គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 20:5-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. នោះ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ព្រម​ទាំង​គ្រួសារ​គេ​ដែរ ហើយ​នឹង​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ ព្រម​ទាំង​អស់​អ្នក​ដែល​ផិត​ទៅ​តាម ដើម្បី​សហាយ‌ស្មន់​នឹង​ព្រះ​ម៉ូឡុក​នោះ​ផង។

6. ឯ​អ្នក​ណា​ដែល​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​ពួក​គ្រូ​មន្ត‌គាថា នឹង​ផិត​ទៅ​តាម​គេ នោះ​អញ​នឹង​តាំង​មុខ​ទាស់​ចំពោះ​អ្នក​នោះ ហើយ​នឹង​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ

7. ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ ហើយ​ឲ្យ​បាន​បរិសុទ្ធ​ចុះ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា

8. ត្រូវ​ឲ្យ​កាន់​អស់​ទាំង​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ

9. ឯ​អស់​អ្នក​ណា​ដែល​បង្អាប់​ដល់​ឪពុក​ម្តាយ​ខ្លួន នោះ​ត្រូវ​សំឡាប់​ចោល​ជា​មិន​ខាន ដ្បិត​បាន​បង្អាប់​ដល់​ឪពុក​ម្តាយ​ខ្លួន​ហើយ ដូច្នេះ ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ។

10. ឯ​អ្នក​ណា​ដែល​សហាយ‌ស្មន់​នឹង​ប្រពន្ធ​គេ គឺ​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​ត្រូវ​សំឡាប់​ចេញ​ទាំង​ប្រុស​ទាំង​ស្រី​ជា​មិន​ខាន

11. បើ​មនុស្ស​ណា​រួម​ដំណេក​នឹង​ប្រពន្ធ​របស់​ឪពុក នោះ​ឈ្មោះ​ថា​បាន​បើក​កេរ‌ខ្មាស​របស់​ឪពុក​ហើយ ត្រូវ​សំឡាប់​អ្នក​ទាំង​២​នោះ​ជា​កុំ​ខាន ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ

12. បើ​មនុស្ស​ណា​រួម​ដំណេក​នឹង​កូន​ប្រសា​ស្រី​របស់​ខ្លួន នោះ​ត្រូវ​ឲ្យ​សំឡាប់​ចោល​ទាំង​២​នាក់​ជា​កុំ​ខាន ដ្បិត​ជា​ការ​ប្រព្រឹត្ត​ច្របូក‌ច្របល់​ដ៏​លាមក ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ

13. បើ​មាន​ប្រុស​ណា​រួម​ដំណេក​នឹង​ប្រុស ដូច​ជា​រួម​នឹង​ស្រី នោះ​អ្នក​ទាំង​២​បាន​ប្រព្រឹត្ត​អំពើ​គួរ​ខ្ពើម​ហើយ ត្រូវ​សំឡាប់​ចេញ​ជា​មិន​ខាន ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ

14. បើ​មនុស្ស​ណា​យក​ទាំង​កូន​ស្រី និង​ម្តាយ​ផង​ធ្វើ​ជា​ប្រពន្ធ នោះ​ជា​ការ​អាក្រក់​ជួជាតិ​ណាស់ ត្រូវ​ដុត​ទាំង​អស់​គ្នា​នឹង​ភ្លើង ដើម្បី​កុំ​ឲ្យ​មាន​អំពើ​អាក្រក់​ជួជាតិ​យ៉ាង​នោះ នៅ​កណ្តាល​ឯង​រាល់​គ្នា​ឡើយ

15. បើ​មនុស្ស​ណា​រួម​សង្វាស​នឹង​សត្វ នោះ​ត្រូវ​ឲ្យ​សំឡាប់​ចោល​ជា​កុំ​ខាន ហើយ​ទាំង​សត្វ​នោះ​ក៏​ត្រូវ​សំឡាប់​ដែរ

16. បើ​ស្ត្រី​ណា​ចូល​ទៅ​ជិត​សត្វ​ណា ហើយ​រួម​សង្វាស​ជា​មួយ នោះ​ត្រូវ​សំឡាប់​ស្ត្រី ព្រម​ទាំង​សត្វ​នោះ​ផង ត្រូវ​សំឡាប់​ទាំង​២ កុំ​ខាន ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ។

17. បើ​មនុស្ស​ណា​យក​បង ឬ​ប្អូន​ស្រី​ខ្លួន ទោះ​បើ​ជា​កូន​ខាង​ឪពុក ឬ​ម្តាយ​ខ្លួន​ក្តី ហើយ​ក៏​ឃើញ​កេរ‌ខ្មាស​នាង នាង​ក៏​ឃើញ​កេរ‌ខ្មាស​របស់​ប្រុស​នោះ យ៉ាង​នោះ​ជា​ការ​គួរ​ខ្មាស​ហើយ អ្នក​ទាំង​២​នឹង​ត្រូវ​កាត់‌កាល់​ចេញ​នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​បាន​បើក​កេរ‌ខ្មាស​បង ឬ​ប្អូន​ស្រី​ខ្លួន អ្នក​នោះ​ត្រូវ​ទ្រាំ​ទ្រ​នឹង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន

សូមអានជំពូកពេញលេញ លេវីវិន័យ 20