គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 21:4-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ពួក​សង្ឃ​ជា​មេ​លើ​សាសន៍​របស់​ខ្លួន ដូច្នេះ មិន​ត្រូវ​ធ្វើ​អ្វី​នឹង​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ឲ្យ​បាន​ទាប​ថោក​វិញ​ឡើយ

5. មិន​ត្រូវ​ឲ្យ​គេ​ធ្វើ​ឲ្យ​ទំពែក​នៅ​លើ​ក្បាល ឬ​កាត់​ដំរឹម​ពុក‌មាត់ ឬ​ឆូត​ស្បែក​ខ្លួន​ឡើយ

6. ត្រូវ​ឲ្យ​គេ​បាន​បរិសុទ្ធ​ដល់​ព្រះ​នៃ​ខ្លួន ហើយ​មិន​ត្រូវ​បង្អាប់​ដល់​ព្រះ‌នាម​ព្រះ​នៃ​ខ្លួន​ឡើយ ដ្បិត​គេ​ថ្វាយ​ដង្វាយ​ដុត គឺ​ជា​ព្រះ‌ស្ងោយ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ហេតុ​នោះ​បាន​ជា​គេ​ត្រូវ​តែ​បាន​បរិសុទ្ធ

7. គេ​មិន​ត្រូវ​យក​ស្ត្រី​ណា​ដែល​ជា​ស្រី​សំផឹង ឬ​ដែល​បាន​ខូច​សេចក្ដី​បរិសុទ្ធ​ហើយ ធ្វើ​ជា​ប្រពន្ធ​ឡើយ ក៏​មិន​ត្រូវ​យក​ស្ត្រី​ដែល​ប្ដី​លែង​ដែរ ដ្បិត​គេ​បរិសុទ្ធ​ដល់​ព្រះ​នៃ​គេ

8. ដូច្នេះ ត្រូវ​ឲ្យ​ឯង​ញែក​គេ​ចេញ​ឲ្យ​ផុត ដ្បិត​គេ​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ឯង ហើយ​ឯង​ត្រូវ​រាប់​គេ​ជា​បរិសុទ្ធ​ដែរ ដ្បិត​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ អញ​បរិសុទ្ធ

9. បើ​កូន​ស្រី​របស់​សង្ឃ​ណា​ម្នាក់​បង្ខូច​ខ្លួន ដោយ​ធ្វើ​ជា​សំផឹង នោះ​បាន​បង្អាប់​ដល់​ឪពុក​ហើយ ត្រូវ​តែ​ដុត​វា និង​ភ្លើង​ទៅ។

10. ឯ​អ្នក​ណា​ដែល​ធ្វើ​ជា​សំដេច​សង្ឃ ក្នុង​ពួក​បង​ប្អូន​របស់​ខ្លួន គឺ​ជា​អ្នក​ដែល​គេ​បាន​ចាក់​ប្រេង​លើ​ក្បាល​តាំង​ឡើង ឲ្យ​បាន​ស្លៀក​សំលៀក‌បំពាក់​បរិសុទ្ធ នោះ​មិន​ត្រូវ​បើក​ឲ្យ​នៅ​ក្បាល​ទទេ ឬ​ហែក​សំលៀក‌បំពាក់​របស់​ខ្លួន​ឡើយ

11. ក៏​មិន​ត្រូវ​ចូល​ទៅ​ជិត​ខ្មោច​ស្លាប់​ណា​ដែរ ឬ​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ឪពុក ឬ​ម្តាយ​ខ្លួន​ឡើយ

12. មិន​ត្រូវ​ឲ្យ​លោក​ចេញ​ពី​ទី​បរិសុទ្ធ ឬ​បង្អាប់​ទី​បរិសុទ្ធ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ ដ្បិត​លោក​មាន​ប្រេង​ចាក់​លាប​របស់​ព្រះ​នៃ​ខ្លួន ដែល​សំរាប់​តាំង​ឡើង​ជា​សង្ឃ នៅ​លើ​ក្បាល​ហើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

13. ត្រូវ​ឲ្យ​លោក​យក​ប្រពន្ធ​ដែល​នៅ​ជា​ក្រមុំ​នៅ​ឡើយ

14. មិន​ត្រូវ​យក​ស្រី​មេម៉ាយ ស្រី​ប្ដី​លែង ស្រី​ខូច​សេចក្ដី​បរិសុទ្ធ ឬ​ស្រី​សំផឹង​ឲ្យ​សោះ គឺ​ត្រូវ​យក​ស្រី​ក្រមុំ​ពី​ពួក​សាសន៍​របស់​ខ្លួន​ធ្វើ​ជា​ប្រពន្ធ​វិញ

15. ហើយ​មិន​ត្រូវ​ឲ្យ​ពូជ‌ពង្ស​របស់​ខ្លួន​ទៅ​ជា​ទាប​ថោក​ក្នុង​សាសន៍​ខ្លួន​ឡើយ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​លោក​ចេញ​ជា​បរិសុទ្ធ។

16. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

សូមអានជំពូកពេញលេញ លេវីវិន័យ 21