ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ក្រឹត្យ‌វិន័យ​ស្តី​អំពី​ពិធី​រំលោះ​បាប​ប្រចាំ​ឆ្នាំ

1. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ក្នុង​ពេល​ក្រោយ​ដែល​កូន​អើរ៉ុន​ទាំង​២​បាន​ត្រូវ​ស្លាប់ ដោយ​ព្រោះ​បាន​ចូល​ទៅ​ចំពោះ​ទ្រង់

2. គឺ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ហាម​ដល់​អើរ៉ុន​បង​ឯង កុំ​ឲ្យ​ចូល​ជា​រាល់​ពេល​មក​ក្នុង​ទី​បរិសុទ្ធ​ខាង​ក្នុង​វាំង​នន នៅ​មុខ​ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហឹប​នោះ​ឡើយ ក្រែង​លោ​ត្រូវ​ស្លាប់ ដ្បិត​អញ​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​ទី​សន្តោស​ប្រោស

3. នេះ​ហើយ​ជា​ច្បាប់ ដែល​អើរ៉ុន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បាន គឺ​ដោយ​យក​គោ​ឈ្មោល​ស្ទាវ​១​មក សំរាប់​ជា​ដង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​ដុត

4. ត្រូវ​ឲ្យ​ពាក់​អាវ​ខ្លូត‌ទេស​បរិសុទ្ធ និង​ស្លៀក​ខោ​ស្នាប់​ភ្លៅ​ខ្លូត‌ទេស ព្រម​ទាំង​ក្រវាត់​ខ្សែ​ក្រវាត់​ខ្លូត‌ទេស ហើយ​ពាក់​មួក​ខ្លូត‌ទេស​នៅ​ក្បាល នោះ​ជា​សំលៀក‌បំពាក់​បរិសុទ្ធ បាន​ជា​ត្រូវ​ឲ្យ​ងូត​ទឹក​សិន រួច​សឹម​ស្លៀក‌ពាក់​របស់​ទាំង​នោះ​ជា​ខាង​ក្រោយ

5. រួច​ត្រូវ​យក​ពពែ​ឈ្មោល​២ សំរាប់​ជា​ដង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​ដុត ពី​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល។

6. អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​នោះ ទុក​ជា​ដង្វាយ​ថ្វាយ​ដោយ​ព្រោះ​ខ្លួន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន ហើយ​នឹង​ពូជ‌ពង្ស​ផង

7. រួច​ត្រូវ​យក​ពពែ​ឈ្មោល​ទាំង​២​នោះ ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ

8. ហើយ​ចាប់​ឆ្នោត​ពពែ​ទាំង​២​នោះ ១​សំរាប់​ព្រះ‌យេហូវ៉ា ១​ទៀត​សំរាប់​បំបរ‌បង់​ទៅ

9. អើរ៉ុន​ត្រូវ​យក​ពពែ ដែល​ចាប់​ឆ្នោត​ត្រូវ​សំរាប់​ព្រះ‌យេហូវ៉ា មក​ថ្វាយ​ទុក​ជា​ដង្វាយ​លោះ​បាប

10. តែ​ឯ​ពពែ​ដែល​ចាប់​ឆ្នោត​ត្រូវ​សំរាប់​បំបរ‌បង់​ទៅ នោះ​ត្រូវ​យក​មក​ដាក់​ទាំង​រស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ធួន​នឹង​បាប រួច​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​លែង​ឯ​ទី​រហោ‌ស្ថាន។

11. ត្រូវ​ឲ្យ​អើរ៉ុន​នាំ​គោ​ឈ្មោល​នៃ​ដង្វាយ​លោះ​បាប ដែល​សំរាប់​ខ្លួន​មក​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​នឹង​ពូជ‌ពង្ស​ដែរ រួច​សំឡាប់​គោ​នោះ​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន

