1. ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទំងន់ ជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។
2. កាលណាកើតមានសេចក្តីអំនួត នោះក៏កើតមានសេចក្តីខ្មាសដែរ តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។
3. សេចក្តីសុចរិតរបស់មនុស្សទៀងត្រង់ នឹងនាំផ្លូវគេ តែសេចក្តីវៀចរបស់មនុស្សប្រទូស្ត នឹងនាំឲ្យវិនាសវិញ។
4. ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្តីសុចរិត នឹងជួយឲ្យរួចពីស្លាប់វិញ។
5. សេចក្តីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍នឹងដំរង់ផ្លូវខ្លួន តែមនុស្សអាក្រក់នឹងដួលដោយសារអំពើអាក្រក់របស់ខ្លួនវិញ។
6. ឯសេចក្តីសុចរិតរបស់មនុស្សទៀងត្រង់ នឹងជួយឲ្យខ្លួនរួច តែមនុស្សប្រទូស្តនឹងត្រូវជាប់ក្នុងការទុច្ចរិតរបស់ខ្លួនវិញ។
7. កាលណាមនុស្សអាក្រក់ស្លាប់ទៅ នោះសេចក្តីសង្ឃឹមរបស់គេក៏សូន្យទៅដែរ ហើយសេចក្តីទុកចិត្តរបស់មនុស្សទុច្ចរិត នឹងត្រូវវិនាសទៅផង។
8. មនុស្សសុចរិតរមែងរួចពីសេចក្តីលំបាក ឯមនុស្សអាក្រក់ទទួលរងជំនួសវិញ។
9. មនុស្សទមិលល្មើសតែងបំផ្លាញអ្នកជិតខាង ដោយសារមាត់ខ្លួន តែដំរិះរបស់មនុស្សសុចរិត នឹងដោះឲ្យខ្លួនរួចវិញ។
10. គ្រាដែលមនុស្សសុចរិតមានសេចក្តីសុខស្រួល នោះទីក្រុងក៏រីករាយសាទរ ហើយកាលណាមនុស្សអាក្រក់វិនាសទៅ នោះឮសំឡេងហ៊ោសប្បាយ។
11. ទីក្រុងបានថ្កុំថ្កើងឡើងដោយសារពររបស់មនុស្សទៀងត្រង់ តែដោយសារមាត់របស់មនុស្សអាក្រក់ នោះត្រូវរលំវិញ។
12. អ្នកណាដែលមើលងាយ ចំពោះអ្នកជិតខាងខ្លួននោះឥតមានប្រាជ្ញាទេ តែអ្នកណាមានយោបល់ រមែងនៅស្ងៀមវិញ។
13. អ្នកណាដែលដើរចុះឡើងនិយាយបកកេរគេ នោះឈ្មោះថាបើកការអាថ៌កំបាំង តែអ្នកណាដែលមានចិត្តស្មោះត្រង់ នោះតែងគ្របបាំងរឿងរ៉ាវវិញ។
14. ទីណាដែលឥតមានអ្នកប្រាជ្ញនាំមុខ នោះប្រជាជនរមែងដួលទៅ តែបើមានអ្នកប្រឹក្សាជាច្រើន នោះមានសេចក្តីសុខវិញ។
15. អ្នកណាដែលធានាឲ្យអ្នកដទៃ នោះនឹងត្រូវពិបាកណាស់ តែអ្នកណាដែលមិនចូលចិត្តនឹងការធានា នោះនឹងបានសុខវិញ។
16. ស្ត្រីណាដែលមានអធ្យាស្រ័យល្អ នោះតែងរក្សាទុកនូវកិត្តិសព្ទ ដូចជាមនុស្សប្រិតប្រៀបដែលរក្សាទ្រព្យសម្បត្តិដែរ។