ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ច្បាប់​សំរាប់​សង្ឃ

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​សង្ឃ គឺ​ជា​ពួក​កូន​អើរ៉ុន​ថា មិន​ត្រូវ​ឲ្យ​អ្នក​ណា​មួយ​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​ស្លាប់ នៅ​ក្នុង​ពួក​ញាតិ​សន្តាន​របស់​ខ្លួន​ឡើយ

2. លើក​តែ​ដោយ​ព្រោះ​សាច់‌ញាតិ​ដែល​ជិត‌ដិត​ចេញ គឺ​ម្តាយ ឬ​ឪពុក ឬ​កូន​ប្រុស​កូន​ស្រី ឬ​បង​ប្អូន​ប្រុស​របស់​ខ្លួន​ប៉ុណ្ណោះ

3. ហើយ​ដោយ​ព្រោះ​បង​ប្អូន​ស្រី​នៅ​ក្រមុំ ជា​សាច់​ជិត‌ដិត​ដែល​មិន​ទាន់​មាន​ប្ដី នោះ​នឹង​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​នាង​នោះ​បាន​ដែរ

4. ពួក​សង្ឃ​ជា​មេ​លើ​សាសន៍​របស់​ខ្លួន ដូច្នេះ មិន​ត្រូវ​ធ្វើ​អ្វី​នឹង​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ឲ្យ​បាន​ទាប​ថោក​វិញ​ឡើយ

5. មិន​ត្រូវ​ឲ្យ​គេ​ធ្វើ​ឲ្យ​ទំពែក​នៅ​លើ​ក្បាល ឬ​កាត់​ដំរឹម​ពុក‌មាត់ ឬ​ឆូត​ស្បែក​ខ្លួន​ឡើយ

6. ត្រូវ​ឲ្យ​គេ​បាន​បរិសុទ្ធ​ដល់​ព្រះ​នៃ​ខ្លួន ហើយ​មិន​ត្រូវ​បង្អាប់​ដល់​ព្រះ‌នាម​ព្រះ​នៃ​ខ្លួន​ឡើយ ដ្បិត​គេ​ថ្វាយ​ដង្វាយ​ដុត គឺ​ជា​ព្រះ‌ស្ងោយ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ហេតុ​នោះ​បាន​ជា​គេ​ត្រូវ​តែ​បាន​បរិសុទ្ធ

7. គេ​មិន​ត្រូវ​យក​ស្ត្រី​ណា​ដែល​ជា​ស្រី​សំផឹង ឬ​ដែល​បាន​ខូច​សេចក្ដី​បរិសុទ្ធ​ហើយ ធ្វើ​ជា​ប្រពន្ធ​ឡើយ ក៏​មិន​ត្រូវ​យក​ស្ត្រី​ដែល​ប្ដី​លែង​ដែរ ដ្បិត​គេ​បរិសុទ្ធ​ដល់​ព្រះ​នៃ​គេ

8. ដូច្នេះ ត្រូវ​ឲ្យ​ឯង​ញែក​គេ​ចេញ​ឲ្យ​ផុត ដ្បិត​គេ​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ឯង ហើយ​ឯង​ត្រូវ​រាប់​គេ​ជា​បរិសុទ្ធ​ដែរ ដ្បិត​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ អញ​បរិសុទ្ធ

9. បើ​កូន​ស្រី​របស់​សង្ឃ​ណា​ម្នាក់​បង្ខូច​ខ្លួន ដោយ​ធ្វើ​ជា​សំផឹង នោះ​បាន​បង្អាប់​ដល់​ឪពុក​ហើយ ត្រូវ​តែ​ដុត​វា និង​ភ្លើង​ទៅ។

10. ឯ​អ្នក​ណា​ដែល​ធ្វើ​ជា​សំដេច​សង្ឃ ក្នុង​ពួក​បង​ប្អូន​របស់​ខ្លួន គឺ​ជា​អ្នក​ដែល​គេ​បាន​ចាក់​ប្រេង​លើ​ក្បាល​តាំង​ឡើង ឲ្យ​បាន​ស្លៀក​សំលៀក‌បំពាក់​បរិសុទ្ធ នោះ​មិន​ត្រូវ​បើក​ឲ្យ​នៅ​ក្បាល​ទទេ ឬ​ហែក​សំលៀក‌បំពាក់​របស់​ខ្លួន​ឡើយ

