គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 19:11-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. សតិ‌បញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ។

12. សេចក្តី​ក្រោធ​នៃ​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​នៃ​សិង្ហ តែ​ព្រះ‌គុណ​ទ្រង់ ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ​វិញ។

13. កូន​ល្ងី‌ល្ងើ​ជា​ទី​អន្តរាយ​ដល់​ឪពុក ហើយ​ការ​ឌុក‌ដាន់​របស់​ប្រពន្ធ ក៏​ដូច​ជា​ទឹក​ស្រក់​តក់ៗ​មក​ជានិច្ច។

14. ផ្ទះ‌សំបែង និង​ទ្រព្យ​សម្បត្តិ ជា​មរដក​មក​ពី​ឪពុក​តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ​ទាន​មក​ពី​ព្រះ‌យេហូវ៉ា។

15. សេចក្តី​ខ្ជិល​ច្រអូស រមែង​ធ្វើ​ឲ្យ​មនុស្ស​លក់​ស្និទ្ធ​ទៅ ហើយ​អ្នក​ណា​ដែល​ទទេៗ នោះ​នឹង​ត្រូវ​អត់‌ឃ្លាន។

16. អ្នក​ណា​ដែល​កាន់​តាម​ក្រឹត្យ‌វិន័យ នោះ​ឈ្មោះ​ថា​រក្សា​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​មិន​ប្រយ័ត្ន​នឹង​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​នឹង​ត្រូវ​ស្លាប់​វិញ។

17. អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ចី ទ្រង់​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ។

18. ចូរ​វាយ‌ផ្ចាល​កូន ក្នុង​កាល​ដែល​នៅ​មាន​សង្ឃឹម​ឲ្យ​វា​រាង‌ចាល​នៅ​ឡើយ មិន​គួរ​នឹង​លើក​លែង​ចោល​វា​ឲ្យ​ត្រូវ​វិនាស​ទេ។

19. អ្នក​ណា​ដែល​មាន​ចិត្ត​ក្រោធ​ជា​ខ្លាំង នោះ​នឹង​ត្រូវ​រង​ទោស ដ្បិត​បើ​ឯង​ជួយ​វា​ឲ្យ​រួច នោះ​នឹង​ត្រូវ​ជួយ​ត​ទៅ​ទៀត។

20. ចូរ​ស្តាប់​សេចក្តី​ដំបូន្មាន ហើយ​ទទួល​សេចក្តី​ប្រៀន‌ប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ។

21. នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​នៃ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។

22. សេចក្តី​ដែល​នាំ​ឲ្យ​គេ​រក​ពឹង​ដល់​មនុស្ស​ណា នោះ​គឺ​ជា​សេចក្តី​សប្បុរស​របស់​អ្នក​នោះ​ឯង ហើយ​មនុស្ស​ទាល់​ក្រ​រមែង​វិសេស​ជាង​មនុស្ស​ភូត‌ភរ។

23. សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ប្រោស​ឲ្យ​មាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្តី​នោះ​នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់‌ស្កល់​ជានិច្ច ឥត​មាន​សេចក្តី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ។

សូមអានជំពូកពេញលេញ សុភាសិត 19