គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 19:4-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ការ​ដែល​មាន​ទ្រព្យ​សម្បត្តិ នោះ​នាំ​ឲ្យ​មាន​មិត្ត‌ភក្តិ​កើន​ឡើង តែ​មនុស្ស​ក្រ​ត្រូវ​ពង្រាត់​ពី​ពួក​មិត្ត‌ភក្តិ​វិញ។

5. សាក្សី​ភូត‌ភរ​នឹង​មិន​រួច​ចាក​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក​ក៏​នឹង​គេច​មិន​រួច​ដែរ។

6. មនុស្ស​ជា​ច្រើន នឹង​ខំ​យក​ចិត្ត​របស់​មនុស្ស​សទ្ធា ហើយ​អ្នក​ណា​ក៏​ដោយ ក៏​ជា​មិត្រ​សំឡាញ់​នឹង​អ្នក​ដែល​ចែក​អំណោយ​ទាន​ដែរ។

7. អស់​ទាំង​បង​ប្អូន​របស់​អ្នក​ទាល់​ក្រ ក៏​ស្អប់​អ្នក​នោះ ចំណង់​បើ​មិត្ត‌ភក្តិ តើ​នឹង​ឃ្លាត​ចេញ​ឆ្ងាយ ពី​អ្នក​នោះ​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត អ្នក​នោះ​នឹង​តាម​ទៅ​អង្វរ តែ​គេ​គេច​បាត់​ទៅ។

8. អ្នក​ណា​ដែល​បាន​ប្រាជ្ញា នោះ​ជា​អ្នក​ស្រឡាញ់​ដល់​ព្រលឹង​ខ្លួន អ្នក​ណា​ដែល​រក្សា​យោបល់​ទុក នោះ​នឹង​បាន​សេចក្តី​ល្អ។

9. សាក្សី​ភូត‌ភរ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក នឹង​ត្រូវ​វិនាស​ទៅ។

10. ការ​ដែល​អាស្រ័យ​នៅ​ដោយ​រុងរឿង នោះ​មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចំណង់​បើ​ខ្ញុំ​កំដរ ដែល​មាន​អំណាច​លើ​អ្នក​ធំ តើ​មិន​សម​គួរ​ជា​ជាង​អម្បាលម៉ាន​ទៅ។

11. សតិ‌បញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ។

12. សេចក្តី​ក្រោធ​នៃ​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​នៃ​សិង្ហ តែ​ព្រះ‌គុណ​ទ្រង់ ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ​វិញ។

13. កូន​ល្ងី‌ល្ងើ​ជា​ទី​អន្តរាយ​ដល់​ឪពុក ហើយ​ការ​ឌុក‌ដាន់​របស់​ប្រពន្ធ ក៏​ដូច​ជា​ទឹក​ស្រក់​តក់ៗ​មក​ជានិច្ច។

14. ផ្ទះ‌សំបែង និង​ទ្រព្យ​សម្បត្តិ ជា​មរដក​មក​ពី​ឪពុក​តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ​ទាន​មក​ពី​ព្រះ‌យេហូវ៉ា។

15. សេចក្តី​ខ្ជិល​ច្រអូស រមែង​ធ្វើ​ឲ្យ​មនុស្ស​លក់​ស្និទ្ធ​ទៅ ហើយ​អ្នក​ណា​ដែល​ទទេៗ នោះ​នឹង​ត្រូវ​អត់‌ឃ្លាន។

16. អ្នក​ណា​ដែល​កាន់​តាម​ក្រឹត្យ‌វិន័យ នោះ​ឈ្មោះ​ថា​រក្សា​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​មិន​ប្រយ័ត្ន​នឹង​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​នឹង​ត្រូវ​ស្លាប់​វិញ។

សូមអានជំពូកពេញលេញ សុភាសិត 19