11. ក៏​មិន​ត្រូវ​ចូល​ទៅ​ជិត​ខ្មោច​ស្លាប់​ណា​ដែរ ឬ​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ឪពុក ឬ​ម្តាយ​ខ្លួន​ឡើយ

12. មិន​ត្រូវ​ឲ្យ​លោក​ចេញ​ពី​ទី​បរិសុទ្ធ ឬ​បង្អាប់​ទី​បរិសុទ្ធ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ ដ្បិត​លោក​មាន​ប្រេង​ចាក់​លាប​របស់​ព្រះ​នៃ​ខ្លួន ដែល​សំរាប់​តាំង​ឡើង​ជា​សង្ឃ នៅ​លើ​ក្បាល​ហើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

13. ត្រូវ​ឲ្យ​លោក​យក​ប្រពន្ធ​ដែល​នៅ​ជា​ក្រមុំ​នៅ​ឡើយ

14. មិន​ត្រូវ​យក​ស្រី​មេម៉ាយ ស្រី​ប្ដី​លែង ស្រី​ខូច​សេចក្ដី​បរិសុទ្ធ ឬ​ស្រី​សំផឹង​ឲ្យ​សោះ គឺ​ត្រូវ​យក​ស្រី​ក្រមុំ​ពី​ពួក​សាសន៍​របស់​ខ្លួន​ធ្វើ​ជា​ប្រពន្ធ​វិញ

15. ហើយ​មិន​ត្រូវ​ឲ្យ​ពូជ‌ពង្ស​របស់​ខ្លួន​ទៅ​ជា​ទាប​ថោក​ក្នុង​សាសន៍​ខ្លួន​ឡើយ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​លោក​ចេញ​ជា​បរិសុទ្ធ។

16. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

17. ឲ្យ​ប្រាប់​ដល់​អើរ៉ុន​ថា បើ​មាន​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​ឯង​នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ​ដែល​វិកល‌វិការ នោះ​មិន​ត្រូវ​ចូល​មក​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ

18. ដ្បិត​អ្នក​ណា​ដែល​វិកល‌វិការ នោះ​មិន​ត្រូវ​ចូល​មក​ជិត​ឡើយ ដូច​ជា​មនុស្ស​ខ្វាក់ ឬ​ខ្ញើច ឬ​អ្នក​ណា​ដែល​មាន​ច្រមុះ​ក្រពិត ឬ​ជើង​ដៃ​មិន​ស្មើ​គ្នា

19. ឬ​មនុស្ស​ណា​កំពួរ​ជើង​ដៃ

20. ឬ​ដែល​គម ឬ​តឿ ឬ​មាន​ស្នាម​អ្វី​នៅ​ភ្នែក ឬ​កើត​ទឹលម៉ូវ ឬ​ស្រែង ឬ​មាន​ពង​ខូច

21. អ្នក​ណា​ដែល​វិកល‌វិការ​ក្នុង​ពូជ​អើរ៉ុន​ដ៏​ជា​សង្ឃ នោះ​មិន​ត្រូវ​ចូល​មក​ថ្វាយ​ដង្វាយ​ដុត​នៃ​ព្រះ‌យេហូវ៉ា​ទេ អ្នក​នោះ​វិកល‌វិការ​ហើយ ដូច្នេះ មិន​ត្រូវ​ចូល​ទៅ​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ

22. អ្នក​នោះ​នឹង​បរិភោគ​អាហារ​របស់​ព្រះ​នៃ​ខ្លួន​បាន ទោះ​ទាំង​ដង្វាយ​បរិសុទ្ធ និង​ដង្វាយ​បរិសុទ្ធ​បំផុត​ផង

23. ប៉ុន្តែ អ្នក​នោះ​វិកល‌វិការ​ហើយ បាន​ជា​មិន​ត្រូវ​ចូល​ទៅ​ឯ​វាំង‌នន ឬ​ជិត​អាសនា​ឡើយ ដើម្បី​កុំ​ឲ្យ​បង្អាប់​ដល់​ទី​បរិសុទ្ធ​របស់​អញ ដ្បិត​អញ​នេះ ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ

24. ដូច្នេះ ម៉ូសេ​ក៏​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក ហើយ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង។