ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ទោស​សំរាប់​បទ​ឧក្រិដ្ឋ​ផ្សេងៗ

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2. ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពី​សេចក្ដី​នេះ​ទៀត​ដែរ​ថា បើ​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ក្នុង​ពួក​អ្នក​ប្រទេស​ក្រៅ ជា​អ្នក​អាស្រ័យ​នៅ​ជា​មួយ​គ្នា ដែល​ថ្វាយ​កូន​ខ្លួន​ទៅ​ព្រះ​ម៉ូឡុក នោះ​ត្រូវ​ឲ្យ​ពួក​បណ្តា‌ជន​នៅ​ក្នុង​ស្រុក​សំឡាប់​អ្នក​នោះ​ចេញ ដោយ​ចោល​នឹង​ថ្ម​ជា​កុំ​ខាន

3. អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ហើយ​នឹង​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ ពី​ព្រោះ​បាន​ឲ្យ​កូន​ខ្លួន​ទៅ​ព្រះ​ម៉ូឡុក ទាំង​នាំ​ឲ្យ​ទី​បរិសុទ្ធ​អញ​ទៅ​ជា​ស្មោក‌គ្រោក ហើយ​បង្អាប់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ផង

4. បើ​សិន​ជា​បណ្តា‌ជន​នៅ​ស្រុក​នោះ​គេ​ធ្មេច​ភ្នែក ក្នុង​កាល​ដែល​អ្នក​នោះ​ឲ្យ​កូន​ខ្លួន​ទៅ​ព្រះ​ម៉ូឡុក​ដូច្នេះ ហើយ​មិន​សំឡាប់​អ្នក​នោះ​ចោល

5. នោះ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ព្រម​ទាំង​គ្រួសារ​គេ​ដែរ ហើយ​នឹង​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ ព្រម​ទាំង​អស់​អ្នក​ដែល​ផិត​ទៅ​តាម ដើម្បី​សហាយ‌ស្មន់​នឹង​ព្រះ​ម៉ូឡុក​នោះ​ផង។

6. ឯ​អ្នក​ណា​ដែល​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​ពួក​គ្រូ​មន្ត‌គាថា នឹង​ផិត​ទៅ​តាម​គេ នោះ​អញ​នឹង​តាំង​មុខ​ទាស់​ចំពោះ​អ្នក​នោះ ហើយ​នឹង​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ

7. ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ ហើយ​ឲ្យ​បាន​បរិសុទ្ធ​ចុះ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា

8. ត្រូវ​ឲ្យ​កាន់​អស់​ទាំង​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ

9. ឯ​អស់​អ្នក​ណា​ដែល​បង្អាប់​ដល់​ឪពុក​ម្តាយ​ខ្លួន នោះ​ត្រូវ​សំឡាប់​ចោល​ជា​មិន​ខាន ដ្បិត​បាន​បង្អាប់​ដល់​ឪពុក​ម្តាយ​ខ្លួន​ហើយ ដូច្នេះ ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ។

10. ឯ​អ្នក​ណា​ដែល​សហាយ‌ស្មន់​នឹង​ប្រពន្ធ​គេ គឺ​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​ត្រូវ​សំឡាប់​ចេញ​ទាំង​ប្រុស​ទាំង​ស្រី​ជា​មិន​ខាន

11. បើ​មនុស្ស​ណា​រួម​ដំណេក​នឹង​ប្រពន្ធ​របស់​ឪពុក នោះ​ឈ្មោះ​ថា​បាន​បើក​កេរ‌ខ្មាស​របស់​ឪពុក​ហើយ ត្រូវ​សំឡាប់​អ្នក​ទាំង​២​នោះ​ជា​កុំ​ខាន ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ

12. បើ​មនុស្ស​ណា​រួម​ដំណេក​នឹង​កូន​ប្រសា​ស្រី​របស់​ខ្លួន នោះ​ត្រូវ​ឲ្យ​សំឡាប់​ចោល​ទាំង​២​នាក់​ជា​កុំ​ខាន ដ្បិត​ជា​ការ​ប្រព្រឹត្ត​ច្របូក‌ច្របល់​ដ៏​លាមក ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ

13. បើ​មាន​ប្រុស​ណា​រួម​ដំណេក​នឹង​ប្រុស ដូច​ជា​រួម​នឹង​ស្រី នោះ​អ្នក​ទាំង​២​បាន​ប្រព្រឹត្ត​អំពើ​គួរ​ខ្ពើម​ហើយ ត្រូវ​សំឡាប់​ចេញ​ជា​មិន​ខាន ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ

14. បើ​មនុស្ស​ណា​យក​ទាំង​កូន​ស្រី និង​ម្តាយ​ផង​ធ្វើ​ជា​ប្រពន្ធ នោះ​ជា​ការ​អាក្រក់​ជួជាតិ​ណាស់ ត្រូវ​ដុត​ទាំង​អស់​គ្នា​នឹង​ភ្លើង ដើម្បី​កុំ​ឲ្យ​មាន​អំពើ​អាក្រក់​ជួជាតិ​យ៉ាង​នោះ នៅ​កណ្តាល​ឯង​រាល់​គ្នា​ឡើយ

15. បើ​មនុស្ស​ណា​រួម​សង្វាស​នឹង​សត្វ នោះ​ត្រូវ​ឲ្យ​សំឡាប់​ចោល​ជា​កុំ​ខាន ហើយ​ទាំង​សត្វ​នោះ​ក៏​ត្រូវ​សំឡាប់​ដែរ

16. បើ​ស្ត្រី​ណា​ចូល​ទៅ​ជិត​សត្វ​ណា ហើយ​រួម​សង្វាស​ជា​មួយ នោះ​ត្រូវ​សំឡាប់​ស្ត្រី ព្រម​ទាំង​សត្វ​នោះ​ផង ត្រូវ​សំឡាប់​ទាំង​២ កុំ​ខាន ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ។

17. បើ​មនុស្ស​ណា​យក​បង ឬ​ប្អូន​ស្រី​ខ្លួន ទោះ​បើ​ជា​កូន​ខាង​ឪពុក ឬ​ម្តាយ​ខ្លួន​ក្តី ហើយ​ក៏​ឃើញ​កេរ‌ខ្មាស​នាង នាង​ក៏​ឃើញ​កេរ‌ខ្មាស​របស់​ប្រុស​នោះ យ៉ាង​នោះ​ជា​ការ​គួរ​ខ្មាស​ហើយ អ្នក​ទាំង​២​នឹង​ត្រូវ​កាត់‌កាល់​ចេញ​នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​បាន​បើក​កេរ‌ខ្មាស​បង ឬ​ប្អូន​ស្រី​ខ្លួន អ្នក​នោះ​ត្រូវ​ទ្រាំ​ទ្រ​នឹង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន

18. បើ​មនុស្ស​ណា​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ដែល​មាន​រដូវ ហើយ​បើក​កេរ‌ខ្មាស​នាង​នោះ នោះ​ឈ្មោះ​ថា​បាន​សំរាត​ក្បាល​ឈាម​នាង ហើយ​នាង​ក៏​បាន​បើក​ក្បាល​ឈាម​ខ្លួន​ដែរ អ្នក​ទាំង​២​នោះ​ត្រូវ​កាត់‌កាល់​ពី​សាសន៍​របស់​ខ្លួន​ចេញ

19. មិន​ត្រូវ​ឲ្យ​បើក​កេរ‌ខ្មាស​ម្តាយ​ធំ ឬ​ម្តាយ​មីង​ខាង​ម្តាយ ឬ​ខាង​ឪពុក​ឯង​ឡើយ ដ្បិត​យ៉ាង​នោះ ឈ្មោះ​ថា​បាន​បក​កេរ​ញាតិ​សន្តាន​ជិត‌ដិត​នឹង​ខ្លួន​ហើយ អ្នក​ទាំង​២​នោះ​នឹង​ត្រូវ​ទ្រាំទ្រ​នឹង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន

20. ឬ​បើ​មនុស្ស​ណា​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​ឪពុក​ធំ ឬ​ឪពុក​មា នោះ​ឈ្មោះ​ថា​បាន​បើក​កេរ‌ខ្មាស​របស់​ឪពុក​ធំ​ឬ​មា​ខ្លួន​ហើយ អ្នក​ទាំង​២​នោះ​នឹង​ត្រូវ​ទ្រាំទ្រ​នឹង​អំពើ​បាប​របស់​ខ្លួន គេ​នឹង​ស្លាប់​ទៅ​ឥត​មាន​កូន

21. បើ​មនុស្ស​ណា​យក​ប្រពន្ធ​របស់​បង ឬ​របស់​ប្អូន​ខ្លួន នោះ​គឺ​ជា​ការ​ស្មោក‌គ្រោក​ហើយ អ្នក​នោះ​បាន​បើក​កេរ‌ខ្មាស​បង ឬ​ប្អូន​ខ្លួន គេ​នឹង​នៅ​ឥត​មាន​កូន​ឡើយ។

22. ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង ក្រែង​ស្រុក​ដែល​អញ​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​នៅ​នោះ បាន​ក្អួត​ឯង​ចេញ​ដែរ

23. មិន​ត្រូវ​ឲ្យ​ដើរ​តាម​អស់​ទាំង​ទំនៀម​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​អញ​បណ្តេញ​ពី​មុខ​ឯង​រាល់​គ្នា​ចេញ​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ហើយ បាន​ជា​អញ​ខ្ពើម​ឆ្អើម​ដល់​គេ

24. តែ​អញ​បាន​ប្រាប់​ឯង​រាល់​គ្នា​ហើយ​ថា ឯង​រាល់​គ្នា​នឹង​ទទួល​ស្រុក​របស់​គេ​ទុក​ជា​មរដក អញ​នឹង​ឲ្យ​ស្រុក​នោះ​ទៅ​ជា​កេរ‌អាករ​ដល់​ឯង​រាល់​គ្នា ជា​ស្រុក​ដែល​មាន​ទឹក​ដោះ ហើយ​នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​បាន​ញែក​ឯង​ចេញ​ពី​អស់​ទាំង​សាសន៍​ដទៃ​ហើយ

25. ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចេះ​សំគាល់​សត្វ​ជើង​៤ ដែល​ស្អាត និង​សត្វ​ដែល​មិន​ស្អាត ហើយ​សត្វ​ស្លាប​ដែល​មិន​ស្អាត និង​សត្វ​ស្លាប​ដែល​ស្អាត​ចុះ មិន​ត្រូវ​ឲ្យ​នាំ​ខ្លួន​ទៅ​ជា​ស្មោក‌គ្រោក​ដោយ​សត្វ​ជើង​៤ ឬ​សត្វ​ស្លាប ឬ​សត្វ​លូន​វារ​នៅ​ដី ដែល​អញ​បាន​ញែក​ចេញ​ពី​ឯង​រាល់​គ្នា ទុក​ជា​មិន​ស្អាត​នោះ​ឡើយ

26. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ​ដល់​អញ ដ្បិត​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា អញ​បរិសុទ្ធ ហើយ​អញ​បាន​ញែក​ឯង​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍​ដទៃ ដើម្បី​ឲ្យ​បាន​ជា​របស់​ផង​អញ​វិញ។

27. មនុស្ស​ប្រុស ឬ​ស្រី​ណា​ដែល​ធ្វើ​ជា​គ្រូ​ខាប ឬ​ជា​គ្រូ​មន្ត‌គាថា នោះ​ត្រូវ​សំឡាប់​ចោល​ជា​កុំ​ខាន ត្រូវ​ចោល​គេ​នឹង​ថ្ម​ទៅ ឈាម​គេ​ត្រូវ​ធ្លាក់​លើ​គេ​វិញ។