11. ក៏មិនត្រូវចូលទៅជិតខ្មោចស្លាប់ណាដែរ ឬនាំឲ្យខ្លួនសៅហ្មង ដោយព្រោះឪពុក ឬម្តាយខ្លួនឡើយ
12. មិនត្រូវឲ្យលោកចេញពីទីបរិសុទ្ធ ឬបង្អាប់ទីបរិសុទ្ធរបស់ព្រះនៃខ្លួនឡើយ ដ្បិតលោកមានប្រេងចាក់លាបរបស់ព្រះនៃខ្លួន ដែលសំរាប់តាំងឡើងជាសង្ឃ នៅលើក្បាលហើយ អញនេះជាព្រះយេហូវ៉ា
13. ត្រូវឲ្យលោកយកប្រពន្ធដែលនៅជាក្រមុំនៅឡើយ
14. មិនត្រូវយកស្រីមេម៉ាយ ស្រីប្ដីលែង ស្រីខូចសេចក្ដីបរិសុទ្ធ ឬស្រីសំផឹងឲ្យសោះ គឺត្រូវយកស្រីក្រមុំពីពួកសាសន៍របស់ខ្លួនធ្វើជាប្រពន្ធវិញ
15. ហើយមិនត្រូវឲ្យពូជពង្សរបស់ខ្លួនទៅជាទាបថោកក្នុងសាសន៍ខ្លួនឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ា ដែលញែកលោកចេញជាបរិសុទ្ធ។
16. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
17. ឲ្យប្រាប់ដល់អើរ៉ុនថា បើមានអ្នកណាក្នុងពួកកូនចៅឯងនៅអស់ទាំងដំណតរៀងទៅដែលវិកលវិការ នោះមិនត្រូវចូលមកថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ
18. ដ្បិតអ្នកណាដែលវិកលវិការ នោះមិនត្រូវចូលមកជិតឡើយ ដូចជាមនុស្សខ្វាក់ ឬខ្ញើច ឬអ្នកណាដែលមានច្រមុះក្រពិត ឬជើងដៃមិនស្មើគ្នា
19. ឬមនុស្សណាកំពួរជើងដៃ
20. ឬដែលគម ឬតឿ ឬមានស្នាមអ្វីនៅភ្នែក ឬកើតទឹលម៉ូវ ឬស្រែង ឬមានពងខូច
21. អ្នកណាដែលវិកលវិការក្នុងពូជអើរ៉ុនដ៏ជាសង្ឃ នោះមិនត្រូវចូលមកថ្វាយដង្វាយដុតនៃព្រះយេហូវ៉ាទេ អ្នកនោះវិកលវិការហើយ ដូច្នេះ មិនត្រូវចូលទៅថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ
22. អ្នកនោះនឹងបរិភោគអាហាររបស់ព្រះនៃខ្លួនបាន ទោះទាំងដង្វាយបរិសុទ្ធ និងដង្វាយបរិសុទ្ធបំផុតផង
23. ប៉ុន្តែ អ្នកនោះវិកលវិការហើយ បានជាមិនត្រូវចូលទៅឯវាំងនន ឬជិតអាសនាឡើយ ដើម្បីកុំឲ្យបង្អាប់ដល់ទីបរិសុទ្ធរបស់អញ ដ្បិតអញនេះ ជាព្រះយេហូវ៉ា ដែលញែកគេចេញជាបរិសុទ្ធ