1. ឯទេវតាដែលពោលនឹងខ្ញុំ ក៏មកម្តងទៀត ដាស់ខ្ញុំឡើង ដូចជាគេដាស់មនុស្សឲ្យភ្ញាក់ពីដេក
2. រួចទេវតាសួរខ្ញុំថា ឯងឃើញអ្វីនោះ ខ្ញុំឆ្លើយថា ឃើញជើងចង្កៀងធ្វើពីមាសទាំងអស់ មានទាំងចានប្រេងនៅលើកំពូល និងចង្កៀង៧ ហើយបំពង់៧ សំរាប់បង្ហូរប្រេងដល់ចង្កៀងនីមួយៗ ដែលនៅលើជើងចង្កៀងនោះផង
3. ក៏មានដើមអូលីវ២ នៅក្បែរនោះ មួយខាងស្តាំចានប្រេង ហើយមួយខាងឆ្វេង
4. នោះខ្ញុំក៏សួរដល់ទេវតាដែលពោលនឹងខ្ញុំថា លោកម្ចាស់អើយ នេះតើជាអ្វី
5. ទេវតាដែលពោលនឹងខ្ញុំក៏ឆ្លើយថា ឯងមិនស្គាល់របស់ទាំងនេះទេឬ ខ្ញុំតបថា លោកម្ចាស់អើយ មិនស្គាល់ទេ
6. នោះទេវតាប្រាប់មកខ្ញុំថា នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលដល់សូរ៉ូបាបិល គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់អញវិញ
7. ឱភ្នំធំអើយ តើឯងជាអ្វី ឯងនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល ហើយលោកនឹងនាំយកថ្ម ជាកំពូលចេញមក ដោយមានសំរែកស្រែកហ៊ោថា សូមឲ្យបានប្រកបដោយព្រះគុណ អើ ដោយព្រះគុណចុះ
8. រួចព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំទៀតថា
9. ដៃនៃសូរ៉ូបាបិលបានដាំឫសព្រះវិហារនេះ ហើយដៃលោកនឹងធ្វើបង្ហើយផង នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានចាត់អញមកឯឯង
10. ដ្បិតតើអ្នកណាបានមើលងាយក្នុងថ្ងៃនៃការបន្តិចបន្តួចនោះ ពីព្រោះទាំង៧នាក់នោះនឹងរីករាយឡើង ហើយនឹងឃើញកូនតឹង នៅក្នុងដៃរបស់សូរ៉ូបាបិលផង ទាំងអស់នេះជាព្រះនេត្រនៃព្រះយេហូវ៉ា ដែលទតចុះឡើងនៅពេញលើផែនដីទាំងមូល។
11. នោះខ្ញុំក៏សួរទេវតាថា ដើមអូលីវទាំង២ ដែលនៅខាងស្តាំ ហើយខាងឆ្វេងនៃជើងចង្កៀង នោះតើជាអ្វី
12. ខ្ញុំក៏សួរម្តងទៀតថា ឯមែកអូលីវទាំង២នេះ នៅក្បែរបំពង់មាសទាំង២ ដែលបង្ហូរប្រេងសម្បុរមាសចេញនោះ តើជាអ្វី
13. រួចទេវតាក៏សួរតបមកថា តើឯងមិនស្គាល់របស់ទាំងនេះទេឬ នោះខ្ញុំឆ្លើយថា លោកម្ចាស់អើយមិនស្គាល់ទេ