គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 11:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ជញ្ជីង​មិន​ត្រឹម​ត្រូវ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​កូន​ជញ្ជីង​គ្រប់​ទំងន់ ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​វិញ។

2. កាល​ណា​កើត​មាន​សេចក្តី​អំនួត នោះ​ក៏​កើត​មាន​សេចក្តី​ខ្មាស​ដែរ តែ​ប្រាជ្ញា តែង​នៅ​នឹង​មនុស្ស​សុភាព។

3. សេចក្តី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​នាំ​ផ្លូវ​គេ តែ​សេចក្តី​វៀច​របស់​មនុស្ស​ប្រទូស្ត នឹង​នាំ​ឲ្យ​វិនាស​វិញ។

4. ឯ​ទ្រព្យ​សម្បត្តិ គ្មាន​ប្រយោជន៍​ក្នុង​ថ្ងៃ​ពិរោធ​ឡើយ តែ​សេចក្តី​សុចរិត នឹង​ជួយ​ឲ្យ​រួច​ពី​ស្លាប់​វិញ។

5. សេចក្តី​សុចរិត​របស់​មនុស្ស​គ្រប់​លក្ខណ៍​នឹង​ដំរង់​ផ្លូវ​ខ្លួន តែ​មនុស្ស​អាក្រក់​នឹង​ដួល​ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន​វិញ។

6. ឯ​សេចក្តី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​ជួយ​ឲ្យ​ខ្លួន​រួច តែ​មនុស្ស​ប្រទូស្ត​នឹង​ត្រូវ​ជាប់​ក្នុង​ការ​ទុច្ចរិត​របស់​ខ្លួន​វិញ។

7. កាល​ណា​មនុស្ស​អាក្រក់​ស្លាប់​ទៅ នោះ​សេចក្តី​សង្ឃឹម​របស់​គេ​ក៏​សូន្យ​ទៅ​ដែរ ហើយ​សេចក្តី​ទុក​ចិត្ត​របស់​មនុស្ស​ទុច្ចរិត នឹង​ត្រូវ​វិនាស​ទៅ​ផង។

8. មនុស្ស​សុចរិត​រមែង​រួច​ពី​សេចក្តី​លំបាក ឯ​មនុស្ស​អាក្រក់​ទទួល​រង​ជំនួស​វិញ។

9. មនុស្ស​ទមិល​ល្មើស​តែង​បំផ្លាញ​អ្នក​ជិត​ខាង ដោយ‌សារ​មាត់​ខ្លួន តែ​ដំរិះ​របស់​មនុស្ស​សុចរិត នឹង​ដោះ​ឲ្យ​ខ្លួន​រួច​វិញ។

10. គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្តី​សុខ​ស្រួល នោះ​ទី​ក្រុង​ក៏​រីក‌រាយ​សាទរ ហើយ​កាល​ណា​មនុស្ស​អាក្រក់​វិនាស​ទៅ នោះ​ឮ​សំឡេង​ហ៊ោ​សប្បាយ។

11. ទី​ក្រុង​បាន​ថ្កុំ‌ថ្កើង​ឡើង​ដោយ‌សារ​ពរ​របស់​មនុស្ស​ទៀង​ត្រង់ តែ​ដោយ‌សារ​មាត់​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​រលំ​វិញ។

សូមអានជំពូកពេញលេញ សុភាសិត 11