្រូង​នាង​ទៅ

3. ក្រែង​អញ​សំរាត​ឲ្យ​នាង​នៅ​ខ្លួន​ទទេ ហើយ​ធ្វើ​ឲ្យ​ត្រឡប់​ដូច​ជា​នៅ​ថ្ងៃ​ដែល​កើត​មក​វិញ ឲ្យ​នាង​បាន​ដូច​ជា​ទី​រហោ‌ស្ថាន គឺ​ដូច​ជា​ដី​ហួត‌ហែង ព្រម​ទាំង​សំឡាប់​នាង​ដោយ​ខះ​ស្រេក​ផង

4. អើ អញ​នឹង​មិន​អាណិត​មេត្តា​ដល់​ទាំង​កូន​នាង​ដែរ ពី​ព្រោះ​វា​សុទ្ធ​តែ​ជា​កូន​សហាយ

5. ដ្បិត​ម្តាយ​វា​បាន​ប្រព្រឹត្ត​ការ​កំផិត គឺ​អ្នក​ដែល​បាន​ឲ្យ​វា​កើត​ឡើង បាន​ប្រព្រឹត្ត​អំពើ​គួរ​ខ្មាស​ហើយ ដ្បិត​នាង​បាន​ថា អញ​នឹង​ទៅ​តាម​ពួក​សហាយ​អញ ជា​អ្នក​ដែល​តែង​ឲ្យ​នំបុ័ង និង​ទឹក​មក​អញ ព្រម​ទាំង​រោម​ចៀម ខ្លូត‌ទេស ប្រេង និង​គ្រឿង​ផឹក​ផង

6. ដូច្នេះ​មើល អញ​នឹង​ស្រាស់​ផ្លូវ​នាង​ដោយ​បន្លា ហើយ​ធ្វើ​កំផែង​ផង ដើម្បី​មិន​ឲ្យ​នាង​ស្គាល់​ផ្លូវ​ខ្លួន​ទៀត

7. នាង​នឹង​ទៅ​តាម​ពួក​សហាយ​របស់​ខ្លួន តែ​នឹង​មិន​ទាន់​ឡើយ នាង​នឹង​ស្វែង​រក​គេ តែ​នឹង​មិន​ប្រទះ​សោះ នោះ​នាង​នឹង​សំរេច​ថា​អញ​នឹង​វិល​ទៅ​ឯ​ប្ដី​ដើម​វិញ ដ្បិត​នៅ​គ្រា​មុន​នោះ អញ​បាន​ស្រួល​ជាង​សព្វ​ថ្ងៃ​នេះ។

8. នាង​មិន​បាន​ដឹង​ថា គឺ​អញ​នេះ​ដែល​តែង​តែ​ឲ្យ​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​ដល់​នាង ព្រម​ទាំង​ចំរើន​ប្រាក់ និង​មាស​ដល់​នាង ដែល​គេ​បាន​ប្រើ​សំរាប់​គោរព​ដល់​ព្រះ​បាល​នោះ​ផង​ទេ

9. ដូច្នេះ អញ​នឹង​ដក​យក​ស្រូវ​របស់​អញ​នៅ​រដូវ​ចំរូត និង​ទឹក​ទំពាំង‌បាយ‌ជូរ​របស់​អញ​មក​វិញ​នៅ​ក្នុង​រដូវ​បេះ​ផ្លែ ហើយ​អញ​នឹង​កញ្ឆក់​យក​រោម​ចៀម និង​ខ្លូត‌ទេស​របស់​អញ ដែល​សំរាប់​ហ៊ុំហ​កេរ្តិ៍‌ខ្មាស​នាង​មក​វិញ​ដែរ

10. ឥឡូវ​នេះ​អញ​នឹង​បើក​សេចក្ដី​អាម៉ាស់​ខ្មាស​នាង​ឲ្យ​ពួក​សហាយ​នាង​បាន​ឃើញ ឥត​មាន​អ្នក​ណា​ដោះ​នាង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឡើយ

11. ក៏​នឹង​បំបាត់​សណ្ឋាន​រីក‌រាយ​របស់​នាង ព្រម​ទាំង​បុណ្យ​សម្ពោទ្យ បុណ្យ​ថ្ងៃ​ចូល​ខែ ថ្ងៃ​ឈប់​សំរាក ហើយ​អស់​ទាំង​ជំនុំ​មុត‌មាំ​របស់​នាង​ផង

12. អញ​នឹង​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​នាង ដែល​នាង​ធ្លាប់​ពោល​ថា របស់​ទាំង​នេះ​ជា​ឈ្នួល​ដែល​សហាយ​នាង​បាន​ឲ្យ តែ​អញ​នឹង​ធ្វើ​ឲ្យ​ត្រឡប់​ទៅ​ជា​ព្រៃ​វិញ ឯ​សត្វ​ព្រៃ​នឹង​ស៊ី​អស់​ទៅ

13. អញ​នឹង​ទំលាក់​អស់​ទាំង​ថ្ងៃ ដែល​នាង​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​បាល​ទៅ​លើ​នាង​វិញ គឺ​ជា​ពេល​ដែល​នាង​បាន​ធ្លាប់​តែង​ខ្លួន ដោយ​ទំហូ និង​គ្រឿង​លំអរ​ផ្សេងៗ​របស់​នាង ទៅ​តាម​សហាយ​ទាំង​ភ្លេច​អញ​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

14. ដោយ​ហេតុ​នោះ មើល អញ​នឹង​ប្រលោម​នាំ​នាង​ទៅ​ឯ​ទី​រហោ‌ស្ថាន ហើយ​និយាយ​សំរប​ចិត្ត​នាង

15. នៅ​ទី​នោះ អញ​នឹង​ប្រគល់​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​នាង​ដល់​នាង​វិញ ព្រម​ទាំង​ច្រក​ភ្នំ​អាកោរ ទុក​ជា​ទ្វារ​នៃ​ទី​សង្ឃឹម ហើយ​នៅ​ទី​នោះ​នាង​នឹង​ឆ្លើយ​តប​ដល់​អញ ដូច​កាល​នៅ​វ័យ​ក្មេង និង​ដូច​នៅ​ថ្ងៃ​ដែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

16. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ​នាង​នឹង​ហៅ​អញ​ថា «អ្នក​ប្ដី»អើយ មិន​មែន​ហៅ​ថា «លោក​ម្ចាស់»ទៀត​ឡើយ

17. ដ្បិត​អញ​នឹង​ដក​អស់​ទាំង​ឈ្មោះ​នៃ​ព្រះ​បាល​ចេញ​ពី​មាត់​នាង នោះ​អញ​នឹង​លែង​នឹក​ដើម​ពី​ឈ្មោះ​ព្រះ​ទាំង​នោះ​ទៀត

18. នៅ​ថ្ងៃ​នោះ អញ​ក៏​នឹង​តាំង​សញ្ញា​ឲ្យ​គេ ជា​មួយ​នឹង​សត្វ​នៅ​ផែនដី និង​សត្វ​ហើរ​លើ​អាកាស ហើយ​សត្វ​លូន​វា​នៅ​ដី​ផង អញ​នឹង​បំបាក់​ធ្នូ និង​ដាវ ធ្វើ​ឲ្យ​ការ​សង្គ្រាម​បាត់​ចេញ​ពី​ស្រុក​ទៅ ឲ្យ​គេ​បាន​ដេក​ទៅ​ដោយ​សុខ​សាន្ត

19. នោះ​អញ​នឹង​ដណ្តឹង​នាង​សំរាប់​អញ ទុក​ជា​ដរាប​ត​ទៅ អើ អញ​នឹង​ដណ្តឹង​នាង​សំរាប់​អញ ដោយ​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ សេចក្ដី​សប្បុរស និង​សេចក្ដី​មេត្តា‌ករុណា

20. ក៏​នឹង​ដណ្តឹង​នាង​សំរាប់​អញ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ផង នោះ​នាង​នឹង​បាន​ស្គាល់​ព្រះ‌យេហូវ៉ា។

21. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ អញ​នឹង​ឆ្លើយ​តប​ថា គឺ​អញ​តប​នឹង​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​នឹង​តប​ដល់​ផែនដី

22. ដី​នឹង​តប​ដល់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ហើយ​នឹង​ប្រេង របស់​ទាំង​នោះ​ក៏​នឹង​តប​ដល់​យេស‌រាល​ដែរ

23. អញ​នឹង​សាប‌ព្រោះ​ពូជ​នាង​នៅ​លើ​ផែនដី​សំរាប់​អញ រួច​អញ​នឹង​អាណិត​មេត្តា​ដល់​ពួក​ឡូ-រូហាម៉ា ហើយ​នឹង​និយាយ​ដល់​ពួក​ឡូ-អាំមី​ថា ឯង​ជា​រាស្ត្រ​របស់​អញ នោះ​គេ​នឹង​ឆ្លើយ​តប​ថា ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។