គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 16:17-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ត្រសាល​ជំនុំ ក្នុង​កាល​ដែល​លោក​ចូល​ទៅ ធ្វើ​ឲ្យ​ធួន​នឹង​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ​ឡើយ ដរាប​ដល់​ចេញ​មក​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ពូជ‌ពង្ស ហើយ​នឹង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង

18. រួច​ត្រូវ​ឲ្យ​លោក​ចេញ​ទៅ​ឯ​អាសនា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​អាសនា​នោះ ដោយ​យក​ឈាម​គោ​ឈ្មោល និង​ឈាម​ពពែ​នោះ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ជុំវិញ

19. ត្រូវ​ប្រោះ​ឈាម​នោះ​ដោយ​ម្រាម​ដៃ​អស់​៧​ដង​ទៅ​លើ​អាសនា ព្រម​ទាំង​ញែក​ចេញ​ជា​ស្អាត ឲ្យ​បាន​បរិសុទ្ធ រួច​ពី​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

20. កាល​អើរ៉ុន​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ព្រម​ទាំង​ត្រសាល​ជំនុំ និង​អាសនា​រួច​ហើយ នោះ​ត្រូវ​នាំ​ពពែ​១​ដែល​នៅ​រស់​នោះ​មក

21. រួច​ដាក់​ដៃ​ទាំង​២​នៅ​លើ​ក្បាល​ពពែ​នោះ លន់‌តួ​ពី​អស់​ទាំង​សេចក្ដី​ទុច្ចរិត និង​អស់​ទាំង​សេចក្ដី​រំលង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់ ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ឯ​ទី​រហោ‌ស្ថាន

22. ឯ​ពពែ​នោះ​ត្រូវ​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុច្ចរិត​របស់​គេ លើ​ខ្លួន​ចេញ​ទៅ​ឯ​ទី​តំបន់​សូន្យ​ស្ងាត់ រួច​អ្នក​នោះ​ត្រូវ​លែង​វា​នៅ​ទី​រហោ‌ស្ថាន​នោះ។

23. រួច​អើរ៉ុន​ត្រូវ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​វិញ ដោះ​សំលៀក‌បំពាក់​ខ្លូត‌ទេស​ដែល​បាន​ស្លៀក‌ពាក់ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​នោះ​ចេញ​ទុក​នៅ​ទី​នោះ

24. រួច​មក​ត្រូវ​ងូត​ទឹក​ត្រង់​កន្លែង​បរិសុទ្ធ ហើយ​ស្លៀក‌ពាក់​ឡើង​វិញ ចេញ​មក​ថ្វាយ​ដង្វាយ​ដុត​របស់​ខ្លួន និង​ដង្វាយ​ដុត​របស់​ពួក​ជន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន ហើយ​នឹង​ពួក​ជន​ផង

25. ឯ​ខ្លាញ់​នៃ​ដង្វាយ​លោះ​បាប នោះ​ត្រូវ​ដុត​នៅ​លើ​អាសនា

26. ចំណែក​អ្នក​ដែល​ដឹក​ពពែ​ទៅ​បំបរ‌បង់​នោះ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ ទើប​នឹង​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​បាន

27. ឯ​គោ​ឈ្មោល​នៃ​ដង្វាយ​លោះ​បាប និង​ពពែ​នៃ​ដង្វាយ​លោះ​បាប​នោះ ដែល​បាន​យក​ឈាម​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ឲ្យ​ធួន​នឹង​បាប នោះ​ត្រូវ​លើក​យក​ចេញ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល រួច​ត្រូវ​ដុត​ទាំង​ស្បែក​ទាំង​សាច់ និង​លាមក​ទៅ

28. ឯ​អ្នក​ណា​ដែល​ដុត​សត្វ​ទាំង​២​នោះ ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ​ដែរ ទើប​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​បាន។

29. នេះ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា​នៅ​អស់​កល្ប‌ជានិច្ច គឺ​នៅ​ថ្ងៃ​១០​ខែ​អស្សុជ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បញ្ឈឺ​ចិត្ត​ខ្លួន​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ទាំង​អ្នក​ស្រុក ឬ​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​ផង

30. ដ្បិត​នៅ​ថ្ងៃ​នោះ​នឹង​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​ញែក​ចេញ​ជា​ស្អាត នោះ​ឯង​រាល់​គ្នា​នឹង​បាន​ស្អាត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

31. នេះ​ជា​ថ្ងៃ​ឈប់​សំរាក​សំរាប់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​បញ្ឈឺ​ចិត្ត​ខ្លួន នេះ​គឺ​ជា​ច្បាប់​នៅ​អស់‌កល្ប‌ជានិច្ច

32. ឯ​អ្នក​ណា​ដែល​គេ​ចាក់​ប្រេង​តាំង​ឡើង​ជា​សង្ឃ​ជំនួស​ឪពុក​ខ្លួន សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​បាប ហើយ​ត្រូវ​ស្លៀក​សំលៀក‌បំពាក់​ខ្លូត‌ទេស គឺ​ជា​សំលៀក‌បំពាក់​បរិសុទ្ធ​នោះ

សូមអានជំពូកពេញលេញ លេវីវិន័យ 16