12. ត្រូវ​ឲ្យ​យក​ជើង‌ពាន​ដាក់​ពេញ​ដោយ​រងើក​ភ្លើង ពី​លើ​អាសនា​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​យក​គ្រឿង​ក្រអូប​ដែល​បុក​យ៉ាង​ម៉ដ្ត ចំនួន​២​ក្តាប់ នាំ​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន

13. រួច​រោយ​ចុះ​នៅ​លើ​ភ្លើង​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ផ្សែង​នៃ​គ្រឿង​ក្រអូប​នោះ​ហុយ​ឡើង ទៅ​បាំង​ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហឹប​នៃ​សេចក្ដី​បន្ទាល់ ក្រែង​លោ​ត្រូវ​ស្លាប់

14. ហើយ​ត្រូវ​យក​ឈាម​គោ​នោះ ទៅ​ប្រោះ​ដោយ​ម្រាម​ដៃ​លើ​ប៉ែក​ខាង​កើត នៃ​ទី​សន្តោស​ប្រោស ឯ​ខាង​មុខ​ទី​សន្តោស​ប្រោស ក៏​ត្រូវ​ប្រោះ​ឈាម​ដោយ​ម្រាម​ដៃ​អស់​៧​ដង​ដែរ។

15. រួច​អើរ៉ុន​ត្រូវ​សំឡាប់​ពពែ​ឈ្មោល​នៃ​ដង្វាយ​លោះ​បាប​ដែល​ថ្វាយ​សំរាប់​ពួក​ជន ហើយ​យក​ឈាម​នាំ​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន ទាំង​ប្រោះ​ឈាម​ពពែ​នោះ​ដូច​ជា​បាន​ប្រោះ​ឈាម​គោ​ឈ្មោល​ដែរ គឺ​ត្រូវ​ប្រោះ​ឈាម​នៅ​លើ​ទី​សន្តោស​ប្រោស ហើយ​នៅ​ខាង​មុខ​ដែរ

16. ដូច្នេះ នឹង​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​អស់​ទាំង​សេចក្ដី​រំលង​របស់​គេ គឺ​អស់​ទាំង​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ធ្វើ​ដូច្នោះ​ឲ្យ​បាន​ធួន​នឹង​ត្រសាល​ជំនុំ ដែល​នៅ​ជា​មួយ​នឹង​គេ គឺ​នៅ​កណ្តាល​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ

17. មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ត្រសាល​ជំនុំ ក្នុង​កាល​ដែល​លោក​ចូល​ទៅ ធ្វើ​ឲ្យ​ធួន​នឹង​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ​ឡើយ ដរាប​ដល់​ចេញ​មក​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ពូជ‌ពង្ស ហើយ​នឹង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង

18. រួច​ត្រូវ​ឲ្យ​លោក​ចេញ​ទៅ​ឯ​អាសនា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​អាសនា​នោះ ដោយ​យក​ឈាម​គោ​ឈ្មោល និង​ឈាម​ពពែ​នោះ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ជុំវិញ

19. ត្រូវ​ប្រោះ​ឈាម​នោះ​ដោយ​ម្រាម​ដៃ​អស់​៧​ដង​ទៅ​លើ​អាសនា ព្រម​ទាំង​ញែក​ចេញ​ជា​ស្អាត ឲ្យ​បាន​បរិសុទ្ធ រួច​ពី​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

20. កាល​អើរ៉ុន​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ព្រម​ទាំង​ត្រសាល​ជំនុំ និង​អាសនា​រួច​ហើយ នោះ​ត្រូវ​នាំ​ពពែ​១​ដែល​នៅ​រស់​នោះ​មក

21. រួច​ដាក់​ដៃ​ទាំង​២​នៅ​លើ​ក្បាល​ពពែ​នោះ លន់‌តួ​ពី​អស់​ទាំង​សេចក្ដី​ទុច្ចរិត និង​អស់​ទាំង​សេចក្ដី​រំលង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់ ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ឯ​ទី​រហោ‌ស្ថាន

