គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 13:44-57 ព្រះគម្ពីរបរិសុទ្ធ (KHOV)

44. នោះ​គឺ​ជា​ឃ្លង់​ហើយ ជា​មនុស្ស​ស្មោក‌គ្រោក ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ជា​កុំ​ខាន​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត ដ្បិត​មាន​រោគ​នៅ​លើ​ក្បាល​ហើយ។

45. ឯ​មនុស្ស​ណា​ដែល​កើត​ឃ្លង់ នោះ​ត្រូវ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច ហើយ​នៅ​ក្បាល​ទទេ ត្រូវ​គ្រប​បបូរ‌មាត់​ខាង​លើ ហើយ​ស្រែក​ថា ខ្ញុំ​ស្មោក‌គ្រោកៗ

46. អ្នក​នោះ​នឹង​នៅ​តែ​ស្មោក‌គ្រោក​ជានិច្ច គ្រប់​វេលា​ដែល​នៅ​មាន​រោគ​នៅ​ឡើយ អ្នក​នោះ​ជា​មនុស្ស​ស្មោក‌គ្រោក​ពិត ត្រូវ​ឲ្យ​នៅ​តែ​ឯង ហើយ​មាន​លំនៅ​ជា​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ផង។

47. ឯ​សំលៀក‌បំពាក់​ដែល​មាន​រោគ​ឃ្លង់ ទោះ​បើ​ធ្វើ​ពី​រោម​ចៀម ឬ​ពី​ខ្លូត‌ទេស

48. ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់ ពី​អំបោះ​ខ្លូត‌ទេស និង​ពី​រោម​ចៀម​ក្តី ឬ​កើត​នៅ​ស្បែក ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី

49. បើ​រោគ​នោះ​មាន​សម្បុរ​បៃតង​ខ្ចី ឬ​ក្រហម​ប្រឿង​នៅ​ក្នុង​សំលៀក‌បំពាក់​នោះ ទោះ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​ស្បែក​នោះ ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី នោះ​គឺ​ជា​រោគ​ឃ្លង់​ហើយ ត្រូវ​ឲ្យ​បង្ហាញ​ដល់​សង្ឃ

50. ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល រួច​យក​របស់​ដែល​មាន​រោគ​នោះ ទៅ​បង្ខាំង​ទុក​គ្រប់​៧​ថ្ងៃ

51. ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​ឃើញ​ថា បាន​រាល‌ដាល​ធំ​ឡើង​នៅ​សំលៀក‌បំពាក់​នោះ ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់ ឬ​នៅ​ស្បែក​នោះ ដែល​ជា​ស្បែក​ប្រើ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​គឺ​ជា​រោគ​ដែល​ស៊ី​បង្ខូច​របស់​នោះ​ស្មោក‌គ្រោក​ហើយ

52. ត្រូវ​ដុត​សំលៀក‌បំពាក់​នោះ​ចោល ទោះ​បើ​ធ្វើ​ពី​រោម​ចៀម ឬ​ពី​ខ្លូត‌ទេស ដែល​កើត​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់​ក្តី ព្រម​ទាំង​របស់​អ្វី​ធ្វើ​ពី​ស្បែក​ដែល​មាន​រោគ​នោះ​ផង ដ្បិត​រោគ​នោះ គឺ​ជា​ឃ្លង់​ដែល​ស៊ី​បង្ខូច ត្រូវ​ដុត​នឹង​ភ្លើង​ទៅ។

53. តែ​បើ​សង្ឃ​ពិនិត្យ​មើល​ទៅ​ឃើញ​ថា រោគ​នោះ​មិន​បាន​រាល‌ដាល​ឡើង​នៅ​សំលៀក‌បំពាក់​នោះ​ទេ ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់​ក្តី ឬ​នៅ​របស់​អ្វី​ដែល​ធ្វើ​ពី​ស្បែក​នោះ​ដែរ

54. នោះ​ត្រូវ​ឲ្យ​សង្ឃ​បង្គាប់​ឲ្យ​លាង​របស់​ដែល​មាន​រោគ​នោះ​ចេញ រួច​ត្រូវ​យក​ទៅ​បង្ខាំង​ទុក​៧​ថ្ងៃ​ទៀត

55. ក្រោយ​ដែល​បាន​លាង​រួច​ហើយ នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​ទៀត បើ​ឃើញ​ថា រោគ​នោះ​មិន​បាន​ប្រែ​សម្បុរ​ទេ ក៏​មិន​បាន​រាល‌ដាល​ឡើង​ផង របស់​នោះ​ស្មោក‌គ្រោក​ហើយ ត្រូវ​ដុត​ចោល​ក្នុង​ភ្លើង​ទៅ ដ្បិត​ជា​រោគ​ស៊ី​បង្ខូច​ពិត ទោះ​បើ​ខាង​ក្នុង ឬ​ខាង​ក្រៅ​ក្តី

56. បើ​សង្ឃ​ពិនិត្យ​មើល​ឃើញ​ថា រោគ​នោះ​ចង់​ស្រអាប់​ហើយ ក្នុង​ពេល​ក្រោយ​ដែល​បាន​លាង​ចេញ នោះ​ត្រូវ​ហែក​ត្រង់​ដុំ​នោះ​ពី​សំលៀក‌បំពាក់ ឬ​ពី​ស្បែក​នោះ ពី​អំបោះ​អន្ទង ឬ​ពី​អំបោះ​ចាក់​យក​ចេញ

57. រួច​បើ​ចេះ​តែ​លេច​មក​នៅ​សំលៀក‌បំពាក់​នោះ​ទៀត ទោះ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី នោះ​គឺ​ជា​ដំណួច​រោគ​ឃ្លង់​ហើយ ត្រូវ​តែ​យក​របស់​ដែល​មាន​រោគ​នោះ​ទៅ​ដុត​នឹង​ភ្លើង​ទៅ

សូមអានជំពូកពេញលេញ លេវីវិន័យ 13