22. ឯ​ពពែ​នោះ​ត្រូវ​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុច្ចរិត​របស់​គេ លើ​ខ្លួន​ចេញ​ទៅ​ឯ​ទី​តំបន់​សូន្យ​ស្ងាត់ រួច​អ្នក​នោះ​ត្រូវ​លែង​វា​នៅ​ទី​រហោ‌ស្ថាន​នោះ។

23. រួច​អើរ៉ុន​ត្រូវ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​វិញ ដោះ​សំលៀក‌បំពាក់​ខ្លូត‌ទេស​ដែល​បាន​ស្លៀក‌ពាក់ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​នោះ​ចេញ​ទុក​នៅ​ទី​នោះ

24. រួច​មក​ត្រូវ​ងូត​ទឹក​ត្រង់​កន្លែង​បរិសុទ្ធ ហើយ​ស្លៀក‌ពាក់​ឡើង​វិញ ចេញ​មក​ថ្វាយ​ដង្វាយ​ដុត​របស់​ខ្លួន និង​ដង្វាយ​ដុត​របស់​ពួក​ជន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន ហើយ​នឹង​ពួក​ជន​ផង

25. ឯ​ខ្លាញ់​នៃ​ដង្វាយ​លោះ​បាប នោះ​ត្រូវ​ដុត​នៅ​លើ​អាសនា

26. ចំណែក​អ្នក​ដែល​ដឹក​ពពែ​ទៅ​បំបរ‌បង់​នោះ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ ទើប​នឹង​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​បាន

27. ឯ​គោ​ឈ្មោល​នៃ​ដង្វាយ​លោះ​បាប និង​ពពែ​នៃ​ដង្វាយ​លោះ​បាប​នោះ ដែល​បាន​យក​ឈាម​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ឲ្យ​ធួន​នឹង​បាប នោះ​ត្រូវ​លើក​យក​ចេញ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល រួច​ត្រូវ​ដុត​ទាំង​ស្បែក​ទាំង​សាច់ និង​លាមក​ទៅ

28. ឯ​អ្នក​ណា​ដែល​ដុត​សត្វ​ទាំង​២​នោះ ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ​ដែរ ទើប​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​បាន។

29. នេះ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា​នៅ​អស់​កល្ប‌ជានិច្ច គឺ​នៅ​ថ្ងៃ​១០​ខែ​អស្សុជ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បញ្ឈឺ​ចិត្ត​ខ្លួន​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ទាំង​អ្នក​ស្រុក ឬ​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​ផង

30. ដ្បិត​នៅ​ថ្ងៃ​នោះ​នឹង​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​ញែក​ចេញ​ជា​ស្អាត នោះ​ឯង​រាល់​គ្នា​នឹង​បាន​ស្អាត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

31. នេះ​ជា​ថ្ងៃ​ឈប់​សំរាក​សំរាប់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​បញ្ឈឺ​ចិត្ត​ខ្លួន នេះ​គឺ​ជា​ច្បាប់​នៅ​អស់‌កល្ប‌ជានិច្ច

32. ឯ​អ្នក​ណា​ដែល​គេ​ចាក់​ប្រេង​តាំង​ឡើង​ជា​សង្ឃ​ជំនួស​ឪពុក​ខ្លួន សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​បាប ហើយ​ត្រូវ​ស្លៀក​សំលៀក‌បំពាក់​ខ្លូត‌ទេស គឺ​ជា​សំលៀក‌បំពាក់​បរិសុទ្ធ​នោះ

33. សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ​បំផុត និង​ត្រសាល​ជំនុំ ហើយ​អាសនា ព្រម​ទាំង​ពួក​សង្ឃ ហើយ​នឹង​អស់​អ្នក​ទាំង​ប៉ុន្មាន​ក្នុង​ជំនុំ​ជន​ផង

34. នេះ​ហើយ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា នៅ​អស់‌កល្ប‌ជានិច្ច ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​១​ឆ្នាំ​ម្តង ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​គេ លោក​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។